ក្រុងម៉ូស្គូ: មើលទៅ​គួរ​ឲ្យ​ស្រៀវ​សាច់ និង​ហោះ​ម្ដង​មិន​លើសពី​កន្លះ​ម៉ោង​នោះ​ទេ។ ប៉ុន្ដែ​ក្រុមហ៊ុន​រុស្ស៊ី Hoversurf បាន​បើក​ឲ្យ​កុម្ម៉ង់​ទុក​សម្រាប់​ម៉ូដែល​ម៉ូតូ​រពីង​ហោះ Scorpion Hoverbike។

ម៉ូតូ​ហោះ ដែល​ត្រូវបាន​លក់​ឲ្យ​កងកម្លាំង​ប៉ូលិស​ឌូ​បៃ​រួចហើយនោះ ត្រូវបាន​ឌី​ហ្សា​ញ​ឡើង​វិញ​ជាមួយ​អាគុយ និង​គ្រោង​ជ័រ​ក្រែប​កាបូន។

ម៉ូតូ​ហោះ​មាន​ទម្ងន់ ១១៤ គីឡូក្រាម ដែលមាន​សមត្ថភាព​ហោះ​ផុតពី​ដី ៥ ម៉ែត្រ និង​សម្ទុះ​ល្បឿន ៩៦ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ទោះ​វា​ត្រូវ​បាន​ច្បាប់​ប្រទេស​នីមួយៗ​កំណត់​ល្បឿន​ខុសៗ​គ្នា​ក្តី។

ម៉ូតូ​រពីង ក៏ត្រូវ​បានធ្វើ​ប​ច្ចុប្បន្ន​ភាពជា​មួយ​អាគុយ​ម៉ាញ៉េ​ទិច​កូនកាត់ ដែល​អាច​ហោះ​ពី​ចន្លោះ ១០ ទៅ ២៥ នាទី​អាស្រ័យ​លើ​អាកាស​ធាតុ និង​ទម្ងន់​អ្នក​បើក​បរ។

នៅមាន​តេ​ឡេ​បញ្ជា​ដ្រូន​ហោះ ដែលមាន​សមត្ថភាព​ហោះ​រហូតដល់ ៤០ នាទី​ថែម​ទៀត។ ក្រុមហ៊ុន​បាន​អះអាង​ថា៖ «ទំហំ​ខ្នាត​របស់​ម៉ូតូ​រពីង អនុញ្ញាត​ឲ្យ​វា​អាច​បត់​បែន​ស្លាប​ទ្វារ មាន​សមត្ថភាព​ហោះហើរ និង​ចុះ​ចត​នៅ​លើ​ចំណត​រថយន្ដ​ធម្មតា​បាន»។

អតិថិជន​អាច​កុម្ម៉ង់​ទិញ HoverbikeS3 2019 ជាមួយ​តម្លៃ​កក់ ១ ម៉ឺន​ដុល្លារ ខណៈ​តម្លៃ​ពេញ​របស់​វា ១៥ ម៉ឺន​ដុល្លារ ហើយ​ការ​ដឹក​ជញ្ជូន​គ្រោង​នឹង​ចាប់​ផ្ដើម​នូវ​រយៈពេល​ពី ២ ទៅ ៦ ខែ​ទៀត​ចាប់​ពី​ថ្ងៃ​បញ្ជា​ទិញ។

ក្រុមហ៊ុន​បន្ដថា៖ «កម្រិត​ហោះហើរ​សុវត្ថិភាព​របស់​យើង​គឺ ៥ ម៉ែត្រ​លើដី តែ​អ្នកបើកបរ​ខ្លួនឯង​អាច​កែ​សម្រួល​កម្ពស់​ទៅ​តាម​កម្រិត​ផាសុកភាព​របស់​ខ្លួន»។

ម៉ូតូ​រពីង ត្រូវបាន​ឆ្លងកាត់​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក ដែល​ត្រូវ​បានផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ចំពោះ​ការ​ហោះ​ហើរ​សម្រាប់​អ្នក​បើកបរ​ដោយ​មិន​ចាំបាច់​មាន​អាជ្ញា​ប័ណ្ណ​អាកាស​ចរណ៍៕HR