ក្រុងអាប៊ុយដាប៊ី: លោក សៃក៍ ហាមាដ ប៊ីន ហាមដាន អាល់ ណាយ៉ាន បានកែច្នៃឡានទាហានជាមួយរថយន្ដ Jeep ដើម្បីបង្កើតជាអ្វីដែលលោកជឿជារថយន្ដតួខ្ពស់ SUV ធំបំផុតក្នុងលោក។
ហៅថា ដាប៊ីយ៉ាន រថយន្ដកង់ ១០ ធុនយក្សច្នៃពីឡានទាហាន Oshkosh M1075 ជាមួយនឹងរថយន្ដ Jeep Wrangler ដើម្បីរចនាជាកាប៊ីនសម្រាប់អ្នកបើកបរ។ វាត្រូវបានបំពាក់ម៉ាស៊ីនម៉ាស៊ូត Caterpillar C15V6 កម្លាំង ៦០០ សេះចំណុះ ១៥,២ លីត្រ ទម្ងន់សរុប ២៤ តោន និងមានប្រវែងបណ្ដោយ ១០,៨ ម៉ែត្រទទឹង ២,៥ ម៉ែត្រ និងកម្ពស់ ៣,២ ម៉ែត្រ។
ដាប៊ីយ៉ាន ត្រូវបានឌីហ្សាញ និងផលិតឡើងដោយលោក សៃក៍ ហាមាដ ប៊ីន ហាមដាន អាល់ ណាយ៉ាន ជាអ្នកប្រមែប្រមូលរថយន្ដល្បីឈ្មោះបំផុតម្នាក់នៅអេមីរ៉ាត់ អារ៉ាប់រួម។
រថយន្ដ SUV ធុនយក្សទើបត្រូវបានបង្ហាញនៅពិព័រណ៍រថយន្ដនាពេលថ្មីៗនៃក្រុង Sharjah។ ការចំណាយលើផលិតផលនេះស្ថិតក្នុងអាថ៌កំបាំង។
ដាប៊ីនយ៉ាន ជារថយន្ដថ្លៃបំផុតមួយដែលលោក សៃក៍ ហាមាដ ប៊ីន ហាមដាន អាល់ ណាយ៉ាន បានរក្សាទុកសម្រាប់ជាឯកជនដែលលោកមានមោទនភាពបង្ហាញក្នុងអ៊ីនស្ដាក្រាម។ លោកក៏មានងារជា The Rainbow Sheikh ក្រោយពីរថយន្ដដ៏អស្ចារ្យបំផុតរបស់លោក ១ គ្រឿងដែលជាម៉ូដែល Mercedes S-class បាញ់ថ្នាំពណ៌ឥន្ទធនូពេញតួរថយន្ដ។
អ្នកខ្លះកោតស្ញប់ស្ញែងនឹងគំនិតច្នៃប្រឌិតរបស់បុរសរូបនេះ អ្នកខ្លះទៀតចាត់ទុកវាជារថយន្ដប្រើប្រេងចោលឥតប្រយោជន៍៕ HR