ក្រុងវ៉ាស៊ីនតោន: ក្រុមហ៊ុនជាច្រើនក្នុងឧស្សាហកម្មចំណីអាហារកំពុងតែទទួលយកបច្ចេកវិទ្យាវៃឆ្លាតក្នុងការស្វែងយល់កាន់តែស៊ីជម្រៅលើឥទ្ធិពលនៃរសជាតិ ក្លិន និងកត្ដាផ្សេងៗដើម្បីជំរុញផលិតផលអាហារទទួលជោគជ័យ។
កាលពីដើមឆ្នាំ IBM បានក្លាយទៅជាចលករដ៏គួរឲ្យភ្ញាក់ផ្អើលលើផ្នែកចំណីអាហារដែលបានប្រកាសដៃគូជាមួយក្រុមហ៊ុនផលិតគ្រឿង Mc-Cormick ដើម្បីរុករករសជាតិប្លែកៗបានឆាប់រហ័ស និងមានប្រសិទ្ធភាពដោយប្រើបច្ចេកវិទ្យា AI សិក្សា និងទស្សន៍ទាយរសជាតិថ្មីៗដោយការប្រមូលទិន្នន័យពីរាប់លានកន្លែង។
កិច្ចសហការនេះបង្ហាញពីអានុភាពនៃបច្ចេកវិទ្យាក្នុងឧស្សាហកម្មម្ហូបអាហារដោយការជួយអភិវឌ្ឍផលិតផលថ្មីៗ និងឆ្លើយតបទៅតាមចំណូលចិត្ដអ្នកទទួលទានព្រមទាំងបង្កើនជីវជាតិអាហារ និងរសជាតិ។
លោក Bernard Lahousse សហស្ថាបនិក Foodpairing ជាក្រុមហ៊ុនដែលមានការិយាល័យក្នុងប្រទេសបែលហ្ស៊ិក និងក្រុងញូវយ៉កដែលអភិវឌ្ឍផែនទីអាហារឌីជីថល និងការណែនាំផ្សំគ្រឿងអាហារ និងភេសជ្ជៈបាននិយាយថា៖ «ក្រុមហ៊ុនចំណីអាហារកាន់តែច្រើនកំពុងចាប់យកបច្ចេកវិទ្យាឌីជីថល និងអ្វីៗដំណើរការដោយទិន្នន័យ»។
លោក Lahousse បានឲ្យដឹងថាក្រុមហ៊ុន Foodpairing របស់លោកបានទិន្នន័យរសជាតិអាហារធំបំផុតក្នុងលោកដែលអាចទស្សន៍ទាយអាហារកាន់តែប្រសើរដោយអាស្រ័យលើចំណូលចិត្ដរបស់មនុស្ស និងការវិភាគទិន្នន័យ។
លោកបានបន្ថែមថា៖ «ជំនួសឲ្យការប្រើគណកម្មការជំនាញ ឬគណកម្មការជាអតិថិជន យើងបានអភិវឌ្ឍប្រព័ន្ធគណិតវិទ្យាដែលអាចបកប្រែពីចំណង់ចំណូលចិត្ដអ្នកញ៉ាំ»។
ការវិនិយោគបច្ចេកវិទ្យាអាហារជាទូទៅមានចំនួន ១៦,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យមួយពីក្រុមហ៊ុនវិនិយោគ AgTech Funder៕ HR