ក្រុងវ៉ានខូវើរ៖ យន្ដហោះ​ពាណិជ្ជកម្ម​អគ្គិសនី​សុទ្ធ​ជា​លើក​ដំបូង​ក្នុង​លោក​ បាន​បើកបរ​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ចេញ​ដំណើរ​ពី​ទីក្រុង​វ៉ានខូវើរ របស់​កាណាដា និង​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​យាន្ដ​នេះ​អាច​បញ្ឈប់​បញ្ហា​បំពុល​បរិស្ថាន​។

លោក Roei Ganzarski នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន​វិស្វកម្ម ​magniX មូលដ្ឋាន​នៅក្រុង Seattle បាន​និយាយ​ថា៖ «​នេះ​ស​បញ្ជាក់​ថា យាន​ពាណិជ្ជកម្ម​ក្នុង​ទម្រង់​ថាមពល​អគ្គិសនី​ទាំង​ស្រុង​អាច​ដំណើរការ​បាន​»។

ក្រុមហ៊ុន​បាន​ឌីហ្សាញ​ម៉ូទ័រ​យន្ដហោះ និង​សហការ​ជាមួយ​ដៃគូ​ Harbour Air ដែល​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​កន្លះ​លាន​នាក់​ក្នុង ​១ ​ឆ្នាំ ​រវាង​ទីក្រុង​វ៉ានខូវើរ រីសត ​Whistler ski និង​ប្រជុំ​កោះ​ក្បែរ​ខាង​ ព្រម​ទាំង​សហគមន៍​ឆ្នេរ​នានា​។

ការ​ហោះហើរ ១៥ នាទី​អាចជំនួស​ការ​បើកបរ​រថយន្ត​ជាង ១ ម៉ោង​​។ រូបថត AFP

ហ្គាន់ហ្សាស្គី និយាយ​ថា បច្ចេកវិទ្យា​អាច​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​លើ​សេវា​យន្ដហោះ ដោយ​មិន​ទាន់​គិត​ដល់​បញ្ហា​បំពុល​បរិស្ថាន​ផង​។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​នេះ​ជា​សករាជ​នៃ​ការ​ចាប់​ផ្ដើម​រជ្ជកាល​យន្ដហោះ​អគ្គិសនី​»។

អាកាសចរណ៍​ស៊ីវិល គឺ​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​កាបោន​ដ៏​ច្រើន​បំផុត​មួយ​ ខណៈ​មនុស្ស​នាំ​គ្នា​ធ្វើ​ដំណើរ​លើ​អាកាស​ច្រើន ហើយ​បច្ចេកវិទ្យា​ថ្មីៗ​ហាក់​នៅ​តែ​មាន​សម្ទុះ​យឺត​យ៉ាវ​ចំពោះ​ការ​ចេញ​ដំណើរ​ពី​ដី​។

យ៉ាងណា​មិញ Harbour Air នឹង​ត្រូវ​រង់ចាំ​យ៉ាង​ហោច ២ ឆ្នាំ ​មុន​ពេល​វា​ចាប់​ផ្ដើម​បំពាក់​ថាមពល​អគ្គិសនី​លើ​យន្ដហោះ​ឆ្លង​សមុទ្រ​ជាង ៤០ គ្រឿង​៕ AFP/HR