ភ្នំពេញ៖ បំពាក់​កង់​មុខ ​២ និង ​១ ​ខាង​ក្រោយ​សម្រាប់​រុញ​​តួមុខ​ឲ្យ​ធ្វើ​ចលនា​ ត្រីចក្រយានយន្ត​ថ្មី​​ឥត​កញ្ចក់​បិទ​បាំង​​បាន​នាំ​​ឲ្យ​អ្នក​ដំណើរ​ ​៣-៤ នាក់ ​អង្គុយ​លើ​កៅអី​ដ៏​មាន​ផាសុកភាព ស្រូប​យក​ខ្យល់​អាកាស​ ​និង​គយគន់ ទេសភាព​ប្រកប​ដោយ​សុវត្ថិភាព​​។

យាន​ជំនិះ​នេះ​ជា​ស្នាដៃ​​បុរស​ជនជាតិ​ខ្មែរ​លោក​​ សេង រិទ្ធី ​ដែល​​តែង​ដិតដាម​នូវ​បទពិសោធ​លំបាក​​របស់​​​​ឪពុកម្ដាយ​ក្នុង​ការ​ប្រើ​ម៉ូតូ​ដឹក​កូនចៅ និង​អីវ៉ាន់​សំពីង​សំពោង។

លោក រិទ្ធី បាន​រៀបរាប់​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «កាល​នោះ​​ខ្ញុំ​ប្រហែល​ជា​អាយុ​ ៧-៨ ​ឆ្នាំ​ ពួក​យើង​គ្មាន​លទ្ធភាព​ទិញ​ឡាន​ជិះ​ទេ​ មាន​តែ​ម៉ូតូ ១​ ដែល​គាត់​តែងតែ​ដឹក​អីវ៉ាន់​ផង​ខ្ញុំ​ផង​ទៅ​ជាមួយ​។ ឃើញ​បែប​នេះ​ខ្ញុំ​គិត​ក្នុង​ចិត្ត​មក​រហូត​ថា​ បើ​ផ្សារ​ម៉ូតូ ​២ ​ជាប់​គ្នា​វា​អាច​ដូចជា​ឡាន​ដែរ​»។

ក្ដី​ស្រមៃ​នេះ​តែង​ដក់​ជាប់​ក្នុង​ចិត្ត​របស់​លោក ​រហូត​កាល​ពី ​២ ឆ្នាំ​មុន​ លោក​ រិទ្ធី ក៏​បាន​សន្សំ​ថវិកា​ផ្ទាល់​ខ្លួន គួប​ផ្សំ​នឹង​​​ឱកាស​ទទួល​ការ​ឧបត្ថម្ភ​ពី​លោក​ ស្រី ​ចាន់ថន​ ក្នុង​ការ​សិក្សា​គម្រោង​​ច្នៃ​ត្រីចក្រយានយន្ត​​។

គំនិត​កែ​ច្នៃ​យានជំនិះ​ក្រៅ​អាជីព​​ឯកទេស​​របស់​ខ្លួន ត្រូវ​បាន​លោក​​បញ្ជាក់​ប្រាប់​ថា​៖ «ខ្ញុំ​រៀន​គ្មាន​គ្រូ​ទេ ​ដោយ​មាន​ចំណេះ​ខ្លួន​ឯង​ខ្លះ ​និង​មើល​តាម​អ៊ីនធឺណិត​ខ្លះ​។ ខ្ញុំ​ស្រាវជ្រាវ​អនុវត្ត​ជាមួយ​រថយន្ត ​និង​ម៉ូតូ​ខ្លួន​ឯង​ ដោះ​ដាក់​​ខ្លួន​ឯង​ចុះ​ឡើង​រហូត​ខ្ញុំ​រក​ឃើញ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​សម្រាប់​ការ​បង្កើត​របស់​ខ្ញុំ​»​។

យានជំនិះ​បំពាក់​កង់ ២ ខាង​មុខ កង់ក្រោយ ​១ និង​មានកៅអីប្រកបដោយផាសុកភាព​។ រូបថត សហ​ការី

បុរស​វ័យ​ ៣៤ ឆ្នាំ​ រូប​នេះ ​និង​កូន​ជាង ​៣ ​នាក់​ ទៀត​បច្ចុប្បន្ន​អាច​បង្កើត​បាន​ត្រី​ចក្រយានយន្ត​ចំនួន ​២ គ្រឿង ប្រភេទ​​ខុស​គ្នា​​​ ដែល​អាច​ដំណើរ​បាន​​តាម​ដង​​វិថី​ ហើយ​​គ្រឿង​ទី៣ កំពុង​ត្រូវ​បាន​កែច្នៃ​​។

