ក្រុង​ហាណូយ៖ លើស​ពី​ចំណី​ចក្ខុ​ចំពោះ​ការ​ទស្សនា​តួ​អង្គ​គំនូរ​ជីវចល​យក​លំនាំ​តាម​មនុស្ស​យន្ដ «Transformers» វា​ថែម​ទាំង​អាច​និយាយ​​​​ភាសា​វៀតណាម និង​ត្រូវ​បាន​ផលិត​ឡើង​ពី​គ្រឿង​បន្លាស់​ម៉ូតូ​ផង​ដែរ​។

រ៉ូបូត​យក្ស Robot One និយាយ​ពេល​វា​ដើរ​ចុះ​ដើរ​ឡើង​ក្នុង​រោង​ជាង​ក្រុង​ហាណូយ​ថា​៖ «​សួស្ដី​អ្នក​រាល់​គ្នា! ខ្ញុំ​មក​ពី​ប្រទេស ​វៀតណាម​»។

ក្រុម​ការងារ​ផ្នែក​ IT Programe និង​និស្សិត​បាន​និយាយ​ថា ពួក​គេ​​ចង់​ផ្សព្វផ្សាយ​​អំពី​បញ្ហា​គ្រឿង​បន្លាស់​​ម៉ូតូ​បោះ​ចោល​ពេញ​ទីក្រុង​ហាណូយ​ ជា​ទី​ដែល​អ្នក​ជិះ​​ម៉ូតូ​ជិត ៦ លាន​នាក់ ​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​រៀង​រាល់​ថ្ងៃ​។

មន្ដ្រី​ក្រុង​ហាណូយ បាន​ប្ដេជ្ញា​កាល​ពី​ឆ្នាំ ​២០១៧ នឹង​ហាម​ឃាត់​ការ​ជិះ​ម៉ូតូ​ក្នុង​ទីក្រុង​នៅ​មុន​ឆ្នាំ ​២០៣០ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន និង​សម្រួល​ចរាចរណ៍​​កក​ស្ទះ​ខ្លាំង​។

និស្សិត​វិស្វករ​ទើប​បញ្ចប់​ការ​សិក្សា ដូ ដាញ់​ផុង ជា​សមាជិក​ក្រុម Robot Bank ក្រៅ​ផ្លូវ​ការ​បាន​និយាយ​ថា​៖ «​ក្រុម​របស់​យើង​បាន​ផលិត​រ៉ូបូត​ក្នុង​បំណង​បញ្ជូន​សារ​ទៅ​មនុស្ស​គ្រប់​រូប​ ឲ្យ​នាំ​គ្នា​ចេះ​ការពារ​បរិស្ថាន​»។

យក​លំនាំ​តាម​តួអង្គ​ភាពយន្ដ​មនុស្ស​​យន្ដ​ហូលីវូដ ​ដែល​រក​ចំណូល​បាន​រាប់​​លាន​ដុល្លារ «Transformers» Robot One ត្រូវ​បាន​ច្នៃ​ឡើង​ពី​គ្រឿង​បន្លាស់​ម៉ូតូ​របស់​យីហោ​ជប៉ុន Honda និង​យីហោ​តៃវ៉ាន់ SYM។

ទម្ងន់ ១០០ គីឡូ​ក្រាម និង​កម្ពស់ ៣ ម៉ែត្រ Robot One ត្រូវ​បាន​គ្រប់គ្រង​ដោយ​ដៃ​បញ្ជា PlayStation អាច​ធ្វើ​ចលនា​បែប​ធម្មតា​ និង​និយាយ​ឃ្លោងឃ្លា​សាមញ្ញ​មួយ​ចំនួន​។

ក្រុម​អ្នក​ផលិត​ត្រូវ​រើក​កាយ​ដើម្បី​រក​គ្រឿង​​បន្លាស់​ចាស់ៗ​​មក​ផ្គុំ​ឲ្យ​ក្លាយ​ជា​គ្រោង​ឆ្អឹង​មនុស្ស​យន្ដ​​។ Robot One ជា​សមិទ្ធផល​ដំបូង​ក្នុង​ចំណោម​​គម្រោង​ជា​ច្រើន​នៃ​ក្ដី​ស្រមៃ​បង្កើត​ឧទ្យាន​រ៉ូបូត​ក្នុង​ទីក្រុង​ហាណូយ​នា​ពេល​ណាមួយ​៕ AFP/HR