ភ្នំពេញ: មើល​ពី​ការចំណាយ​ពេលវេលា​លើ​ដីស្រែ ចម្ការ​ច្រើន​ធ្វើឲ្យ​និស្សិត​មួយ​ក្រុម​សហការ​គ្នា​បង្កើត​ឧបករណ៍​មួយ​ដើម្បី​ជួយ​កាត់បន្ថយ​ភាពមមាញឹក​លើ​ដី​ដំណាំ​កសិផល​របស់​ខ្លួន​មក​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ និង​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត​។

កាលពី​មួយ​ខែ​មុន​ក្នុង​ពេល​ត្រៀម​ការប្រកួត Techno Innovation Challenge Cambodia ឆ្នាំ​ ២០១៩ សមាជិក​ក្រុម ៥ នាក់​បាន​សម្រេច​ចិត្ដ​បង្កើត Smart Farm Assistance ដែល​អាច​ជួយ​កសិករ​ត្រួតពិនិត្យ​ទិន្នន័យ​ស្ថានភាព​ដី សំណើម​ដី និង​បិទ​បើក​ទឹក​ស្វ័យប្រវត្ដិ​តាមរយៈ​ទូរស័ព្ទដៃ​។

លោក អ៊ាវ ដេវីដ សហស្ថាបនិក Smart Farm Assistance បាន​និយាយ​ថា​៖ «​គោលបំណង​របស់​យើង​គឺ​កាត់បន្ថយ​ការចំណាយ​ពេល​របស់​កសិករ​ពី​ស្រែចម្ការ​មក​នៅ​ជាមួយ​ក្រុមគ្រួសារ និង​ស្វែងរក​ការងារ​ផ្សេងៗ​ដើម្បី​បង្កើន​ចំណូល​ជីវភាព​ប្រចាំថ្ងៃ​។ ជាទូទៅ​កសិករ​ចំណាយ​ច្រើន​លើ​ដី​ស្រែចម្ការ​ជា​ជាង​ក្រុម​គ្រួសារ​។ ជាមួយ​ឧបករណ៍​នេះ​ពួកគេ​អាច​គ្រប់គ្រង​ដីស្រែ​ចម្ការ​តាមរយៈ​ទូរស័ព្ទដៃ និង​បញ្ជា​បើក​បិទទ្វារ​ស្វ័យប្រវត្ដិ​»​។

ដេវីដ ដែល​ជា​និស្សិត​ឆ្នាំ​ទី ២ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​ប្រជាកសិករ​មិន​ចាំបាច់​ចុះ​ស្រែចម្ការ​រាល់​ថ្ងៃ​នោះ​ទេ ជាពិសេស​អាច​ទស្សន៍ទាយ​ពី​លទ្ធភាព​នៃ​ការធ្លាក់​ភ្លៀង​ដែល​ម្ចាស់​ស្រែចម្ការ​មិន​ចាំបាច់​បង្ហូរទឹក​។

សហស្ថាបនិក Smart Farm Assistance លោក អ៊ាវ ដេវីដ និង ញ៉ សុភា​។ រូបថត សហការី

លោក​បន្ដ​ថា​៖ «​កសិករ​នឹង​ដឹង​ព័ត៌មាន​ដី និង​ការទស្សន៍ទាយ​អាកាសធាតុ​ថា តើ​គួរ​បើក​ប្រព័ន្ធ​បង្ហូរទឹក​ឬ​យ៉ាង​ណា​? យើង​ក៏​បាន​បំពាក់​សេនស័រ​តាម​ដីស្រែ​ចម្ការ​ដើម្បី​បើក​ប្រព័ន្ធ​ស្រោចស្រព​ផង​ដែរ​»​។

សហស្ថាបនិក​ម្នាក់​ទៀត​លោក ញ៉ សុភា បាន​ឲ្យ​ដឹង​ថា​ដោយសារ​យើង​សិក្សា​ជំនាញ Internet of Thing (IOT) ដែល​ផ្ដោត​លើ​វិស្វកម្ម​អគ្គិសនី​លោក​មើល​ឃើញ​ថា​វា​អាច​ជួយ​ប្រជាកសិករ​ចំណេញ​ពេលវេលា ថវិកា និង​កម្លាំង​ពលកម្ម​លើ​ដី​ស្រែចម្ការ​។

នៅ​ស្រែចម្ការ Smart Farm Assistance ដែល​មាន​ស្ថានីយ​មួយ​ដំឡើង​ភ្ជាប់​បង្គោល​ជាមួយ​ថាមពល​បន្ទុកអគ្គិសនី​សូឡា ស៊ីមកាត​ទូរស័ព្ទ​សម្រាប់​បញ្ជូន​ព័ត៌មាន​តាម​ទូរស័ព្ទ​ក៏​ដូចជា សេនស័រ​ចំនួន ៣ ប្រភេទ រួមមាន ពិនិត្យ​ស្ថានភាព​ដី ព្យាករ​អាកាសធាតុ និង​បញ្ជា​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យ​ប្រវត្ដិ​។

លោក ដេវីដ អាយុ ២០ ​ឆ្នាំ ដែល​អះអាង​ថា​អ្នក​ប្រើប្រាស់​នឹង​លែង​ចំណាយពេល​ច្រើន​លើ​ដី​ស្រែចម្ការ​បាន​និយាយ​ថា​៖ «​ជាក់ស្ដែង​ដីស្រែ​មួយ​ហិកតា យើង​ប្រើ​ប្រអប់​ស្ថានីយ​មួយ​ជាមួយ​សេនស័រ ៦ គ្រាប់​»​។

