The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - និស្សិត​វិទ្យាស្ថាន​​ជាតិ​ពហុបច្ចេកទេស​​កម្ពុជា ​ឈ្នះ​ជយលាភី​ទាំង​លេខ ១ និង​លេខ ​២ ពី​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​​​​​លើក​ទី​៧​




និស្សិត​វិទ្យាស្ថាន​​ជាតិ​ពហុបច្ចេកទេស​​កម្ពុជា ​ឈ្នះ​ជយលាភី​ទាំង​លេខ ១ និង​លេខ ​២ ពី​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​​​​​លើក​ទី​៧​

Content image - Phnom Penh Post
ក្រុម​​ NPIC02 និស្សិតវិទ្យាស្ថាន​ពហុ​បច្ចេក​​ទេសកម្ពុជា ឈ្នះជយលាភីលេខ ១ នៃ​​ការ​ប្រកួត​រ៉ូបូត​ថ្នាក់ជាតិឆ្នាំ ២០២០​។ ហ៊ាន រង្សី

និស្សិត​វិទ្យាស្ថាន​​ជាតិ​ពហុបច្ចេកទេស​​កម្ពុជា ​ឈ្នះ​ជយលាភី​ទាំង​លេខ ១ និង​លេខ ​២ ពី​ការ​ប្រកួត​រ៉ូបូត​ថ្នាក់​ជាតិ​​​​​លើក​ទី​៧​

ភ្នំពេញ៖ ការ​ប្រកួត​ប្រជែង​​រ៉ូបូត​​​​ថ្នាក់​ជាតិ​​លើក​​​​ទី​៧​​ ​ក្រោម​​​​​​​​​វិញ្ញាសា​ «បាល់​​​បោះ​» បាន​រក​ឃើញ​ក្រុម​​ម្ចាស់​ជយលាភី​​​ហើយ​កាល​ពី​​​​ព្រឹក​ថ្ងៃទី ​៣ ខែ​​តុលា កន្លង​មក​នេះ​ ដោយ​ក្រុម​និស្សិត​​នៃ​​​​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា ​(NPIC) ​មាន ​​​២ ក្រុម​​ ​បាន​ទទួល​ជ័យជម្នះ​ទាំង​​លេខ ​១ និង​លេខ ២​។

ក្រោយ​ពី​​ប្រកួត​ដ៏​ស្វិតស្វាញ​​​រវាង​​ក្រុម​រ៉ូបូត​និស្សិត​​​ចំនួន ៦ សាកល​​វិទ្យាល័យ និង​វិទ្យាស្ថាន​​នានា​ សរុប​​​ចំនួន ១០ ក្រុម បាន​ចូលរួម​​​ប្រកួត​ប្រជែង​​​រ៉ូបូត​​​ថ្នាក់​ជាតិ​​ឆ្នាំ ​២០២០ និង​​ឆ្លង​​កាត់​ការ​ប្រកួត​ចំនួន ​៤ ​វគ្គ​ ​គឺ​​វគ្គ​ជម្រុះ​ក្នុង​​ពូល​ វគ្គ​ជម្រុះ ៦ ក្រុម វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​និង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

