ភ្នំពេញៈ ដោយ​មើលឃើញ​ពី​បញ្ហា​ជាច្រើន​កើត​ចេញ​ពី​កាកសំណល់​សំរាម យុវជន​ខ្មែរ​ ២ ​នាក់​បាន​ចាប់ផ្តើម​មក​បង្កើត​នូវ​ធុងសំរាម​ឆ្លាតវៃ ដែល​មាន​សមត្ថភាព​អាច​ញែក​សំរាម​ចេញ​ជា​ ២ ​ផ្នែក​គឺ​ការញែក​សំរាម​ប្លាស្ទិក និង​សំរាម​លោហៈ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​អ្នកប្រមូល​សំរាម​។

ដំបូង​ឡើយ​យុវជន​ ពិសី ​មាន​ចំណូលចិត្ត​លើ​បច្ចេកវិទ្យា​ទំនើប គៀង យាង និង សុខ ពិសី តែងតែ​ស្វែងយល់​ពី​ការបង្កើត ឬ​របកគំហើញ​ថ្មីៗ​នៅ​ជុំវិញ​ពិភពលោក​តាមរយៈ​វេបសាយ ប្រព័ន្ធ​បណ្តាញ​សង្គម និង​យូធូប ដើម្បី​ទុកជា​ចំណេះដឹង និង​គំរូ​នៃ​ការអនុវត្ត​ជាដើម​។

យុវសិស្ស គៀង យាង សិក្សា​ថ្នាក់​ទី​ ១០ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការបង្កើត​ធុងសំរាម​នេះ​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា ប្រជាជន​យើង​ទុក​ដាក់​សំរាម​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ ព្រោះ​ចំណេះដឹង​ពួកគាត់​នៅ​មាន​កម្រិត ហើយ​វា​ពិត​លំបាក​សម្រាប់​អ្នក​ដែល​មក​ដឹកជញ្ជូន​សំរាម​»​។

យុវសិស្ស​ថ្នាក់​ទី ១០ រូបនេះ​បាន​បន្ត​ទៀត​ថា​៖ «​ម្យ៉ាងទៀត​ពិភពលោក​យើង កំពុង​ជួប​នឹង​បញ្ហា​មួយ​គឺ Global warming (​ការ​កើន​កម្ដៅ​ផែនដី​) ដោយសារ​យើង​នាំគ្នា​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ហើយ​យើង​នៅ​សមុទ្រ​មាន​ប្លាស្ទិក​ច្រើន​អណ្តែត នេះ​ក៏​ជា​កត្តា​បំផ្លាញ​ជីវៈ​មាន​ជីវិត​នៅក្នុង​សមុទ្រ ហើយ​សំរាម​ទាំង​នោះ​យើង​អាច​កែច្នៃ​បាន ប្រទេស​គេ​ក៏​មាន​ស្មាតប៊ីន​ដែរ តែ​ខ្ញុំ​បង្កើត​វា​ដោយ upgrade ឲ្យ​ឆ្លាត​ជាង​មុន និង​ស្រួល​ប្រើ​»​។

ធុងសំរាម​មាន​ទំហំ​តូច​ជា​ប្រភេទ​គំរូ Prototype​។ រូបថត សហការី

ស្មាតប៊ីន (Smart bin) គឺជា​ធុងសំរាម​មួយ​ប្រភេទ​ដែល​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ក្នុង​ការញែក​សំរាម​ជា​ ២ ​ថត​ផ្សេង​គ្នា​គឺ​ផ្នែក​ប្លាស្ទិក និង​លោហធាតុ (​កំប៉ុង​លោហៈ​) ក្រោយពី​អ្នក​បោះ​សំរាម​ចូល​ក្នុង​ធុង​សំរាម​ដែល​មាន​ប្រឡោះ​តែមួយ​។ ធុង​នេះ​ទុក​ផ្ទុក​តែ​សំរាម​ ២ ​ប្រភេទ​តែប៉ុណ្ណោះ គឺ​ប្លាស្ទិក និង​លោហៈធាតុ​ដែល​ខុសពី​ធុងសំរាម​ធម្មតា​មាន​ផ្ទុក​កាកសំណល់​លាយឡំ​គ្នា​ក្នុង​ថត​តែមួយ រីឯ​ធុងសំរាម​មួយ​ចំនួន​ទៀត​មាន​ថត​ច្រើន​ប្រភេទ​ដែល​ធ្វើឲ្យ​អ្នក​ចោល​សំរាម​រារែក​នឹង​រើស​ថត​ណា​មួយ​។

