ភ្នំពេញ: ស្ថិត​ក្នុង​ចំណោម​សិស្សានុសិស្ស​ចំនួន ១០ នាក់​យុវតី សំឡូត រីណា និង រិទ្ធ សុខានាថ បង្ហាញ​ទឹកមុខ​រីករាយ​នៅពេល​ឃើញ​រ៉ូបូត​រថយន្ដ​កង់​ ២ ​របស់​ខ្លួន​ដំណើរការ​យ៉ាង​រលូន​ទៅ​តាម​ការបញ្ជា​លើ​កម្មវិធី​ទូរស័ព្ទដៃ ក្រោយពី​ចំណាយ​ពេល​ប្រមាណ​កន្លះ​ម៉ោង​ផ្គុំ​បំណែក​គ្រឿងចក្រ​តូចៗ​ក្រោម​ការបង្ហាត់បង្ហាញ​របស់​គ្រូជំនាញ​។

និយាយ​បណ្ដើរ ដៃ​បញ្ជា​រ៉ូបូត​រថយន្ដ​ប៉ុន​បាតដៃ​រត់​លើ​តុ​ដែល​ពោរពេញ​ដោយ​គ្រឿងបន្លាស់​យានយន្ដ​តូចៗ​បណ្ដើរ យុវតី សំឡូត រីណា មកពី​សាលា​ឯកជន​មួយ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការសិក្សា​​រ៉ូបូត​បាន​ប្រាប់ថា​៖ «​វា​មាន​លក្ខណៈ​ប្លែក បែប​វិទ្យាសាស្ដ្រ និង​ពិតជា​អស្ចារ្យ​។ វា​គ្រាន់តែ​ជា​គ្រឿងបន្លាស់​តិចតួច​ដែល​យើង​ផ្គុំ​ចូល យើង​អាច​បញ្ជា​វា​បាន​ជាមួយ​កម្មវិធី​ទូរស័ព្ទ​។ វា​ជួយ​ដល់​ការត្រិះរិះ​ពិចារណា​»​។

ការដំឡើង​គ្រឿងយន្ដ ឬ​រ៉ូបូត​ជា​មុខវិជ្ជា​សិក្សា​ថ្មី​មួយ​បែប STEM ដែល​ផ្ដោត​ការអប់រំ​ផ្នែក​បច្ចេកវិទ្យា​ផ្នែក​វិទ្យាសាស្ដ្រ​វិស្វកម្ម និង​គណិតវិទ្យា​គ្រោង​ដាក់​ដំណើរការ​សាកល្បង​នៅ​សាលា​បឋមសិក្សា​ព្រះនរោត្ដម​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុខ​។

លោក គុយ ប៉ាន់ឆ័យ ហៅ ខេវីន ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន​រៀល​លាន​នែរគ្រុប​ដែល​នាំចូល​កម្មវិធី​អប់រំ​កុមារ​បែប​ស្ទែមរ៉ូបូស៊ីង​កម្ពុជា (RoboThink Cambodia) បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ក្នុង​ការបញ្ជូន​កម្មវិធី RoboThink បច្ចេកវិទ្យា​ទំនើប​នេះ​ក្នុង​កម្មវិធីសិក្សា​សាលា​បឋមសិក្សា​ព្រះនរោត្ដម​ឆ្នាំ​ ២០១៩-២០២០ រយៈពេល​ ១ ​ឆ្នាំ​។ យើង​ចាប់ផ្ដើម​ដំណើរការ​សាកល្បង​ជាមួយ ៤ ​ថ្នាក់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៤ ហើយ​សរុប​សិស្ស​ប្រហែល​ជិត ២០០ ​នាក់​»​។

កុមារ​ប្រើប្រាស់​ស្នាដៃ​ផ្ទាល់​ខ្លួន​ដើម្បី​សង់​គ្រឿងចក្រ​ដោយ​ខ្លួនឯង​។ ហុង មិនា

យោង​តាម​ស្ថាបនិក​រ៉ូបូស៊ីង​កម្ពុជា​រូប​នេះ​កម្មវិធី​បែប​បច្ចេកវិទ្យា​សាស្ត្រ​របស់​លោក​បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​ក៏​ដូចជា​ការឆ្លើយតប​ចំពោះ​ឧស្សាហកម្ម ៤.០ ដែល​ពិភពលោក​កំណត់​សម្គាល់​ថា​ជា​បដិវត្ដន៍​លើ​ការបញ្ជា​មនុស្សយន្ដ​ដោយ​ស្វ័យប្រវត្ដិ ការបើក​ឡាន​ដោយ​ស្វ័យប្រវត្ដិ និង​បច្ចេកវិទ្យា​ទំនើបៗ​ដែល​អភិវឌ្ឍ​ចុងក្រោយ​បំផុត​ពាក់ព័ន្ធ​បច្ចេកវិទ្យា AI ការព្រីន 3D​។