យោង​តាម​លោក ​រិទ្ធី ត្រីចក្រ​យានយន្ត​គ្រឿងទី១​ និង​ទី២ មាន​លក្ខណៈ​​ប្រហាក់ប្រហែល​គ្នា​ជាមួយ​កម្លាំង​ ១១០​cc​ និង​អាច​បើកបរ​លើ​ចម្ងាយ​​ប្រហែល​ជា​ ៥០​ គីឡូម៉ែត្រ​​។

លោក​ពិពណ៌នា​ទៀត​ថា៖ «​គ្រឿង​ទី១ ​នេះ​វា​មាន​ទំហំ​ធំ​ជាង​គ្រឿង​ទី​២ បន្តិច​អាច​ជិះ​បាន​ ​៤​ នាក់​ បើ​ដាក់​លក់​​នៅ​លើ​ទីផ្សារ​អាច​ថា ​២ ៥០០ ​ដុល្លារ។ ចំណែក​គ្រឿង​ទី២ ខ្ញុំ​ធ្វើ​បែប​ជា​ឡាន ​១ ​បាំង​កន្លះ​ដោយ​វា​ តូច​ជាង​​ទី១ ​បន្តិច​តម្លៃ​វា​គឺ ២ ០០០ ដុល្លារ​ តែ​ក៏​អាច​ជិះ​បាន​ ៣​ ទៅ​ ៤ ​នាក់​ដូច​គ្នា​»។

បំពាក់​ដោយ​កៅអី​អង្គុយ​បែប​រថយន្ត​ស្ព័រ​​ វា​អាច​សម្រួល​ដល់​អ្នក​បើកបរ​មិន​ឲ្យ​ចុក​រួយ​ខ្នង ​ឬ​ចង្កេះ​។ ទោះ​ជា​​​តួ​​មាន​​កង់ ៣ ​ហើយ​រាង​រៅ​ស្រដៀង​រថយន្ត​ក៏​ពិតមែន តែ​យាន​ជំនិះ​នេះ បំពាក់​ប្រព័ន្ធ​​​ហ្វ្រាំង​​ម៉ូតូ​ ហើយ​​​តួ​ខាង​ក្រោយ​ធ្វើ​ពី​គ្រឿង​ម៉ូតូ​សុទ្ធ​​​។

លោក​ សេង រិទ្ធី បាន​អះអាង​ថា​​​៖ «ខ្ញុំ​សាកល្បង​ឡើង​ទួល​ ជួន​កាល​មិន​ចាំបាច់​សាង​លេខ​ផង​ ពិសេស​ជាង​នេះ​ទៀត​នោះ ​គឺ​វា​ស៊ី​សាំង​តិច​បើ​ប្រៀបធៀប​ជាមួយ​ឡាន​ផ្សេងៗ​»។

ខណៈ​​ត្រីចក្រយាន្ត​​គ្រឿង​ទី១​ លោក​​បាន​ចំណាយ​ពេល ៣ ​ខែ​ លោក​ រិទ្ធី​ បាន​​បន្ថែម​ថា​៖ «តែ​គ្រឿង​ទី២ ខ្ញុំ​ចំណាយ​​ត្រឹមតែ​ ១ ខែ​កន្លះ​ប៉ុណ្ណោះ​ព្រោះ​មាន​បទពិសោធ​​ខ្លះ​ហើយ​ពី​គ្រឿង​ទី១​ សម្រាប់​គ្រឿង​ទី៣​ ដែល​កំពុង​ដំណើរការ​នេះ​វិញ​ខ្ញុំ​សន្មត​ថា​ ត្រឹម ​២ អាទិត្យ​នឹង​រួចរាល់​»។

ខុស​ប្លែក​ពី​យានជំនិះ​ទាំង ​២ ​ដែល​លោក​បាន​ធ្វើ​រួច គ្រឿង​ទី៣ លោក​ រិទ្ធី គ្រោង​នឹង​ដំឡើង​​​កម្លាំង​ម៉ាស៊ីន​​ ២០០c​c ដើម្បី​ឲ្យ​អតិថិជន​អាច​ជិះ​បាន​ក្នុង​ចម្ងាយ​ឆ្ងាយៗ​ និង​ឆ្លង​​​​​ខេត្ត​បាន​ផង​ដែរ​។