យុវសិស្ស គៀង យាង និយាយ​ថា​៖ «​សំរាម​ប្លាស្ទិក និង​លោហៈ​ទាំង​នេះ សុទ្ធតែ​ជា​វត្ថុ​ដែល​អាច​កែច្នៃ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា ការតុបតែង​លម្អ​ផ្ទះ ច្នៃ​ជា​ថូ​ដាក់​ផ្កា និង​សម្ភារ​មួយ​ចំនួន និង​អាច​ស្ល​ប្រើប្រាស់​ឡើងវិញ និង​ផលិត​ជា​របស់​ប្រើប្រាស់​ដទៃ​ទៀត ទាំង​ប្លាស្ទិក និង​លោហៈ​។

ការបង្កើត​ស្មាតប៊ីន​នេះ​ឡើង​គឺ​ផ្តួចផ្តើម​ចេញ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​ក្រុមហ៊ុន ArrowDot ក្នុង​ការបង្កើត​កម្មវិធី​បង្កើត​ស្នាដៃ​ថ្មី​ផ្នែក​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា (Product Innovation Program in Cambodia)​។ កម្មវិធីសិក្សា​អាហារូបករណ៍​នេះ​ផ្តល់​ជូន​សម្រាប់ ៣០ ​នាក់​មាន​រយៈពេល​ ៥ ​ខែ​សម្រាប់​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​គឺ​បាន​សិក្សា​លើ​ជំនាញ​សំខាន់ៗ​ដូចជា Electronics and Programming, Robotic, PC and Mobile Apps, Design and Development machine រួមមាន 3D Printer, CNC, Laser Cut និង​ម៉ាស៊ីន​ទំនើបៗ​សម្រាប់​ការច្នៃ​បង្កើត​ផ្សេងៗ​ទៀត​។

ដំណើរ​ការផលិត​មាន​ការពិបាក​អំឡុងពេល​ធ្វើតេស្ត និង​ត្រូវ​កែកុន​ជាច្រើន​ដង​។ រូបថត សហការី

ក្រោយពី​សិក្សា​អស់​រយៈពេល​ ៣ ​ខែ​ជា​ពេល​ដែល​ក្រុម​យុវជន​នីមួយៗ​ត្រូវ​លើក​ឡើង​ពី Project ដែល​ខ្លួន​ត្រូវ​យក​មក​សិក្សា អនុវត្ត ហើយ​យុវជន​ទាំង​ ២ ​នាក់​បាន​ជ្រើសរើស​ការបង្កើត​ធុងសំរាម​ឆ្លាតវៃ​នេះ​ឡើង​សម្រាប់​គណៈកម្មការ​វាយតម្លៃ​។

ចំណុច​ពិសេស​របស់​ធុង​សំរាម​ឆ្លាតវៃ​នេះ​មាន​ដូចជា​៖ ធុង​សំរាម​នេះ​មាន​ប្រឡោះ​តែ​មួយ​អ្នក​អាច​ចោល​សំរាម​ជា​លោហៈ ឬ​ប្លាស្ទិក នោះ​វា​នឹង​ធ្វើ​ការញែក​ដោយ​ស្វ័យប្រវត្តិ​។ ចំណុច​ទី​ ២ គឺមាន​ជា​រង្វាន់​លើក​ទឹកចិត្ត​ដូចជា​ការបញ្ចុះ​កាហ្វេ​តម្លៃ ១៥% សម្រាប់​អ្នក​ចោល​សំរាម​បាន​ត្រឹមត្រូវ​តាមរយៈ​ការឆ្លើយ​សំណួរ​ទាក់ទង​នឹង​វត្ថុ​ដែល​អ្នក​ត្រូវ​ចោល​ថា​ជា​ប្រភេទ​វត្ថុ​អ្វី​? ទី​ ៣ រាល់​ពេល​ដែល​សំរាម​ពេញ​ម្តង​នៅ​ផ្នែក​ណា​មួយ ធុងសំរាម​នេះ​នឹង​បញ្ជាក់​ព័ត៌មាន​នៅ​លើ​អេក្រង់ និង​អាច​ហៅ ឬ​ផ្ញើ​សារ​ទៅ​កាន់​ភ្នាក់ងារ​ប្រមូល​សំរាម ភ្ជាប់​ជាមួយ​ការបញ្ជាក់​ពី​ទីតាំង​ធុងសំរាម​។ ចំណុច​ទី​ ៤ ធុងសំរាម​​រួមចំណែក​ដល់​ការកែច្នៃ​ប្រើប្រាស់​ឡើងវិញ​ដោយ​មិន​ចាំបាច់​ដុតចោល ឬ​កប់​ចោល​។

