ក្រុងតូក្យូ: ជាមួយ​បង្គន់​វៃឆ្លាត​របស់​ជប៉ុន​កំពុង​ទទួលបាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ម៉ូដែល​ចុង​​ក្រោយ​រាង​មូល​កន្តុប​នេះ Toto Neorest NX2 កាន់​តែ​អស្ចារ្យ។

វា​ចេះ​លើក​ទ្រនាប់​បង្គន់​ស្វ័យ​ប្រវត្ដិ​ពេល​អ្នក​មក​ដល់ ហើយ​បើ​អ្នក​សិត​កម្មវិធី វា​អាច​កម្ដៅ​ទ្រនាប់​បង្គន់​ឲ្យ​អង្គុយ​ស្រួល​ខ្លួន​ថែម​ទៀត។

ពេល​រួចរាល់​កិច្ចការ​ហើយ អ្នក​មិនចាំបាច់​ប្រើ​ក្រដាស​បង្គន់​ដើម្បី​សម្អាត​បាត​ក្រោម​ឡើយ ​ពី​ព្រោះ​វា​នឹង​ជួយ​សព្វ​កិច្ចការ​ទាំង​នេះ​ជាមួយ​ការ​បញ្ចេញ​ទឹក​បាញ់​សម្អាត​ល្មម។ ពេល​ក្រោក​ឡើង​ដែល​នៅ​សេស​សល់​ទឹក​ប្រឡូក​ប្រឡាក់ បង្គន់​វៃឆ្លាត​ក៏​អាច​សម្ងួត​បាន​ដោយ​ស្វ័យ​ប្រវត្ដិ។

ប្រព័ន្ធ​បង្ហូរទឹក «Tornado Flush» របស់ Toto ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ថ្មី​ទាំង​ស្រុង ដែល​មិន​ត្រឹម​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុងការ​កម្ចាត់​កាក​សំណល់​ពី​ចាន​បង្គន់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​សម្អាត​ផ្ទៃ​ខាង​លើ​ផង​ដែរ។

NX2 ប្រើ​ប្រព័ន្ធ eWater+ ដែល​ត​ភ្ជាប់​បណ្ដាញទឹក​ជាមួយ​បរិក្ខារ​សម្អាត និង​សម្លាប់​បាក់តេរី ហើយ​បើ​វា​នៅ​តែ​មិន​ទាន់​អាច​សម្អាត​ល្អ​ឥតខ្ចោះ​បាន បច្ចេកវិទ្យា​ពន្លឺ UV Actilight ប្រាកដ​ជា​មាន​ប្រសិទ្ធ​ភាព។ អ្នក​មិន​ចាំ​បាច់​សម្អាត​អ្វី​ទាំងអស់។ អ្នក​ក៏​មិន​ចាំបាច់​កាន់​គម្រប​បង្គន់ ខណៈ​វា​បើក​បិទ​ស្វ័យប្រវត្ដិ អាស្រ័យ​ទៅ​តាម​ជំហាន​ដើរ​ចូល និង​ចេញ​របស់​អ្នក។

ប៉ុន្ដែ​បង្គន់​វៃឆ្លាត​ដ៏​មានគុណ​ប្រយោជន៍​បំផុត​របស់​ពិភពលោក​នេះ​មិន​មាន​តម្លៃ​ថោក​នោះ​ទេ។ យ៉ាង​តិច អ្នក​ត្រូវ​ចំណាយ​ប្រាក់ ១១០០០ ដុល្លារ ពេល​វា​បង្ហាញ​វត្ដមាន​លើ​ទីផ្សារ​អាមេរិក ក្នុង​រដូវ​ក្ដៅ​នេះ៕HR