
ក្រុមយុវជនបង្កើត App Style-ស្ទីល សម្រាប់ជួលសម្លៀកបំពាក់បុរស និងស្ត្រី។ សហការី
ភ្នំពេញ៖ ជាដំណោះស្រាយនៃការចំណាយប្រាក់ច្រើនទៅលើសម្លៀកបំពាក់សម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗចំពោះអ្នកចូលចិត្តប្តូរស្ទីលសម្លៀកបំពាក់ អាចចំណាយតិច និងមានភាពងាយស្រួល យុវជន ១ ក្រុម បានបង្កើត App នៅលើកម្មវិធីទូរស័ព្ទថ្មីសម្រាប់ជួលសម្លៀកបំពាក់ទាំងបុរស និងនារី។
Style-ស្ទីល ចំណាយចាប់ពី ១៥ ដល់ ៣០ ដុល្លារ ក្នុងសម្លៀកបំពាក់ ១ សម្រាប់ យ៉ាងស្រស់ស្អាតថ្លៃថ្នូរ មានសម្លៀកបំពាក់គ្រប់ប្រភេទអាចពាក់ចូលរួមក្នុងកម្មវិធីផ្សេងៗដូចជា ពិធីមង្គលការ ខួបកំណើត ជប់លៀង ឬពិធីបុណ្យប្រពៃណីជាតិជាដើម។
យុវតី រិទ្ធី ពេជ្រចរណៃ វ័យ ២០ ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) បានប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ពួកខ្ញុំមានគ្នា ៤ នាក់ ដែលបង្កើត App Style-ស្ទីល ប៉ុន្តែមិនបានរៀនផ្នែកជាមួយគ្នានោះទេ ដោយរៀនត្រូវម៉ោងគ្នា តែ Business តែប៉ុណ្ណោះ ហើយក៏បានស្គាល់គ្នា រហូតដល់ថ្ងៃ ១ មិត្តភក្តិខ្ញុំម្នាក់គាត់មានបញ្ហារឿងអត់មានអីពាក់ទៅចូលរួមកម្មវិធី ដោយត្រូវចំណាយថវិកាច្រើន ទៅលើសម្លៀកបំពាក់ ផាត់មុខ និងចំណាយទៅលើអ្វីផ្សេងៗទៀត ណាមួយត្រូវចំណាយពេលទៅទិញ ឬជួលទៀត ទើបពួកខ្ញុំពិភាក្សាគ្នាថា បើមាន App សម្រាប់ជួលខោអាវមួយប្រហែលជាល្អ ព្រោះនៅស្រុកយើងមិនទាន់មានកម្មវិធីបែបនេះនោះទេ ហើយពួកយើងក៏បានមូលមតិគ្នាបង្កើតតែម្តងទៅ»។

រិទ្ធី ពេជ្រចរណៃ និស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យផារ៉ាហ្គន។ ហុង មិនា
សមាជិកបង្កើត App សម្រាប់ជួលសម្លៀកបំពាក់មានចំនួន ៤ នាក់ គឺកញ្ញា សូ សម្ផស្ស វ័យ ២០ ឆ្នាំ និងកញ្ញា ហេង ប៊ុណ្ណាវីន វ័យ ១៩ ឆ្នាំ សិក្សាជំនាញធនាគារ និងហិរញ្ញវត្ថុ យុវជន ស៊ីម លីម៉េង វ័យ ២០ ឆ្នាំ សិក្សាលើមុខជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងកញ្ញា រិទ្ធី ពេជ្រចរណៃ ដោយក្រុមយុវជននេះ សុទ្ធតែកំពុងសិក្សានៅឆ្នាំទី ២ នៃមុខជំនាញរៀងៗខ្លួន។
និស្សិតស្រីវ័យក្មេង រិទ្ធី ពេជ្រចរណៃ បានបន្តទៀតថា៖ «សម្រាប់កិច្ចការមួយនេះពួកយើងបានចាប់ផ្តើមតាំងពីខែ ៤ មកម្ល៉េះ យើងដូចជាឈ្មួញកណ្តាលអ៊ីចឹង យើងមានហាងសម្លៀកបំពាក់ដែលជាដៃគូជាង ១០ ហាងហើយ យើងក៏យករូបភាពមកផូស្តនៅលើផេច និងដាក់តម្លៃ ដោយពួកខ្ញុំទទួលបាន ១០ ភាគរយនៃតម្លៃខោអាវដែលយើងជួលបាន។ សម្រាប់អតិថិជនដែលបានជួលសម្លៀកបំពាក់តាម Style-ស្ទីល ហើយរួចហើយ ខាងយើងនឹងប្រាប់ទីតាំងសម្រាប់អតិថិជនទៅយករបស់ ដោយអតិថិជនគ្រាន់តែបង់លុយថ្លៃជួលមុន និងទុកអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ»។
