ក្រុងញូវយ៉ក: ស្ថិត​ក្នុងការិយាល័យ​ដ៏​អ៊ូអរ ម៉ាស Bolx-Vox អាចជួយ​ធានា​មិន​ឲ្យ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ អ្នក​លេច​ឮ​ទៅ​នរណា​ម្នាក់​ឡើយ។

ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក ក្រេក អាមហូហ្វើ អ្នក​ឯកទេស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ម៉ាស BolxVox ត្រូវ​បាន​ស្ថាបនិក​រូបនេះ​ចាត់​ទុក​ថា ជា​ដំណោះ​ស្រាយ​រក្សា​ភាព​ឯកជន និង​ការ​សម្ងាត់ នៅ​ក្នុង​ការិយាល័យ​មាន​បុគ្គលិក​ច្រើន ដោយ​អ្នក​លើក​ទូរស័ព្ទ​មិន​ចាំ​បាច់​ងើប​ពី​តុ​ធ្វើការ ហើយ​ដើរ​ទៅ​រក​កន្លែង​ស្ងាត់​ដើម្បី​និយាយ​គ្នា​ឡើយ។

ស្ថាបនិក​ម៉ាស BolxVox ដែល​បានដាក់​ពាក្យ​ប្រមូល​ការគាំទ្រ​មូលនិធិ​ផលិត តាមរយៈ​វេបសាយ Kickstarter រូប​នេះ បាន​លើក​ឡើង​ថា៖ «ក្រោយ​ពី​ផលិត ម៉ាស​គំរូ​អស់​ប្រមាណ ៧៥ ផលិតផល និង​ធ្វើ​តេស្ត កែខៃ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​បង្ហាញ​ដំណោះ​ស្រាយ​នឹង​បញ្ហា​ក្នុង​ការិយាល័យ»។

ម៉ាស BolxVox ធានាថា​អាច​រក្សា​សម្ដី​សន្ទនា​របស់​អ្នក មិន​ឲ្យ​ហូរ​ចូល​ត្រចៀក​ជន​ទី ៣ ដោយ​អ្នក​ប្រើប្រាស់​គ្រាន់​តែ​គ្រប​វា​លើ​មាត់ រួច​បំពាក់​ខ្សែ​លើ​ក្បាល​ជា​ការ​ស្រេច។ តែ​ចំណុច​អវិជ្ជមាន​ម្យ៉ាង​របស់​វា គឺ​រូប​រាង​មិន​សូវ​ទាក់​ទាញ ដែល​ស្រដៀង​ទៅ​នឹង​ច្រមុះ​គោ។

ស្ថាបនិក ក្រេ​ក អាម​ហូ​ហ្វើ រំពឹងថា នឹង​អាច​កៀរគរ​ថវិកា​គាំទ្រ ២៥០០០ ដុល្លារ​លើ​វេប​សាយ Kickstarter ដើម្បី​សម្រេច​គម្រោង​ផលិត ម៉ាស BolxVox លក់​លើ​ទីផ្សារ។

អតិថិជន ដែល​ហ៊ាន​បោះទុន​កុម្ម៉ង់ ម៉ាស BolxVox នៅ​ពេល​នេះ​អាច​ចំណាយ​ត្រឹមតែ ៥០ ដុល្លារ ប៉ុន្តែ​នៅ​ពេល​វា​ចេញ​លក់​លើ​ទីផ្សារ តម្លៃ​វា​នឹង​ហក់​ដល់ ១០០ ដុល្លារ៕