ក្រុងញូវដែលី៖ ពេលការតម្រង់ជួរវែងដូចកន្ទុយខ្លែងខាងក្រៅហាងស្រាក្នុងប្រទេស ឥណ្ឌា អំឡុងពេលបន្ធូរបន្ថយការបិទប្រទេស លោក ការធិក វេឡាយូថាម បាននឹកឃើញគំនិតរក្សាគម្លាតសុវត្ថិភាព ដោយការផលិតរ៉ូបូតឲ្យដើរផ្សារជំនួសខ្លួន។
ម៉ាស៊ីនដ៏មានប្រយោជន៍នេះ ជាប្រអប់ដាក់កង់លើទម្រឈើ ជាស្នាដៃរបស់វិស្វករកុំព្យូទ័រចំណាយពេលផលិត ២ ថ្ងៃ និងចំណាយប្រាក់ ៤០ ដុល្លារ។ ប៉ុន្ដែវាបំពេញភារកិច្ចសំខាន់ឲ្យម្ចាស់របស់វាចំពេលអនុវត្ដរក្សាគម្លាតសុវត្ថិភាព ដែលបានប៉ះពាល់ពលរដ្ឋក្នុងពិភពលោកជាង ៤ លាននាក់ និងសម្លាប់មនុស្សជាង ៣០ ម៉ឺននាក់។
លោក វេឡាយូថាម អាយុ ៣១ ឆ្នាំ បានប្រាប់ AFP ថា៖ «ខ្ញុំបានប្រើរ៉ូបូតឲ្យទៅហាងស្រាជាការសាកល្បងបង្ហាញពីរបៀបប្រើប្រាស់រ៉ូបូតនៅក្នុងសភាពមនុស្សម្នាច្រើន និងផ្សព្វផ្សាយចំណេះដឹងអំពីសារសំខាន់នៃការរក្សាគម្លាតសុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាល»។
លោកបន្ដថា៖ «ខ្ញុំបានសាកល្បងឧបករណ៍នេះនៅតាមដងវិថីនានា ហើយវាគ្មានបញ្ហាអ្វីនោះទេ ដោយមានដំណើរការយ៉ាងរលូន សូម្បីតែល្បឿនធ្វើដំណើរ ពីព្រោះខ្ញុំប្រើម៉ូទ័រអេឡិចត្រូនិក»។
លោកអាចគ្រប់គ្រងម៉ាស៊ីនបានងាយស្រួល និងប្រកបដោយសុវត្ថិភាព ពីផ្ទះនៅទីក្រុងខូអ៊ីមបាទ័រ ភាគខាងត្បូងរដ្ឋតាមិល ណាឌូ។ ការប្រើប្រាស់ទូរស័ព្ទជំនួយសម្រាប់រ៉ូបូត លោកអាចបញ្ជាតាមរយៈប្រព័ន្ធអ៊ីនធឺណិត។
លោកបានប្រាប់ម្ចាស់ហាងនូវអ្វីដែលខ្លួនចង់ទិញតាមរយៈវីដេអូខល។ រ៉ូបូតនេះអាចផ្ទុកសម្ភារទម្ងន់ ៥០ គីឡូក្រាម។
លោកបានបន្ដថា៖ «ភាពវិសេសរបស់រ៉ូបូតនេះ គឺថាវាអាចត្រូវបានបញ្ជាគ្រប់ទីកន្លែងទូទាំងពិភពលោក។ ការបង់ប្រាក់អាចធ្វើឡើងតាមរយៈការប្រើកម្មវិធីទូរស័ព្ទ ឬប្រព័ន្ធបង់ប្រាក់ពីចំណាយ»។
នៅជុំវិញពិភពលោក រ៉ូបូតត្រូវបានដាក់ពង្រាយអំឡុងពេលមានរោគរាតត្បាត ដើម្បីដឹកជញ្ជូនម្ហូបអាហារ ធ្វើការត្រួតពិនិត្យសុខភាព និងថែមទាំងបាញ់ថ្នាំសម្លាប់មេរោគ។
លោកមានជំនឿចិត្ដថា ម៉ាស៊ីនរ៉ូបូតរបស់ខ្លួនដែលត្រូវកែសម្រួលតិចតួច អាចចូលរួមនៅខ្សែត្រៀមជួរមុខបាន។
លោកបានអះអាងទៀតថា៖ «វាអាចប្រើនៅមន្ទីរពេទ្យ ដើម្បីធ្វើការទំនាក់ទំនងជាមួយអ្នកជំងឺពីចម្ងាយ ក៏ដូចជាកិច្ចការជាច្រើនទៀត រួមទាំងការដើរផ្សារ ល្បាត ឬក្នុងស្ថានភាពមានអគ្គិភ័យ ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ»៕ AFP/HR