រូបភាពគម្រោង​​យានជំនិះ​ទី៣ ដែល​លោក​គ្រោង​នឹង​ច្នៃ​។ រូបថត សហ​ការី

មុន​ឈាន​ដល់​ដំណាក់កាល​នេះ​ បុរស​ដែល​មាន​អាជីព​​ធ្វើ​ផ្ទះ​ចល័ត​​រូប​នេះ​ក៏​បាន​រៀបរាប់​ពី​ផលវិបាក​របស់​លោក​ថា​៖ «​ជួនកាល​ពេល​ទៅ​ទិញ​គ្រឿង​បន្លាស់​ផ្សេងៗ​ អ្នក​លក់​គាត់​អត់​ស្គាល់​ អត់​យល់​ថា​យើង​ចង់​បាន​អី​ ហេតុ​នេះ​ខ្ញុំ​ក៏​ត្រូវ​កម្មង់​ពី​ក្រៅ​ប្រទេស​ដូចជា​អាមេរិកជា​ដើម​។ មួយ​វិញ​ទៀត ​គឺ​នៅ​ពេល​យើង​យក​ទៅ​ដំឡើង​វា​អត់​ត្រូវ​ យើង​ត្រូវ​ប្ដូរ​ចុះ​ឡើង​ ថវិកា​ក៏​ត្រូវ​ចំណាយ​​ច្រើន​។ ពួក​យើង​បរាជ័យ​ច្រើន​ដង​ណាស់​»។

បុរស​ដែល​ធ្លាប់​ច្នៃ​​កូន​អូប័រ​តូច​ និង​កង្ហារ​ត្រជាក់​ដាក់​ក្នុង​កង់ ៣ ឥណ្ឌា​​រូប​នេះ​អះអាង​ថា ​គ្រឿង​បន្លាស់​សុទ្ធ​តែ​មាន​គុណភាព​។ ​លោក​បញ្ជាក់​ថា ​យានជំនិះ​ទាំង​នេះ​អាច​ជិះ​បាន​យូរ​អង្វែង​ណាស់​។​

ក្នុង​ការ​រៀបរាប់​ពី​យានជំនិះ និង​តម្លៃ​​នេះ​ ជាក់​ស្ដែង​លោក​មិន​ទាន់​បាន​ដាក់​លក់​នៅ​ឡើយ​ទេ​ ដោយ​គ្រឿង​ទី១​ លោក​បាន​ប្រគល់​ឲ្យ​លោក​ឧកញ៉ា​​ដែល​បាន​ឧបត្ថម្ភថវិកា​ផលិត​ ​និង​​គ្រឿង​ទី២ ​នៅ​ជាមួយ​​ឪពុក​របស់​លោក​​។

យ៉ាងណា​មិញ លោក រិទ្ធី បាន​ប្រាប់​ថា៖ «​តែ​ខ្ញុំ​មាន​អតិថិជន​ទាក់ទង​​មក​ហូរហែ។ ​អ្នក​ខ្លះ​ថែម​ទាំង​កក់​លុយ​​ទុក​មុន​ទៀត​ តែ​ខ្ញុំ​មិន​ទទួល។​ ខ្ញុំ​ថា​បើ​រួច​រាល់​ពេល​ណា​ គាត់​មក​មើល​សិន​ បើ​ពេញ​ចិត្ត​ចាំ​យក​ចុះ​»។

ឆ្លើយ​តប​​នឹង​ស្នាដៃ​កែច្នៃ​យាន​ជំនិះ​ទាំង​នេះ មហាជន​ដែល​បាន​ប្រទះ​ឃើញ​តាម​បណ្ដាញ​សង្គម ​អ្នក​ខ្លះ​ក៏​ផ្ដល់​យោបល់​ឲ្យ​រូប​លោក​បន្ថែម​កៅអី ឬ​បង្អួច​កញ្ចក់​ផ្សេងៗ។

លោក​ក៏​បាន​ព្យាយាម​កែច្នៃ​តម្រូវ​តាម​អតិថិជន​ដែរ​ តែ​ចំណុច​ខ្លះ​លោក​ពន្យល់​ថា៖ «ថ្វី​ដ្បិត​ថា​ជា​អ្នក​កែច្នៃ​មែន​ តែ​ខ្ញុំ​ក៏​មិន​អាច​តម្រូវ​តាម​ពួក​គាត់​ទាំង​អស់​ដែរ​ ព្រោះ​ខ្លះ​វា​មិន​ត្រូវ​ស្តង់ដា​ ឬ​ការ​កំណត់​របស់​វា​បាន​ ហើយ​ខ្ញុំ​ក៏​ពន្យល់​​ពួក​គាត់​តាម​នោះ​»។

សម្រាប់​តម្លៃ​លក់​ លោក​​នឹង​ព្យាយាម​​ធ្វើ​ឲ្យ​សមស្រប​នឹង​ជីវភាព​ប្រជាជន​ខ្មែរ​​ក្នុង​តម្លៃ​ប្រមាណ ២ ០០០ ដុល្លារ៕

យានជំនិះ​កែច្នៃ​លើកទី២ មានទំហំ​តូច​ជាងមុន។ រូបថត សហ​ការី