ភ្នំពេញ៖ ក្រុម​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ បាន​បង្កើត​កម្មវិធី​នៅ​លើ​បណ្តាញ​សង្គម​ និង​វេបសាយ​សម្រាប់​ស្វែងរក​ជាង​ជួសជុល​បរិក្ខារ​ក្នុង​​ផ្ទះ​ ​ដោយ​សន្សំ​ពេលវេលា និង​​ប្រសិទ្ធភាព​​ពី​ជាង​មាន​ជំនាញ​។

ក្នុង​ចំណោម​ស្ថាបនិក Fixh.me ទាំង ៤ នាក់ យុវជន​ តេង ស៊ាវប៉ោ វ័យ​ ២០ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី ​៣ ផ្នែក​វិស្វកម្ម​បច្ចេកវិទ្យា​ បាន​ថ្លែង​មក​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖ ​«​ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​កម្មវិធី​នេះ​ ឡើង​មក​ដោយសារ​ វា​ជា​បញ្ហា​ដែល​ខ្ញុំ​ប្រឈម​មុខ​នឹង​ខ្លួន​ឯង​ផ្ទាល់​ នៅ​ពេល​រក​អ្នក​បច្ចេកទេស​ពិត​ជា​ចំណាយ​ពេល​ និង​ពិបាក​ក្នុង​ការ​ស្វែងរក​ ជា​ពិសេស​ទំនុក​ចិត្ត​ពេល​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង​។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​កម្មវិធី​ ដើម្បី​ជួយ​ប្រជាជន​ជាមួយ​សេវាកម្ម​​​​រហ័ស​ និង​អាច​ទុក​ចិត្ត​បាន​»​។

បច្ចុប្បន្ន​ Fixh.me មាន​បម្រើ​សេវាកម្ម​ចំពោះ​អតិថិជន​ជា​ច្រើន​ដូច​ជា​ ជាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​​ ជាង​ភ្លើង​ ប្រព័ន្ធ​ទឹក​ ម៉ាស៊ីន​បោកគក់ ទូទឹកកក និង​ម៉ាស៊ីន​កម្តៅ​ទឹក​ ដោយ​ម្ចាស់​ផ្ទះ​ អាច​កំណត់​ថ្ងៃ​ជួស​ជុល ឬ​ធ្វើ​ការ​ហៅ​ភ្លាមៗ​ជាមួយ​រយៈពេល​រង់ចាំ​ប្រមាណ​ជាង​​ ២០ នាទី។​ Fixh.me គិត​កម្រៃ​ជើងសា​ពី​ជាង ២០ ភាគរយ​ នៃ​ប្រតិបត្តិការ​នីមួយៗ។

និស្សិត​វ័យ​ក្មេង​រូប​នេះ​ បាន​បន្ត​ប្រាប់​​​ពី​របៀប​ប្រើប្រាស់​​​​ថា​៖​ «​សម្រាប់​​អតិថិជន ​អាច​ទាក់ទង​មក​យើង​តាមរយៈ​ផេច​ហ្វេសប៊ុក លេខ​ទូរស័ព្ទ​ និង​នៅ​ក្នុង​វេបសាយ​ ដោយ​ក្នុង​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​មាន​ការ​ដំឡើង​ក្នុង​ទូរស័ព្ទ​នៅ​ឡើយ​ទេ​»។

ស្ថាបនិក Fixh.me មាន​និស្សិត តេង ស៊ាវប៉ោ ​​មុិញ ផាហួរ សុីម ឆាយ និង​ ទា វែងទៀង។ រូបថត សហ​ការី

កម្មវិធី​សម្រាប់​ផ្តល់​សេវាកម្ម​បរិក្ខារ​ក្នុង​ផ្ទះ​ Fixh.me បាន​ប្រើ​រយៈពេល​ ៦ ខែ​ ក្នុង​ការ​បង្កើត និង​បាន​ដាក់​ដំណើរការ​​ឲ្យ​ប្រើប្រាស់​ជា​​សាធារណៈ​រយៈពេល ៤ ខែ​មក​ហើយ។ ក្រៅ​ពី​វេបសាយ​​ដែល​ស្ដុក​ទិន្នន័យ​កាន់​តែ​ច្រើន​ឡើងៗ​​ ​អតិថិជន​ក៏​មាន​ជម្រើស​ធ្វើ​ការ​កក់​តាម​​ហ្វេសប៊ុក​ ឬ​ទូរស័ព្ទ។

កម្មវិធី​នេះ​ត្រូវ​បាន​​​រចនា​​ដោយ​ក្រុម​របស់​លោក ខណៈ​ការ​សរសេរ​កូដ​ធ្វើ​ឡើង​ដោយ​​ក្រុមហ៊ុន​ផ្សេង​ទៀត។

យ៉ាងណា​មិញ ​កិច្ចការ​បាន​ផ្តល់​នូវ​បទពិសោធ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ជំនួញ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​វិស្វកម្ម​​បច្ចេកវិទ្យា។

លោក ​តេង ស៊ាវប៉ោ បាន​លើក​ឡើង​ថា៖ «​​​គម្រោង​នេះ​ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​ ដើម្បី​ស្វែង​យល់​អំពី​អ្វី​ដែល​ខ្ញុំ​មិន​បាន​រៀន​នៅ​ក្នុង​ថ្នាក់​ហើយ​អនុវត្តន៍​ជំនាញ​ទាំង​អស់​នោះ ​ក្នុង​ការ​បំពេញ​ចិត្ត​អតិថិជន​​»។

កម្មវិធី​ Fixh.me បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​​ឈ្នះ​ទឹក​ប្រាក់ ៤ ពាន់​ដុល្លារ ​​ពី​ SmartStart Cycle 2 និង​ជាប់​ជយលាភី​លេខ ​២​ ​Startupper of the Year ឆ្នាំ ២០១៨-២០១៩ ពី ​Total ចំនួន​ ៩ ០០០​ដុល្លារ។

ក្រុម​យុវជន​ជា​និស្សិត​​រៀន​ពេញ​ម៉ោង ​ក៏​ជួប​ការ​លំបាក​​ក្នុង​ការ​បែង​ចែក​​ពេល​វេលា​ ​បទពិសោធ​តិចតួច​ក្នុង​ការ​សរសេរ​កូដ​ និង​ការ​ធ្វើ​អាជីវកម្ម​ ដែល​ទាមទារ​​ការ​ស្រាវជ្រាវ​ច្រើន និង​សួរ​នាំ​មនុស្ស​ជា​ច្រើន​​។​

លោក ​តេង ស៊ាវប៉ោ បាន​បញ្ជាក់​ថា៖ «ផែនការ​បន្ទាប់​របស់​ពួក​យើង​ គឺ​ពង្រីក​កម្មវិធី​នេះ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​យើង​ និង​ប្រើប្រាស់​សេវាកម្ម​របស់​យើង​កាន់​តែ​ច្រើន​។ សម្រាប់​ពេល​នេះ​យើង​ក៏​មាន​គម្រោង​ក្នុង​ការ​ដាក់​កម្មវិធី​របស់​យើង​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ដៃ​ផង​ដែរ​»៕