ភ្នំពេញ៖ ឈរបោយដៃហៅរថយន្ដឈ្នួលជិះបានក្លាយជាទម្លាប់ហួសសម័យដោយសារប្រតិបត្ដិករដឹកជញ្ជូននាំគ្នាផ្លាស់ប្ដូរទៅកាន់បច្ចេកវិទ្យាកក់ និងទិញសំបុត្រតាមអនឡាញ។
ពេលនេះ អ្នកដំណើរអាចទិញ និងកក់កៅអីអង្គុយលើរថយន្ដក្រុង នាវា និងតាក់ស៊ីទៅតាមគោលដៅជាច្រើនទាំងនៅក្នុងប្រទេស និងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍។
BookMeBus ជាសេវាកម្មលក់សំបុត្រដឹកជញ្ជូនអនឡាញ បានបង្កការងាយស្រួលសម្រាប់អតិថិជនក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរ និងគោលដៅជាច្រើន។
លោក ជា ឡង់ដា ជាស្ថាបនិក BookMeBus បានឲ្យដឹងថា៖ «យើងឆ្លើយតបនឹងតម្រូវការអតិថិជន និងដំណោះស្រាយសម្រាប់មនុស្សគ្រប់រូប ដែលមិនចាំបាច់ទៅទិញសំបុត្រដល់កន្លែង អ្នកប្រើប្រាស់ BookMeBus ចំណាយពេលតែប៉ុន្មាននាទីទទួលបានសំបុត្រយានជំនិះ និងដឹងកៅអីអង្គុយភ្លាមៗ។ អ្នកប្រើប្រាស់ដ៏មិនចាំបាច់ប្រើដល់ថ្នាក់បច្ចេកវិទ្យា ឬឌីជីថលទំនើបៗអីដែរ»។
លោក ជា ឡង់ដា ក៏ជាអ្នកដំណើរតាមឡានឈ្នួលជារឿយៗ ហើយកាលពេលមុន លោករមែងជួបបញ្ហាលំបាកនៃការធានាកៅអីអង្គុយលើឡានឈ្នួលអំឡុងបុណ្យចូលឆ្នាំខ្មែរ ដើម្បីទៅលេងឪពុកម្ដាយនៅស្រុកកំណើត។ ពេលមមាញឹកខ្លាំងអ្នកដំណើរត្រូវដណ្ដើមកន្លែងអង្គុយដ៏តូចចង្អៀត។
បុរសអាយុ ២៩ ឆ្នាំ ដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា និងអប់រំ បាននិយាយថា៖ «ការធ្វើដំណើរមិនមានការស្មុគស្មាញ ហើយជាមួយការប្រើប្រាស់បច្ចេកវិទ្យា យើងអាចទិញសំបុត្រ និងកក់កៅអី ព្រមទាំងព័ត៌មាននៃការធ្វើដំណើរដ៏ត្រឹមត្រូវ។ លើសពីនេះ វាក៏ជួយសម្រួលដល់ប្រតិបត្ដិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនប្រតិបត្ដិករ និងពង្រីកជំនួញរបស់ពួកគេផងដែរ»។
ក្នុងឆ្នាំ ២០១៥ លោក ឡង់ដា និងមិត្ដភក្ដិ ៤ នាក់ទៀតបានបង្កើត BookMeBus ជាមួយទស្សនៈកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការដឹកជញ្ជូន និងទេសចរណ៍ នៅតំបន់អាស៊ីអាគ្នេយ៍។
ចំពោះមុខនាទីបច្ចុប្បន្ន លោកធ្វើការជាវិស្វករសូហ្វវែរ ៨ ឆ្នាំ ជាមួយប្រវត្ដិការងារក្នុងទិន្នន័យ Cloud Technology និងមុខងារសព្វថ្ងៃជាអ្នកតំណាងប្រចាំប្រទេសនៃក្រុមហ៊ុនអនឡាញ Alibaba។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើងចង់កសាង និងបង្កើនប្រព័ន្ធអេកូឡូស៊ីជុំវិញបញ្ហាការដឹកជញ្ជូនក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាមួយប្រព័ន្ធគ្រប់គ្រង និងចែកចាយល្អប្រសើរ»។