លោក ខេវីន ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាលា​តិចណូ​កាលពី​ឆ្នាំ​ ២០១១ បាន​អះអាង​ថា​៖ «​ជាក់ស្ដែង​យើង​មាន​ការបញ្ជា​គ្រឿងយន្ដ​ដោយ​ស្វ័យ​ប្រវត្ដិ បញ្ជា​ដោយ​ប្រើ​សេនស័រ​ភ្លេង ពន្លឺ​ព្រម​ទាំង​កម្មវិធី​សរសេរ​កូដ បណ្ដុះ​កុមារ និង​យុវជន​ឲ្យ​រៀន​អំពី​ភាសា​ឌីជីថល​ដែល​ពិភពលោក​កំពុង​អនុវត្ដ​ជាក់ស្ដែង និង​ត្រៀម​ខ្លួន​ឲ្យ​កម្ពុជា​ដើរ​ទាន់​ឧស្សាហកម្ម ៤.០»​។

លោក​បាន​រៀបរាប់​អត្ថប្រយោជន៍​ត្រួសៗ​សម្រាប់​កុមារ​ដែល​បាន​ចូល​សិក្សា​វគ្គ​ដំឡើង​រ៉ូបូត​ថា ពួកគេ​អាច​ផលិត​យានយន្ដ រថក្រោះ សត្វ​មាន​ចលនា​ដូចជា ពីងពាង ខ្លា ក្រពើ គ្រឿងចក្រ​ពាក់ព័ន្ធ​សំណង់​រួមមាន​ដងសន្ទូច​លើក​វត្ថុ​ធ្ងន់ៗ​ឡើង​លើ​អគារ ព្យ៉ាណូ ម៉ាស៊ីន​ចាប់​តុក្កតា ដ្រូន​ហោះ យន្ដហោះ ឧទ្ធម្ភាគចក្រ អគារ​សួនសត្វ​ដើមឈើ​ផ្សេងៗ​។

ជាមួយ​វត្ដមាន ១០ ​ប្រទេស និង​ជាង ៣០ ​មជ្ឈមណ្ឌល​អប់រំ​ទូទាំង​ពិភពលោក ដែល​កម្ពុជា​គឺជា​ប្រទេស​ទី​ ២ (​បន្ទាប់ពី​ម៉ាឡេស៊ី​) នៅ​អាស៊ីអាគ្នេយ៍ និង​ជា​ប្រទេស​ ៥ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក RoboThink ដែល​ផ្ដោត​សំខាន់​សម្រាប់​កុមារ​អាយុ​ពី ៦ ដល់ ១៤ ឆ្នាំ ឬ​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី ៨ ជា​កម្មវិធីសិក្សា​បច្ចេកវិទ្យា​លាយ​នឹង​ការកម្សាន្ត​។

Anna Sosanna Paulina van Zyl និង​លោក ខេវីន ស្ថាបនិក​ក្រុមហ៊ុន​នាំចូល​កម្មវិធី RoboThink​។ ហុង មិនា

Anna Sosanna Paulina van Zyl នាយិកា​គ្រប់គ្រង​ទូទៅ RoboThink learning centre-Urban Space បាន​និយាយ​ថា​៖ «​ពួកគេ​ប្រើប្រាស់​ស្នាដៃ​ផ្ទាល់​ខ្លួន​ដើម្បី​សង់​គ្រឿងចក្រ ឬ​រ៉ូបូត​ដោយ​ខ្លួនឯង​ហើយ​ពួកគេ​មាន​ចំណង់​បង្កើត​នូវ​អ្វី​ដែល​ខ្លួន​ចង់​។ ពួកគេ​ប្រាកដ​ជា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​។ វា​ក៏​បាន​ជួយ​ពួកគេ​លើ​ជំនាញ​ទំនាក់ទំនង ការងារ​ជា​ក្រុម និង​អភិវឌ្ឍ​ក្ដី​ស្រមៃ​ផងដែរ​។ ខ្ញុំ​គិតថា វា​គឺជា​កម្មវិធី​ដ៏អស្ចារ្យ​សម្រាប់​កុមារ​»​។