លោក ប៉ាង ចំណាន ជា​អ្នក​គ្រប់គ្រង​ការ​រៀបចំ​កម្មវិធី​ប្រកួត​​​ប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ ​(Robocon Cambodia) ​​​​បង្ហើប​​​ឲ្យ​​ដឹង​ថា​​៖ «​បន្ទាប់​ពី​ការ​ប្រកួត​​យ៉ាង​ស្វិតស្វាញ​មក​​ក្រុម​ប្អូន​ៗ​ និស្សិត​មក​ពី​វិទ្យាស្ថាន​​​​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ​​ទាំង ​២ ក្រុម បាន​​ឈ្នះ​​ការ​ប្រកួត​​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្រុម​រ៉ូបូត​​របស់​​និស្សិត​ មាន​លេខ​​​សម្គាល់ NPIC02 ​ឈ្នះ​​ជយលាភី​លេខ ​១​ និង​​ជយលាភី​លេខ ២ បាន​ទៅ​ក្រុម​មាន​លេខ​សម្គាល់​ថា​ NPIC01 ​មក​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​​កម្ពុជា​ដូចគ្នា​។ ការ​ប្រកួត​​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ក្រុម​ NPIC02 ​​ទទួល​បាន​​​ ៩៥ ពិន្ទុ​ ឈ្នះ​ក្រុម ​NPIC01 ដែល​​​បាន​​ ៤៦ ពិន្ទុ ដើម្បី​ក្លាយ​ជា​​ម្ចាស់​​ជយលាភី​​ការ​ប្រកួត​​រ៉ូបូត​​ថ្នាក់​ជាតិ​​នេះ។​​​ ឯ​​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មាន ៤​ ក្រុម​គឺ​ក្រុម​​ NPIC01​ នៃ​​​វិទ្យាស្ថាន​​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​​​ ១០២ ពិន្ទុ យក​ឈ្នះ​លើ​ក្រុម RUPP02 ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​​​បាន​​​តែ ២៦​ ពិន្ទុ ខណៈ​ក្រុម ​NPIC02 ទទួល​បាន ៧៥ ពិន្ទុ​ ឈ្នះ​​ក្រុម ​NUM01 នៃ​សាកល​វិទ្យាល័យ​​ជាតិ​គ្របគ្រង​បាន​​ ​៣២​ ពិន្ទុ ដោយ​ការ​ប្រកួត​​នេះ​មាន​​ ៣ នាទី និង​សាកល្បង​​​មុន​ពេល​​ប្រកួត ១ នាទី​​។​ ក្រៅ​​ពី​​នេះ​ យើង​ក៏​មាន​ក្រុម​​ជយលាភី​​កិត្តិយស​ ៤ ​​ក្រុម​ផង​ដែរ។​ ​​​​ជយលាភី​ផ្នែក​វិស្វកម្ម​បាន​​​​​ទៅ​​ក្រុម​​និស្សិត​មក​ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ​ (PPI) ជយលាភី​ផ្នែក​គំនិត​បាន​​​ទៅ​ក្រុម​និស្សិត​មក​ពី​​វិទ្យាស្ថានជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) ជយលាភី​ផ្នែក​រចនា​​បាន​ទៅ​​ក្រុម​និស្សិត​​សាកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ (RUPP) ​ជយលាភី​ផ្នែក​ប្រជាប្រិយភាព​​បាន​ទៅ​​ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ (PPI) និង​ជយលាភី​ពាន​​រង្វាន់​​តូយ៉ូតា បាន​ទៅ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ​(NUM)​»។

Content image - Phnom Penh Post
សកម្ម​ភាព​នា​ពេល​ប្រកួត​រ៉ូបូត​ថ្នាក់ជាតិ​ឆ្នាំ​ ២០២០​។ ហ៊ាន រង្សី

លោក ប៉ាង ចំណាន ​​បញ្ជាក់​​ថា៖ «​ឆ្នាំ​នេះ យើង​មាន​​​ក្រុម​និស្សិត​ចំនួន​​​​​​​ ១០ ក្រុម ​​មក​ពី​​សាកល​​វិទ្យាល័យ និង​វិទ្យាស្ថាន​​នានា​​​ចំនួន ៦ បាន​ចូលរួម​​ប្រកួត​​កម្មវិធី​​​ Robocon Cambodia 2020។ ​ក្នុង​​​នោះ​​​មាន​​ក្រុម​មក​ពី​​​សាកល​វិទ្យាល័យ​​​​​ភូមិន្ទ​​ភ្នំពេញ​មាន ​២ ក្រុម ​មក​​ពី​សាកល​វិទ្យាល័យ​​ជាតិ​​គ្រប់គ្រង​មាន ១ ក្រុម វិទ្យាស្ថាន​​​បច្ចេកវិទ្យា​​កម្ពុជា​ មាន​ ២ ក្រុម វិទ្យាស្ថាន​​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ មាន ២ ក្រុម វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសមៈ​​ ​មាន ២ ក្រុម និង​វិទ្យាស្ថាន​​​ជាតិ​​​បណ្តុះបណ្តាល​បច្ចេកទេស​ មាន ​១ ក្រុម ​ ហើយ​​​ក្រុម​នីមួយៗ ​​អាច​​មាន​​សមាជិក​​ត្រឹម​តែ​ចន្លោះ​ពី​ ៣ ទៅ ៧ នាក់​ប៉ុណ្ណោះ​»។​