លោកបន្ដថា BookMeBus ផ្ដល់ភាពងាយស្រួលដល់ការកក់សំបុត្ររថយន្ដក្រុង និងនាវា ដែលភ្ជាប់គោលដៅទូទាំងប្រទេស ក៏ដូចជា ទីក្រុងអន្ដរជាតិជាច្រើនទៀតរវាងកម្ពុជា វៀតណាម និងថៃ ដែលអាចឲ្យភ្ញៀវជាតិ និងអន្ដរជាតិធ្វើដំណើរប្រកបដោយភាពងាយស្រួល។
ជាមួយប្រតិបត្ដិករជាង ៦០ ក្រុមហ៊ុន នោះមានន័យថា អ្នកដំណើរអាចធ្វើការទិញសំបុត្រអនឡាញជាមួយជម្រើសក្រុមហ៊ុនដឹកជញ្ជូននានា និងតាមការវិភាគតម្រូវការរបស់ខ្លួន។
ស្ថាបនិករូបនេះ បានលើកឡើងថា៖ «វាជាជោគជ័យមួយដែលយើងបានបង្កើនចំនួនអ្នកប្រើប្រាស់ ដៃគូ និងខ្សែដឹកជញ្ជូនដ៏ច្រើន។ យើងមិនបានផ្ដល់ឲ្យគ្រប់ខ្សែដឹកជញ្ជូននោះទេ តែពេលនេះ យើងគ្របដណ្ដប់គោលដៅចំនួន ៣០ និងខ្សែដឹកជញ្ជូនជាង ៣០០ នៅកម្ពុជា វៀតណាម និងថៃ ហើយអ្នកដំណើរងាយស្រួលក្នុងការឆ្លងកាត់ព្រំដែន»។
អ្នកដំណើរត្រូវបំពេញនីតិវិធីប៉ុន្មានជំហាន ដោយចាប់ផ្ដើមពីការជ្រើសរើសគោលដៅ ពេលវេលា កៅអី និងការបង់ប្រាក់តាមរយៈវិធីសាស្ដ្រជាច្រើនប្រភេទ។
លោក ឡង់ដា បានឲ្យដឹងថា៖ «អ្នកប្រើប្រាស់នឹងទទួលបានសំបុត្រអេឡិចត្រូនិកក្រោយពីបង់ប្រាក់រួច ហើយពួកគេអាចប្រើសំបុត្រនោះបង្ហាញបុគ្គលិកឡើងយានជំនិះ»។
លោកបន្ដថា៖ «យើងមិនមានសេវាកម្មលើដំណើរការនៃការត្រួតពិនិត្យឆ្លងប៉ុស្ដិ៍ព្រំដែន ដែលទាក់ទងនឹងការសុំទិដ្ឋាការ និងនីតិវិធីផ្សេងៗនោះទេ តែយើងព្យាយាមជួយសម្រួលកិច្ចការ»។
BookMeBus ផ្ដោតចម្បងលើការច្របាច់បញ្ចូលបច្ចេកវិទ្យាក្នុងការគ្រប់គ្រងការដឹកជញ្ជូន ដោយបន្ថែមតម្លៃក្នុងឧស្សាហកម្មទេសចរណ៍។
ក្រុមហ៊ុនបានឈ្នះពាន Runway to Web Summit Thailand ក្នុងព្រឹត្ដិការណ៍ Digital Thailand Big Bang ឆ្នាំ ២០១៩។
កញ្ញា ហ៊ុន កែវលីដេត បុគ្គលិកផ្នែកទំនាក់ទំនងបានឲ្យដឹងថា៖ «ពាននេះទទួលបាននៅប្រទេស ថៃ អំឡុងពេលក្នុងព្រឹត្ដិការណ៍ Digital Thailand BigBang 2019 នៅខែវិច្ឆិកា។ យើងបានចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត និងត្រូវបានជ្រើសរើសជាម្ចាស់ជយលាភី»។
BookMeBus ស្ថិតនៅផ្ទះ A23A សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយសម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ https://bookmebus.com៕