ដោយសារ​កម្មវិធីសិក្សា​ផ្ដោត​លើ​រ៉ូបូត​នេះ​ជា​មុខវិជ្ជា​ថ្មី​ដែល​ដាក់​ឲ្យ​ដំណើរការ​ទាំង​ក្នុង​កម្មវិធី​របស់​ក្រសួង​ផង និង​មេរៀន​ក្រៅ​ម៉ោង​ផង សិស្សានុសិស្ស​អាយុ​ចាប់ពី ៦ ទៅ ១៤ ​ឆ្នាំ​ត្រូវ​ចាប់ផ្ដើម​ពី​វគ្គ​ដំបូង​ដូច​គ្នា​។

បើ​ទោះបី​ជា​សម្ភារ និង​ឧបករណ៍​សិក្សា​សម្រាប់​ដំឡើង​ជា​រ៉ូបូត​ដូចជា គ្រឿងបន្លាស់​ផ្សេងៗ​សុទ្ធតែ​មាន​ស្រាប់ៗ​យ៉ាងណា​ក៏ដោយ ក៏​ការ​ផ្គុំ​សម្ភារ​ទាំងនោះ​មិន​ងាយស្រួល​ប៉ុន្មាន​សម្រាប់​កុមារ​តូចៗ​ឡើយ​។

លោក ខេវីន បាន​អះអាង​ថា​៖ «​សម្រាប់​កុមារ​អាយុ​ពី ៦ ​ឆ្នាំ​ឡើង​ទៅ វា​គឺជា​ការបណ្ដុះ​ខួរក្បាល​ឲ្យ​ចេះ​ស្រឡាញ់ និង​ចូលចិត្ដ​បច្ចេកវិទ្យា វិស្វកម្ម និង​វិទ្យាសាស្ដ្រ​»​។

កម្មវិធី​អប់រំ​កុមារ​បែប​ស្ទែម រ៉ូបូស៊ីង កម្ពុជា មាន​ទីតាំងនៅ Urban Space ម្ដុំ​ទួលគោក​។ហុង មិនា

គួរ​បញ្ជាក់​ថា​ការបញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​សាលា​រដ្ឋ​មុខវិជ្ជា RoboThink មាន​រយៈពេល ៨ ​ឆ្នាំ​សម្រាប់​សិស្សានុសិស្ស​សិក្សា​រហូត​ដល់​ចប់​។ ចំពោះ​ការសិក្សា​ក្រៅ​ម៉ោង និង​ថ្នាក់​បវេសនកាល​ការសិក្សា​មាន​រយៈពេល ១៥៦ ​សប្ដាហ៍ ឬ ៣ ​ឆ្នាំ​កន្លះ​។ វា​មាន​តម្លៃ​សិក្សា ១៥០ ដុល្លារ​ក្នុង​ ១ ​ត្រីមាស​ជាមួយ​ការសិក្សា​ ១ ​សប្ដាហ៍​រយៈពេល ១ ​ម៉ោង​កន្លះ​។

បើ​ទោះបី​ជា​សិស្ស​អនុវិទ្យាល័យ​រៀន​ថ្នាក់​ទី ៨ វ័យ ១៦ ឆ្នាំ​ទាំង​ ២ ​នាក់​មាន​បំណង​ប្រាថ្នា​អនាគត​ជា​អ្នក​ជំនួញ និង​អ្នក​គ្រូពេទ្យ​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ ដែល​ពិភពលោក​កំពុង​តែ​បោះជំហាន​ទៅ​មុខ​យ៉ាង​លឿន​។

យុវសិស្ស សុខានាថ បាន​និយាយ​ថា​៖ «​ទោះ​ពួក​ខ្ញុំ​មិន​ចង់​ចាប់​អាជីព​ផ្នែក​រ៉ូបូត​នេះ​ទៅ​ថ្ងៃ​អនាគត​យ៉ាងណា​ក្ដី តែ​ការសិក្សា​ផ្នែក​បច្ចេកវិទ្យា​វា​ផ្សារភ្ជាប់​ទៅ​នឹង​ឧស្សាហកម្ម​ផ្សេងៗ​ទាំងអស់​»៕

វីដេអូ៖