ក្នុង​ឱកាស​នៃ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​​នោះ ក៏​មាន​គណៈ​អធិបតី​ចូលរួម​ប្រគល់​​ពាន​រង្វាន់​ជយលាភី​អំពី​សំណាក់​លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ លោក ហង់ជួន​ ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​ និង​​កីឡា ​លោក​ មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​​លោក ឃឹម វុទ្ធី ជា​អគ្គនាយក​នៃ​​ទូរទស្សន៍​ជាតិ​កម្ពុជា ដោយ​មាន​​ទស្សនិកជន​ប្រមាណ​​​ជា​ ៤០០ នាក់ ចូលរួម​ទស្សនា​។

Content image - Phnom Penh Post
ក្រុមនិស្សិត ​NPIC ពេល​បញ្ជារ៉ូបូត​ទាត់បាល់បញ្ចូលទី​។ ហ៊ាន រង្សី

អ្នក​​​គ្រប់គ្រង​ការ​រៀបចំ​កម្មវិធី​​​ប្រកួត​​ប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​ក៏​បង្ហើប​ឲ្យ​ដឹង​ពី​​រង្វាន់​ទឹក​ប្រាក់​​​ផង​​ដែរ​ថា៖ «​ក្រុម​ជយលាភី​លេខ​ ​​១​ បាន​ទឹក​ប្រាក់​​ចំនួន ១ លាន ២ សែន​រៀល ជយ​លាភី​លេខ ២ ចំនួន ៨០ ម៉ឺន​រៀល ខណៈ​​ក្រុម​​​​​​និស្សិត​ទទួល​​​​ជយលាភី​កិតិ្ដយស​ទាំង ៤ បាន​​​ចំនួន ៤០ ម៉ឺន​រៀល​។ ​ជយលាភី​លេខ ​១ បាន​​លើ​ក្រុម NPIC02 ក្រុម​ជយលាភី​លេខ ​២ បាន​ទៅ​លើ​ក្រុម NPIC01​ នៃ​ក្រុម​និស្សិត​វិទ្យាស្ថាន​ជាតិ​​ពហុបច្ចេកទេស​​កម្ពុជា ​(NPIC) ដូចគ្នា។

ចំណែក​​ជយលាភី​​​​ផ្នែក​វិស្វកម្ម​បាន​ទៅ​លើ​ក្រុម PPI01 នៃ​ក្រុម​និស្សិត​​​វិទ្យាស្ថាន​​ពហុបច្ចេកទេស​ព្រះកុសុមៈ​ (PPI) ​ជយលាភី​ផ្នែក​គំនិត​បាន​ទៅ​ក្រុម NTTI01 នៃ​ក្រុម​និស្សិត​​វិទ្យាស្ថានជាតិ​​បណ្តុះបណ្តាល​បច្ចេកទេស ​(NTTI)​ ​ជយលាភី​ផ្នែក​រចនា​បាន​​ទៅ​ក្រុម​ RUPP01 នៃ​ក្រុម​​និស្សិត​សាកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​ ជយលាភី​ផ្នែក​​ប្រជាប្រិយភាព​បាន​ទៅ​លើ​ក្រុម PPI01 នៃ​ក្រុម​និស្សិត​​​វិទ្យាស្ថាន​​ពហុបច្ចេកទេស​ព្រះកុសុមៈ (PPI)​ និង​​ជយលាភី​តូយ៉ូតា ​គឺ​បាន​ទៅ​លើ​ក្រុម​ NUM01​ នៃ​ក្រុម​និស្សិត​មក​ពី​សាកល​​​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ​(NUM)​៕​

Content image - Phnom Penh Post
រ៉ូបូត​វិទ្យាស្ថាន​ពហុ​បច្ចេក​​ទេសកម្ពុជា ​​(NPIC)ទាំង២​ ក្រុមឈ្នះជយលាភី​។ ហ៊ាន រង្សី

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។