ក្រុងស៊ីដនី: បុរស​ហូឡង់​ម្នាក់​បាន​បញ្ចប់​ដំណើរ​ផ្សងព្រេង​លើ​ចម្ងាយ​ផ្លូវ ៩៥០០០ គីឡូម៉ែត្រ​តាមរយៈ​រថយន្ដ​អគ្គិសនី​ក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ចុងសប្ដាហ៍ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ប្រភេទ​រថយន្ដ​អគ្គិសនី​នេះ​ពុះពារ​ឧបសគ្គ​បម្រែបម្រួល​អាកាសធាតុ​។

លោក Wiebe Wakker បាន​បើកបរ​ធុន​តូច​ប្រភេទ​បរិវេណ​ក្រោយ​ធំ​ទូលាយ​ច្នៃ​ពិសេស​ដោយ​ដាក់​ឈ្មោះ «The Blue Bandit» បាន​បរ​ឆ្លងកាត់ ៣៣ ប្រទេស​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ថា វា​ជា​ដំណើរ​ដ៏វែងឆ្ងាយ​បំផុត​ក្នុង​លោក​ដោយ​ប្រើ​រថយន្ដ​អគ្គិសនី​។

ដំណើរ​ពី​ប្រទេស​ហូឡង់​ទៅកាន់​អូស្ដ្រាលី​ចំណាយ​ពេល​តែ​ជាង ៣ ឆ្នាំ និង​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​ម្ចាស់ជំនួយ​សាធារណៈ​មកពី​ជុំវិញ​ពិភពលោក រួមទាំង​អគ្គិសនី​សម្រាប់​សាក​អាគុយ Bandit អាហារ និង​ទីស្នាក់អាស្រ័យ​។

លោក Wakker ចត​រថយន្ត​នៅ​ភ្នំ​ថ្ម​ដ៏ល្បីល្បាញ​នៅ​ប្រទេស​អូស្ត្រាលី​។ រូបថត AFP

លោក Wakker បាន​បើកបរ​ឆ្លងកាត់​ប្រទេស​ជាច្រើន និង​បរិស្ថាន​អាកាសធាតុ​ខុសៗ​គ្នា​រួមមាន តួកគី អ៊ីរ៉ង់ ឥណ្ឌា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី យោងតាម​ផែនទី​លើ​វេបសាយ​។

លោក​បាន​បន្ដ​ថា​៖ «​ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​មនុស្ស និង​លើក​ទឹកចិត្ដ​ឲ្យ​ពួកគេ​ចាប់ផ្ដើម​បើកបរ​រថយន្ដ​អគ្គិសនី​ដោយ​បង្ហាញ​ពី​គុណប្រយោជន៍​ផ្នែក​ចីរភាព​បរិស្ថាន​។ បើ​បុរស​ម្នាក់​អាច​បើកបរ​ឆ្លងកាត់​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក​តាមរយៈ​អគ្គិសនី អ៊ីចឹង​រថយន្ដ​អគ្គិសនី​គួរតែ​អាច​ប្រើ​ក្នុង​ជីវភាព​ប្រចាំ​បាន​យ៉ាង​ងាយ​»​។

លោក Wakker បាន​និយាយ​ថា​មុន​ពេល​រថយន្ដ​នេះ​កែ​មក​ប្រើ​អគ្គិសនី វា​នឹង​ប្រើ​សាំង ៦៧៨៥ លីត្រ ដើម្បី​បញ្ចប់​ដំណើរ​នេះ​។

សម្រាប់​យានជំនិះ​របស់​លោក​ រថយន្ដ​អគ្គិសនី​នេះ​អាច​ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ ២០០ គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ភ្លើង​ម្ដង​ដោយ​លោក Wakker បាន​ឲ្យ​ដឹងថា លោក​បាន​ចំណាយ​ប្រាក់ ៣០០ ដុល្លារ​កើ​ការ​សាក​ថាមពល​រថយន្ដ ដោយ​ភាគច្រើន​ជា​តំបន់​វាល​ខ្សាច់​ដាច់ស្រយាល Outback of Australia៕ HR