ក្រុងប៊ែរឡាំង: ពោង​សុវត្ថិភាព​ក្រៅ​រថយន្ដ​ដែល​បំពាក់​សម្រាប់​ការប៉ះទង្គិច​ចំហៀង​អាច​ជា​បច្ចេកវិទ្យា​នាពេល​អនាគត បើ​គម្រោង​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​រំលេច​រូបរាង​។

ពោង​សុវត្ថិភាព​នឹង​ប៉ោង​ឡើង​ភ្លាមៗ​មុន​ពេល​បុក​ប៉ះទង្គិច​នៅ​ផ្នែក​ចំហៀង​រថយន្ដ ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​សេនស័រ​ការពារ​ទាំង​ផ្នែក​ខាង​មុខ និង​ខាងក្រោយ​របស់​អ្នកដំណើរ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ការធ្វើ​តេស្ដ​សាកល្បង​បាន​បង្ហាញ​ថា បច្ចេកវិទ្យា​នេះ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​រងរបួស​ធ្ងន់ធ្ងរ​ចំពោះ​អ្នកដំណើរ​រហូត​ដល់ ៤០ ភាគរយ​។

ពោង​សុវត្ថិភាព​ផ្នែក​ខាង​ក្រៅ​ត្រូវ​បាន​ចាត់ទុក​ជា​បរិក្ខារ​សុវត្ថិភាព​សម្រាប់​នាពេល​អនាគត តែ​ក្រុមហ៊ុន​គ្រឿងបន្លាស់​រថយន្ដ ZF Friedrichshafen (ZF) ​នៅ​ភាគ​និរតី​ប្រទេស​អាល្លឺម៉ង់ ពេល​នេះ​បាន​ផលិត​ផលិតផល​សម្រេច​ឲ្យ​ក្រុមហ៊ុន​រថយន្ដ​ និង​ធ្វើ​តេស្ត​រួច​ហើយ​។

ZF បាន​អភិវឌ្ឍ​ប្រព័ន្ធ​មួយ​ដែល​ប្រើ​បច្ចេកវិទ្យា​សេនស័រ​អេឡិចត្រូនិក ដើម្បី​វិភាគ​ទិន្នន័យ និង​ទស្សន៍ទាយ​ពេល​អាច​កើត​មាន​ឧប្បត្ដិហេតុ​ចៃដន្យ​។ ពោង​សុវត្ថិភាព​ចំហៀង​ស្ថិត​នៅ​ក្នុង​កៅអី​របស់​រថយន្ដ និង​បំពាក់​ភ្ជាប់​ជាមួយ​តួ​កៅអី​។

រូបភាព​ពី​ការពិសោធ​បុក​រថយន្ត​ដែល​បំពាក់​ពោង​ខាង​ក្រៅ​។ រូបថត ZF

យោង​តាម ZF បាន​ឲ្យ​ដឹង​ថា មិន​ដូចជា​ពោង​ផ្នែក​ខាង​មុខ​ដែល​ពឹង​អាស្រ័យ​លើ​កម្លាំង​ប៉ះទង្គិច​ទើប​ប៉ោង​ឡើង ពោង​ខាងក្រៅ​ផ្លុំ​ប៉ោង​ឡើង​ភ្លាមៗ​មុនពេល​ប៉ះទង្គិច​ដើម្បី​ផ្ដល់​សុវត្ថិភាព​កាន់តែ​ល្អ​។

ប្រព័ន្ធ​នេះ​បាន​ប្រើ​បច្ចេកវិទ្យា​ ឬ សេនស័រ​ទស្សន៍ទាយ​ពី​ការប៉ះទង្គិច​ត្រឹមត្រូវ​គួរ​ឲ្យ​ជឿជាក់​ជា​អ្វី​ដែល​ធ្លាប់តែ​ជា​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​កន្លង​មក​។

វេជ្ជបណ្ឌិត មីឆែល បាកស្ន័រ ប្រធាន​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​អកម្ម​របស់​ក្រុមហ៊ុន ZF បាន​និយាយ​ថា​៖ «​ប្រព័ន្ធ​សុវត្ថិភាព​នេះ​ពិតជា​ល្អ សម្រាប់​បំពាក់​លើ​រថយន្ដ​ស្វ័យ​ប្រវត្ដិ និង​ការបើកបរ​ស្វ័យប្រវត្ដិ​»​។

រថយន្ដ​នា​ថ្ងៃ​អនាគត​នេះ​ក៏​បាន​ប្រើ​សេនស័រ​ប្លែកៗ​ជាច្រើន​រួមទាំង រ៉ាដា កាមេរ៉ា និង​លីដា ដើម្បី​ការពារ​ពី​ផលប៉ះពាល់​ផង​ដែរ​។

គោលបំណង​ចម្បង​នៃ​ការបង្កើត​ប្រព័ន្ធ​នេះ​គឺ​ការពារ​អ្នក​ដំណើរ​ក្នុង​រថយន្ដ​ពី​គ្រប់​ជ្រុង​ជា​ជាង​គ្រាន់តែ​ផ្នែក​ខាង​មុខ​តាមរយៈ​ការបំពាក់​តែ​ពោង​ដៃចង្កូត​នោះឡើយ​។

ដើម្បី​បង្កើន​សមត្ថភាព ក្រុមហ៊ុន​បាន​ផលិត​ពោង​ការពារ​ជាច្រើន​ទៀត​ដែល​ស្ថិត​នៅ​ចន្លោះ​កៅអី និង​ក្រោម​កៅអី​។ ពោង​វាំងនន និង​ពោង​ខ្យល់​ចំហៀង ត្រូវ​បាន​បំពាក់​ដើម្បី​ការពារ​អ្នក​ដំណើរ និង​បញ្ចៀស​ការ​ផ្លោង​ខ្ទាត​ពី​រថយន្ដ ក្នុង​ករណី​ក្រឡាប់​ផង​ដែរ​៕ HR