ចំពោះការងាររួមក្រុមរបស់និស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ដែលមានគំនិតច្នៃប្រឌិតលើប្រព័ន្ធឌីជីថលបង្កើត App សម្រាប់ជួលសម្លៀកបំពាក់នេះ បានបែកចែកតួនាទីរៀងខ្លួន ដោយកញ្ញា រិទ្ធី ពេជ្រចរណៃ មានតួនាទីបង្ហោះម៉ូដសម្លៀកបំពាក់ទៅលើផេច ឬ App កញ្ញា ហេង ប៊ុណ្ណាវីន មានតួនាទីទាក់ទងជាមួយភ្ញៀវដែលបានកក់សម្លៀកបំពាក់សម្រាប់ជួលនៅលើបណ្តាញសង្គម កញ្ញា សូ សម្ផស្ស ទាក់ទងទៅនឹងការរកដៃគូហាងសម្លៀកបំពាក់ ដើម្បីឲ្យចូលជាសមាជិកនៃ App ដែលបានបង្កើត និងលោក ស៊ីម លីម៉េង គ្រប់គ្រងទៅលើការបង្កើត App។

App នឹងដាក់ដំណើរការនៅប្រមាណ ៣ ខែទៀត បន្ថែមពីការជួលតាមហ្វេសប៊ុក។សហការី
គម្រោង «Style-ស្ទីល» ត្រៀមនឹងដាក់ប្រើប្រាស់សម្រាប់ជួលសម្លៀកបំពាក់ក្នុងកម្មវិធីទូរស័ព្ទ ត្រូវបានកញ្ញា ពេជ្រចរណៃ បន្ថែមទៀតថា៖ «ចំពោះ App យើងធ្វើមិនទាន់ហើយនោះទេ សព្វថ្ងៃយើងទើបតែមាននៅក្នុងផេចហ្វេសប៊ុកប៉ុណ្ណោះ សម្រាប់ Style-ស្ទីល នៅក្នុង website យើងនឹងដាក់ឲ្យប្រើប្រាស់នៅអំឡុងខែក្រោយនេះឯង ចំណែកឯ App ត្រូវប្រើពេល ៣ ខែទៀត ទើបរួចរាល់អាចប្រើប្រាស់បាន»។
«Style-ស្ទីល» App ត្រូវបានបែកចែកជា ២ ផ្នែក ដោយផ្នែកទី ១ សម្រាប់បុរសមានសម្លៀកបំពាក់គ្រប់ប្រភេទដូចជាអាវធំខាងក្រៅ ឬអាវប្រពៃណី ចំពោះផ្នែកនារី ក៏មានការបែងចែកជាប្រភេទរ៉ូបចូលរួមកម្មវិធី និងសម្លៀកបំពាក់ប្រពៃណីផងដែរ។
អតិថិជនដែលប្រើប្រាស់ «Style-ស្ទីល» App ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា មិនចំណាយថវិកាច្រើនសម្រាប់ទិញឈុតថ្មីដែលមានតម្លៃថ្លៃ មិនចំណាយពេលវេលាច្រើនសម្រាប់ទៅទិញ ឬជួលនៅតាមហាងដែលមិនទាន់បានកក់សម្លៀកបំពាក់ទុក មានអាទិភាពក្នុងការជ្រើសរើសម៉ូដដែលពេញចិត្ត និងអាចផ្លាស់ប្តូរបានគ្រប់កម្មវិធីសម្រាប់អ្នកនិយមម៉ូដថ្មីៗ។
កម្មវិធី «Style-ស្ទីល» សម្រាប់ជួលសម្លៀកបំពាក់នៅក្នុងឌីជីថល បានជាប់ជាក្រុមឆ្នើម ៥ ក្រុមចុងក្រោយ ពី Smart Start រដូវកាលទី ៣ ដោយទទួលបានទឹកប្រាក់ចំនួន ៥ ពាន់ដុល្លារ។ ពួកគេនឹងបន្តប្រកួតប្រជែងនៅខែ កុម្ភៈ ឆ្នាំ ២០២០ ខាងមុខ ដើម្បីដណ្តើមយកជយលាភីលេខ ១ និងឱកាសដំណើរទស្សនកិច្ច ១៥ ថ្ងៃនៅសិង្ហបុរី ដើម្បីសិក្សាបន្ថែមពីការបង្កើតអាជីវកម្ម។
ក្នុងការបង្កើត Style-ស្ទីល ក្រុមយុវជនវ័យក្មេងក៏ជួបបញ្ហាជាច្រើន ដោយបានបង្ហើបថា៖ «ចំពោះអាជីវកម្មមួយនេះក៏មានការរិះគន់ពីភ្ញៀវអំពីតម្លៃដែរ ដោយគាត់ប្រាប់ថា ថ្លៃពេក ហើយបញ្ហានេះខ្ញុំក៏ព្យាយាមក្នុងការដោះស្រាយ ដោយសុំឲ្យខាងម្ចាស់ហាងគាត់បន្ទាបតម្លៃបន្តិច និងខាងខ្ញុំក៏ព្យាយាមរកហាងដែលនៅតាមជាយក្រុងប្រហែលជាអាចមានតម្លៃសមរម្យដែលអតិថិជនអាចទទួលយកបាន។
អាជីវកម្មមួយនេះដែរ ពួកខ្ញុំក៏មានគម្រោងថានឹងបន្តរហូតទៅ ទោះបីជាពួកខ្ញុំរៀនចប់ក៏ដោយ ហើយខាងខ្ញុំក៏នឹងព្យាយាម update អ្វីដែលថ្មីៗសម្រាប់ឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការប្រើប្រាស់ «Style-ស្ទីល» App ផងដែរ»៕