ក្រុងប៉ារីស: នៅក្នុងដួងចិត្ដមនុស្សភាគច្រើន រថយន្ដ Bugatti Chiron តំណាងឲ្យវត្ថុសំណព្វចិត្ដដ៏វិសេស។
ម៉ូដែលប្រណីត ៥០០ គ្រឿងប៉ុណ្ណោះនឹងត្រូវបានផលិតឡើងសម្រាប់រយៈពេល ៨ ឆ្នាំ ដោយបង្ហាញវត្ដមានលើទីផ្សាររថយន្ដក្នុងតម្លៃជាង ២,៦៥ លានដុល្លារ។
ប៉ុន្ដែតើដឹងពីបញ្ហាជាមួយ Bugatti Chiron ឬទេ? វាមិនអាចបរកាត់ទឹកបានឡើយ។ ម្ចាស់ Chiron លុយចាយមិនអស់ដ៏គួរឲ្យអាណិតទាំងនោះនឹងត្រូវទិញម៉ូដែលយីហោផ្សេងៗសម្រាប់ការធ្វើដំណើរផ្លូវទឹក ដែលពួកគេមិនចង់អ៊ីចឹងឡើយ។
Bugatti បានដឹងពីបញ្ហានេះ និងខិតខំផលិតនាវាកម្សាន្ដតាមលំនាំរថយន្ដ Chiron ក្រោមជំនួយពីក្រុមហ៊ុនផលិតទូកអូទ័រ ផាម័រ ចនសុន។
ក្រុមហ៊ុនទាំងពីរបានធ្វើកិច្ចសហការផលិតនាវាកម្សាន្ដតាំងពីឆ្នាំ ២០១៥ តែយោងតាម ផាម័រ ចនសុន ការឌីហ្សាញមានលក្ខណៈខុសប្លែក ហើយក្រោយមកទើបកែកុនឲ្យមើលទៅដូចបងប្អូននឹង Chiron។ វាស្ទើរតែដូចទូកល្បឿនលឿនប្រភេទកំពូលរថយន្ដ។
អូទ័រ Bugatti Niniette 66 ត្រូវបានផលិតឡើងសម្រាប់ផ្គាប់ចិត្ដអ្នកដែលប្រាថ្នាចង់ប្រើផលិតផលប្រណីតៗយីហោតែមួយ។
នាវាកម្សាន្ដប្រណីតនេះមានរូបរាងអក្សរ «C» ឬ «សែស្រឡាយ Bugatti» ដូច Chiron ដែរ និងរចនាជាពីរពណ៌ឲ្យស័ក្ដិសមនឹងកំពូលរថយន្ដដោយបំពាក់សម្បកស្បែកក្រែប។ តួនាវាបើកដំបូលរំលេចឲ្យឃើញនូវកៅអីស្បែកសត្វ និងស្បែកក្រែប ពណ៌ខៀវផ្ទៃមេឃបែបធម្មជាតិ ហើយមានអាងទឹកក្ដៅតូចមួយ រួមទាំងកន្លែងដាក់ស្រាសំប៉ាញ ចង្ក្រានអាំងសាច់ គ្រែសំដិលថ្ងៃ និងកន្លែងអង្គុយលេងផងដែរ។
ចំពោះបរិវេណផ្ទៃក្នុងឃ្លុបខាងមុខរបស់វាវែងជាគម្របមុខរថយន្ដ Chiron ស្ដួចលយទៅមុខសម្រាប់ពុះជ្រែកហែកផ្ទៃទឹក។ ចំណែកបន្ទប់គេង ត្រូវបានឌីហ្សាញឡើងតាមរចនាប័ទ្មស្រដៀងគ្នាដែរ ដោយគ្រែមួយសម្រាប់មនុស្សពីរនាក់។
រចនាឡើងសម្រាប់មនុស្សពីរនាក់គេងរួមគ្រែ នាវាកម្សាន្ដប្រណីតនេះក៏បន្ថែមសាឡុងធំមួយសម្រាប់ភ្ញៀវមកអង្គុយលេង។
បំពាក់ដោយម៉ាស៊ីន Man V8 កម្លាំង ១០០០ សេះ ចំណុះ ១៦,២ លីត្រ កម្រិតអត្រាល្បឿនជាង ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកនិយមកំពូលនាវាកំពូលល្បឿន អាចជ្រើសរើសប្រភេទម៉ាស៊ីន ១២០០ សេះ ថាមពលល្បឿន ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រវែង ២០ ម៉ែត្រ។
Bugatti Niniette 66 ដែលមានតែ ៦៦ គ្រឿងក្នុងលោកនឹងត្រូវបានផលិតឡើង ដោយមានតម្លៃចាប់ពី ១,៨ លានដុល្លារ៕HR