ក្រុង​តូរ៉ុនតូ៖ «Ford v Ferrari» ដែល​ជា​ភាពយន្ដ​បែប​ប្រណាំង​រថយន្ត​ថ្មី​ ​សម្ដែង​ដោយ​តារា​ហូលីវូដ​ Christian Bale និង​ Matt Damon ជា​ការ​រំឭក​ដល់​ប្រវត្ដិ​សម័យ​ដែល​ហូលីវូដ​ចាប់​ផ្ដើម​ល្បីល្បាញ​។ នេះ​បើ​យោង​តាម​ផលិតករ​ភាពយន្ដ​។

ភាពយន្ដ​នេះ​បង្ហាញ​ពី​របៀប​ដែល​លោក Henry Ford II ខិតខំ​រចនា​រថយន្ដ​អាមេរិក​របស់​លោក​មាន​ភាព​ទាក់ទាញ​ ដោយ​ការ​ជួល​អ្នក​ឌីហ្សាញ​ម្នាក់ និង​អ្នក​បើកបរ​ម្នាក់​មក​បញ្ជា​ដៃ​ចង្កូត​រថយន្ដ​បំពាក់​ម៉ាស៊ីន​រថយន្ដ​ប្រណាំង​អ៊ីតាលី Enzo Ferrari ក្នុង​ការ​ប្រកួត ​Le Mans ២៤ ម៉ោង ​ដ៏​ល្បីល្បាញ​ក្នុង​ឆ្នាំ ​១៩៦៦​។

ដោយ​ចំណាយ​ទុន​ប្រមាណ ១០០ លាន​ដុល្លារ ​ដែល​អត់​ប្រើ​ជំនួយ​ក្រាហ្វិក​កុំព្យូទ័រ​ ​ជា​គម្រោង​ទុន​ធំ​របស់​ហូលីវូដ​ដ៏​កម្រ​ ដែល​មិន​មែន​ជា​រឿង​ត​ភាគ ឬ​ភាពយន្ដ​​វីរបុរស​នោះ​ទេ​។

ផលិតករ James Mangold បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​មិន​ប្រកាន់​នោះ​ទេ បើ​អស់​លោក​ហៅ​វា​ថា រថយន្ដ​មិន​ទាន់​សម័យ​ ឬ​ចាស់​គំរឹល​។ ខ្ញុំ​គិត​ថា ទស្សនិកជន​នឹក​​អាល័យ​ដល់​ភាពយន្ដ​​ដែល​ថត​មិន​ប្រើ​ផ្ទាំង​ក្រណាត់​បៃតង​ជា​ផ្ទៃ​ក្រោយ​»។

លោក Bale និង​លោក Damon ជាមួយ​រថយន្ត​សម្រាប់ការ​ថត​កុន​។ រូបថត AFP

លោក Mangold បាន​និយាយ​ថា លោក​មិន​ប្រើ​​ជំនួយ​ក្រាហ្វិក​កុំព្យូទ័រ​ក្នុង​ភាពយន្ដ «Ford v Ferrari​» ចំពោះ​ឈុត​ឆាក​ប្រណាំង​រថយន្ដ​ព្រោះ​​វា​​​ធ្វើ​ឲ្យ​តួ​​សម្ដែង​មាន​អារម្មណ៍​​​ដូច​ស្ថិត​ក្នុង​ស្បោង​នំ​សាំង​វិច​។

ភាពយន្ដ​បែប​ថ្មី​ដែល​ប្រើ​បច្ចេកវិទ្យា​បុរាណ​នេះ បាន​ជួល​អ្នក​បើកបរ​រថយន្ដ​ប្រណាំង​ល្បី​ៗ រួម​ទាំង Ben Collins ដែល​សម្ដែង​ជា​តួ The Stig ក្នុង​កម្មវិធី​ទូរទស្សន៍​អង់គ្លេស «Top Gear» និង​ផលិត​រថយន្ដ​គំរូ​ពី​បុរាណ​ជា​ច្រើន​ផង​ដែរ​។

លោក ​Christian Bale បាន​តប​​រាល់​មតិ​​រិះគន់​ ដែល​ចោទ​​​ថា​ លោក និង លោក ​Damon ​​ជា​តួឯក​សម្ដែង​គួរ​តែ​បើក​រថយន្ត​​​​ខ្លួន​ឯង​​។

លោក​​​​និយាយ​ថា​៖ «​​​យើង​គ្រាន់​តែ​ជា​តួសម្ដែង​មិន​អាច​ធ្វើ​បាន​ដូច​អ្នក​អាជីព​ប្រណាំង​រថយន្ត​នោះ​ទេ​»។

ចាប់​បញ្ចាំង​ពី​ថ្ងៃទី ១៥ ខែ ​វិច្ឆិកា ​រឿង «Ford v Ferrari» មាន​ឈ្មោះ​​នៅ​ក្រៅ​​​អាមេរិក​ខាង​ជើង​មួយ​ទៀត​ថា «​Le Mans 66»​៕ AFP/HR