ជាមួយ​នឹង​ការចំណាយ​ថវិកា​ប្រមាណ​ជិត ២០០ ដុល្លារ ធុងសំរាម កម្ពស់ ៧៥ ​សង់ទី​ម៉ែត្រ និង​ប្រវែង ៥០ ​សង់​ទីម៉ែត្រ​ដែល​អាច​ផ្ទុក​សំរាម​​បាន​ជាង ២០ ​កំប៉ុង​នោះ​ត្រូវ​បាន​យុវសិស្ស គៀង យាង បញ្ជាក់​ថា​៖ «​ខ្ញុំ​ធ្វើ​ធុងសំរាម​នេះ​តូច ដោយសារ​តែ​វា​ជា Prototype ឬ Sample (​គំរូ​) យើង​ធ្វើឲ្យ​ចេញ​គម្រោង និង​ឲ្យ​វា​ដំណើរ​សិន ហើយ​បាន​យើង​មាន​គម្រោង​ធ្វើ​ធំ​ជាង​នេះ​»​។

ធុងសំរាម​ឆ្លាតវៃ មាន​រន្ធ​ចោល​សំរាម​តែមួយ​ភ្ជាប់​ដោយ​អេក្រង់​ប្រាប់​ព័ត៌មាន​។ រូបថត សហការី

យ៉ាងណា​មិញ​ទម្រាំ​សម្រេច​បាន​លទ្ធផល​នេះ គៀង យាង រៀបរាប់​ពី​ការលំបាក​ថា​៖ «​រូបរាង​គឺ​ពិបាក​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ព្រីន​ចេញ​មក 3d ព្រីន អត់​សូវ​ក្រិត​ប៉ុន្មាន​ទេ រាង​ក៏​អត់​ស្អាត បិទ​ទៅ​អត់​ស្មើ ហើយ​មេកានិក​ខាង​ក្នុង វា​រញ៉េរញ៉ៃ​បន្តិច ព្រោះ​ខ្ញុំ​គិត​ឡើង​ជាង​ ១ ​ខែ​ដំបូង ពេល​ខុស​យើង​ដូរ ឬ​កែ​ជាច្រើន​ដង​។ សម្រាប់ board វិញ​យើង​គិតថា ត្រូវ ប៉ុន្តែ​ពេលខ្លះ​វា​ខុស ភ្លើង​ចូល board អត់​គ្រប់​អ៊ីចឹង​យើង​ត្រូវ​ដូរ​គ្រឿង Component ខ្លះ​ក្នុង board ហ្នឹង ចំណែក កូដ មិន​សូវ​ពិបាក​ទេ​ព្រោះ​ខ្ញុំ​រៀន​បាន​ច្រើន និយាយ​ទៅ​ ៣ ​ខែ​ហ្នឹង ១ ​ខែ​ដំបូង ពិបាក​ណាស់ ខែ​ទី​ ២ ​ជា​ខែ​ដំឡើង អត់​សូវ​លំបាក​ទេ ហើយ​ខែ​ទី​ ៣ ជា​ការ​ធ្វើតេស្ត ពិបាក​ម្តង​ទៀត​»​។

ក្រោយពី​បង្កើត​ធុងសំរាម​ដែល​បាន​រំលេច​វត្តមាន​នៅ​ពិព័រណ៍ STEM របស់​វិទ្យាល័យ​ស៊ីសុវត្ថិ​ជំនាន់​ថ្មី និង​បាន​តាំង​បង្ហាញ​នៅ​ក្រុមហ៊ុន Arrow dot នោះ​យុវសិស្ស អាយុ ១៦ ​ឆ្នាំ គៀង យាង និង​យុវជន​វ័យ ៣០ ឆ្នាំ សុខ ពិសី មាន​បំណង​ធ្វើ​គម្រោង​ធ្វើ​ធុងសំរាម​ឆ្លាតវៃ​នេះ​ឲ្យ​កាន់តែ​ប្រសើរ និង​ទំនើប​ក៏ដូចជា​ពង្រីក​សមត្ថភាព​ជា​ម៉ាស៊ីន​ញែក​សំរាម​សម្រាប់​ឧស្សាហកម្ម រោងចក្រ ដោយ​នៅពេល​សំរាម​ទាំង​នោះ​ចូល​ក្នុង​ម៉ាស៊ីន វា​នឹង​ធ្វើ​ការញែក​សំរាម​ជា ៤ ឬ ៥ ​ប្រភេទ​ទៅ​តាម​ផ្នែក​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ៕

វីដេអូ៖