ការបញ្ជា​ស័ក្ដិសម​សម្រាប់​ដំណាំ​ស្រែចម្ការ​ទាំង​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម​ធំៗ​។ រូបថត សហការី

យ៉ាងណា​មិញ​ការបញ្ចូល និង​ទទួល​ព័ត៌មាន​តាមរយៈ​សារ​ស៊ីមកាត​ទូរស័ព្ទ មិន​រហ័ស និង​គ្រប់​ជ្រុងជ្រោយ​ដូចជា​ប្រតិបត្ដិការ​តាម​អ៊ីនធឺណិត​ឡើយ​។ ប៉ុន្ដែ​ផលលំបាក​ចម្បង​មួយ​របស់​កសិករ​នោះ​គឺ​សេវា​អ៊ីនធឺណិត​តាម​ទីជនបទ​ដាច់​ស្រយាល និង​ប្រព័ន្ធ​អគ្គិសនី​ដែល​ក្រុម​របស់​លោក​ចាប់​យក​ជម្រើស​អគ្គិសនី​សូឡា​ជំនួស​វិញ​។

កត្ដា​សំខាន់​មួយ​ទៀត​ប្រជាកសិករ​ត្រូវ​ដំឡើង​ប្រព័ន្ធ​ស្រោចស្រព​ដែល​ងាយស្រួល​ក្នុង​ការបញ្ជា​បើក​បិទ​ទឹក​ស្វ័យប្រវត្ដិ​។

លោក ដេវីដ បាន​បន្ដ​ថា​៖ «​យើង​អាច​បើក​បិទ​ទឹក​តាមរយៈ​កម្មវិធី​ទូរស័ព្ទ ឬ​យើង​អាច​ដាក់​កំណត់​ម៉ោង​បិទ​បើក​ដោយ​ស្វ័យប្រវត្ដិ​ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​ពី​ផ្ទះ​ប៉ុណ្ណោះ​»​។

Smart Farm Assistance ស័ក្ដិសម​សម្រាប់​ដំណាំ​ស្រែចម្ការ​ទាំង​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម​ធំៗ ហើយ​អ្វី​ដែល​ខុសប្លែក​នោះ វា​គ្រាន់​តែ​ត្រូវ​បំពាក់​សេនស័រ​ច្រើន​លើ​ដី​ស្រែចម្ការ​ធំៗ​។

ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍ​ឧបករណ៍ Smart Farm Assistance មួយ​ឈុត​ដែល​មាន​ប្រអប់​ស្ថានីយ​ភ្ជាប់​ស៊ីម បន្ទះ​សូឡា និង​សេនស័រ​មាន​តម្លៃ​ប្រមាណ ២៨ ម៉ឺន​រៀល​។

បច្ចុប្បន្ន​យុវជន​ផលិត Smart Farm Assistance កំពុង​ស្វះស្វែងរក​ដៃគូ​វិនិយោគ​។ រូបថត សហការី

បច្ចុប្បន្ន​ប្រជាកសិករ​នៅ​ខេត្ដ​កោះកុង និង​ពោធិ៍សាត់​មាន​ការចាប់អារម្មណ៍​ដំណើរការ​ប្រព័ន្ធ​វៃឆ្លាត​នេះ​សាកល្បង​នៅ​លើ​ដីស្រែ​ចម្ការ​ខ្លួន​ដែល​អាច​ប្រើ​ពេល ៣-៤ ខែ​ក្នុង​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ល្អប្រសើរ​។

លោក ដេវីដ បាន​បញ្ជាក់​ថា​៖ «​យើង​បារម្ភ​ពី​ឧបករណ៍​របស់​យើង​រង​ផលប៉ះពាល់​ពី​អាកាសធាតុ​ក្ដៅ​ដែល​ធ្វើឲ្យ​វា​ដំណើរការ​មិន​ល្អ​។ យើង​កំពុង​សិក្សា​ពី​ការដំឡើង​ឧបករណ៍​ឲ្យ​មាន​សុវត្ថិភាព ពីព្រោះ​វា​ក៏​អាច​ប្រឈម​នឹង​ការបាត់បង់​ផង​ដែរ​»​។

ក្រុមនិស្សិត​អាយុ​ត្រឹម​ខ្ទង់ ២០ ស្ដើង​ទាំងអស់​ក៏​ប្រឈម​នឹង​ការលំបាក​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទាំង​ហាដវែរ និង​សូហ្វវែរ​ការប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​ដែល​អាច​អត់​មាន​សេវា និង​សីតុណ្ហភាព​ក្ដៅ​ធ្វើឲ្យ​ប៉ះពាល់​ដល់​គុណភាព​ឧបករណ៍​។

គួរ​បញ្ជាក់​ថា ក្រុមនិស្សិត​ឈ្មោះ Agri-Economiser បាន​ឈ្នះ​ជយលាភី​លេខ​ ១ ​នៃ​ការប្រកួត​នៅ TICC លើ​ប្រធានបទ Smart Farm Project ជាមួយ​ទឹកប្រាក់​ ១ ២៥០ ​ដុល្លារ​។

បច្ចុប្បន្ន​យុវជន​ផលិត ឧបករណ៍ Smart Farm Assistance កំពុង​ស្វះស្វែងរក​ដៃគូ​វិនិយោគ​ពង្រីក​ទីផ្សារ​ផលិត​ឲ្យ​ដល់​ដៃ​អតិថិជន​ទូទាំង​ប្រទេស​។

ព័ត៌មាន​លម្អិត​សុំចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @Smart Farm Asstistance ឬ​ទូរស័ព្ទ លេខ ០៧៨ ៩៤៦៩០៣៕