ភ្នំពេញៈ ស្ថាបនិក​ក្រុមហ៊ុន Demine Robotics លោក យិម ប្រសិទ្ធិរិទ្ធ ឬ រីឆាត យិម ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​សហគ្រិន​វ័យក្មេង​អាយុ​ក្រោម ៣០ ​ឆ្នាំ​ប្រចាំ​ឆ្នាំ​ ២០១៩ ដែល​បាន​បង្កើត​មនុស្ស​យន្ត​ដោះមីន​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។

បញ្ចប់​ការសិក្សា​លើ​ជំនាញ​វិស្វកម្ម​មេកានិច​នៅ​សាកវិទ្យាល័យ Waterloo ប្រទេស​កាណាដា លោក យិម ប្រសិទ្ធិរិទ្ធ បាន​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ និង​សាកល្បង​ចំពោះ​ការបង្កើត​ម៉ាស៊ីន​ដោះមីន​ស្វ័យប្រវត្ដិ​ជាមួយ​ក្រុម​ការងារ​កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៥ រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​របស់​លោក​បាន​បង្កើត​ម៉ាស៊ីន​ដោះមីន​ចំនួន ៤ ជំនាន់​រួច​មក​ហើយ​។

ក្រុមហ៊ុន Demine Robotics ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​ចម្បង​ ២ គឺ​ការបង្កើត​ម៉ាស៊ីន​ដោះមីន​ស្វ័យប្រវត្ដិ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកដោះមីន និង​ប្រជាជន និង​ជួយ​ប្រជាជន​ឲ្យ​មាន​ជីវភាព​ប្រសើរ​ជាង​មុន​។

លោក ប្រសិទ្ធិរិទ្ធ បាន​ប្រាប់​ពី​មូលហេតុ​ដំបូង​នៃ​ការបង្កើត​ម៉ាស៊ីន​ដោះមីន​នេះ​ថា​៖ «​កាលពី​ក្មេង ខ្ញុំ​ទៅ​មាត់ទន្លេ ឃើញ​បងៗ​ពិការ​ជាច្រើន ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​ពួកគាត់​បាត់បង់​ដៃ ជើង ហើយ​ពេល​ខ្ញុំ​ទៅ​ជនបទ ម៉ាក់ប៉ា​ខ្ញុំ​ហាម​មិន​ឲ្យ​ដើរ​កន្លែង​ណា​ដែល​គេ​មិនទាន់​ដើរ ត្រូវ​ដើរ​តាមដាន​ជើង​មនុស្ស ប្រយ័ត្ន​មីន អ៊ីចឹង​ខ្ញុំ​គិតថា​ក្មេងៗ​បាត់បង់​សេរីភាព​សម្រាប់​ការដើរ ខុស​ពី​ពេល​ខ្ញុំ​នៅ​កាណាដា ក្មេងៗ​នៅ​ស្រុក​គេ​អាច​ដើរលេង​ក្នុង​ព្រៃ​បាន​ដោយ​សប្បាយ​ខុស​ពី​ប្រទេស​យើង នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ចង់​ឲ្យ​ប្រជាជន ពិសេស​ក្មេងៗ​មាន​សេរីភាព​ក្នុង​ការដើរ​ដូច​គេ​»​។

លោក យិម ប្រសិទ្ធិរិទ្ធ ស្ថាបនិក​រ៉ូបូត​ដោះមីន​ស្វ័យប្រវត្តិ​។ រូបថត លៀប ទេពិទូ

នៅក្នុង​ដំណើរការ​នៃ​ការដោះមីន​បាន​បែងចែក​ជា​ ៣ ​ដំណាក់កាល​រួមមាន​៖ ទី​ ១ ការរាវ​រក​ទីតាំង​គ្រាប់មីន ទី​ ២ ជីក​យក​គ្រាប់មីន​ពី​ក្នុង​ដី​ឡើង​មក​ខាង​លើ និង​ទី​ ៣ គឺជា​ការបំផ្ទុះ​គ្រាប់មីន​។

រ៉ូបូត​ដោះមីន​នេះ​មាន​ឈ្មោះ​ថា «​ជីវិត​» ដែល​មាន​តួនាទី​សំខាន់​នៅក្នុង​ដំណាក់កាល​ទី ២ គឺ​ការជីក​យក​គ្រាប់មីន មនុស្ស​អាច​បញ្ជា​រ៉ូបូត​នេះ​ក្នុង​ចម្ងាយ​ពី ៣០០ ទៅ ១០០០ ​ម៉ែត្រ​ដោយ​អ្នកបញ្ជា​អាច​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​អាច​មើល​ពី​ដំណើរការ​របស់​រ៉ូបូត​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​ភ្ជាប់​ជាមួយ​តួ​រ៉ូបូត​នៅពេល​ដែល​រ៉ូបូត​ទៅ​ដល់​កន្លែង​ដែល​មាន​មីន វា​នឹង​ធ្វើការ​ជីក​ទៅ​ក្រោម​មីន​ដោយ​ស្វ័យប្រវត្តិ និង​លើក​យក​គ្រាប់មីន​ឡើង​មក​លើ​វិញ ជាប់​ជាមួយ​ដី​ដែល​ងាយស្រួល​ធ្វើឲ្យ​អ្នក​ដោះមីន​ដោះ​ទៅ​បំផ្ទុះ​ចោល​។

លោក ប្រសិទ្ធិរិទ្ធ បាន​បញ្ជាក់​ថា​៖ «​បើ​យើង​ឲ្យ​បងៗ​ដោះមីន​ទៅ​ជីក ​បើ​គាត់​ជួប​ហេតុការណ៍​ណា​មួយ​អកុសល ស្រាប់តែ​មីន​ហ្នឹង​ផ្ទុះ គាត់​នឹង​បាត់បង់​ជីវិត យើង​មិន​អាច​យក​អាយុ​ជីវិត​ប្រជាជន​យើង​ទៅ​ផ្សងសំណាង​នោះ​ទេ អ៊ីចឹង​បើ​ឲ្យ​ម៉ាស៊ីន​ទៅ​ជីក បើ​ផ្ទុះ​វា​ខូច​តែ​ម៉ាស៊ីន​ទេ យើង​អាច​ជួសជុល​បាន​ទៀត​»​។

រ៉ូបូត «​ជីវិត​» ត្រូវ​បាន​សាងសង់​ដោយ​វិស្វករ​ជាង​ ១០ ​នាក់ ទាំង​ខ្មែរ និង​បរទេស​ដោយ​ចំណាយ​ថវិកា​ផលិត​អស់​ប្រមាណ​ជាង ២ ម៉ឺន​ដុល្លារ និង​ប្រើប្រាស់​រយៈពេល​ជិត ៤ ខែ​ក្រោម​ការឧបត្ថម្ភ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស​។

រ៉ូបូត​ដែល​បាន​ឈ្នះ​ពានរង្វាន់​ដ៏ច្រើន​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ឆ្នាំ ២០១៦ រហូត​ដល់​ឆ្នាំ​ ២០១៩ នេះ​ក៏​មាន​ការទទួល​ស្គាល់​កម្មសិទ្ធិបញ្ញា​ពី​អន្តរជាតិ​ចំនួន ១៥០ ​ប្រទេស​ដែល​បញ្ជាក់​ថា ជា​ម៉ាស៊ីន​ថ្មី ជឿនលឿន​ច្រើន និង​បង្កើត​ដោយ​កូន​ខ្មែរ​។

នៅ​ចុង​ឆ្នាំ​ ២០១៩ នេះ​លោក យិម ប្រសិទ្ធិរិទ្ធ បាន​គ្រោង​នឹង​បង្កើត​រ៉ូបូត​ដោះមីន​ជំនាន់​ទី ៥ មួយ​ទៀត​ដែល​មាន​សមត្ថភាព​ក្នុង​ការ​កាត់​គ្រាប់មីន​ដោយ​មិន​ឲ្យ​ផ្ទុះ និង​គ្រោង​យក​សមិទ្ធផល​ថ្មី​នេះ​ទៅ​ប្រើប្រាស់​នៅ​ខេត្ត​រតនគិរី​។

ទន្ទឹម​នឹង​នោះ​លោក​ក៏​មាន​គម្រោង​នឹង​ផលិត​រ៉ូបូត​ដោះមីន​នេះ​ឲ្យ​បាន​ចំនួន​ច្រើន​សម្រាប់​ប្រើប្រាស់​នៅ​តាម​បណ្តា​ខេត្ត​នានា និង​នៅ​បរទេស​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ក៏​ដូចជា ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​ថា ម៉ាស៊ីន​ដោះមីន​ដែល​ជួយ​ដល់​មនុស្សជាតិ​នេះ​ជា​របស់​ខ្មែរ និង​ផលិត​ដោយ​វិស្វករ​ខ្មែរ​ផង​ដែរ​៕

វីដេអូ៖