ក្រុងកូឡុំបូ៖ រថយន្ដ​អាយុកាល​ជិត ៩០ ឆ្នាំ ១ គ្រឿង ដែល​ធ្លាប់​ជា​ព្រះរាជ​ទ្រព្យ​កម្មសិទ្ធិ​របស់​ព្រះអង្គម្ចាស់ ហ្វីលីព នៃ​ចក្រភព​អង់គ្លេស ពេលនេះ​បានក្លាយ​ជា​វត្ថុបុរាណ​នៅ​សារមន្ទីរ ១ ក្នុង​តំបន់​នៃ​ប្រទេស​ស្រីលង្កា។

ព្រះអង្គម្ចាស់ Duke of Edinburgh ដែល​ព្រះរាជពិធី​បុណ្យសព​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ ជា​អ្នក​ស្រឡាញ់​រថយន្ដ ដែល​បាន​ទិញ​រថយន្ដ Standard Nine ឆ្នាំ ១៩៣៥ តម្លៃ ១២ ផោន (ជាង ៦ ម៉ឺន​រៀល​នាពេល​បច្ចុប្បន្ន) ពេល​ព្រះអង្គ​គង់​នៅ​ទីក្រុង​កូឡុំបូ ជាមួយ​កង​នាវា​ជើង​ទឹក​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤០។

លោក សាន់ជីវ ហ្គាឌីន័រ ដែល​បាន​រក្សា​រថយន្ដ​នោះ​ទុក​នៅ​សណ្ឋាគារ Galle Face Hotel របស់លោក​ក្នុង​ក្រុង​កូឡុំបូ​បាន​និយាយថា៖ «ពេល​ព្រះអង្គ​យាង​មក​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៥០ ទ្រង់​បាន​ទត​រថយន្ដ​នេះ​ម្ដងទៀត។ ពេល​ទ្រង់​បានឃើញ​ហើយ ព្រះអង្គ​ក៏មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សង្ឃឹមថា ហ្វ្រាំង​នៅ​ដំណើរការ​ល្អ។ កាលនោះ វា​ជាន់​អត់​ស៊ី​ទេ»។

យោង​តាម​លោក ហ្គាឌីន័រ បាន​ឱ្យ​ដឹងថា ព្រះអង្គម្ចាស់ ហ្វីលីព ទទួល​ស្គាល់​ថា រថយន្ដ Standard ជា​រថយន្ដ​ដំបូង ដែល​ព្រះអង្គ​បាន​ទិញ។ ព្រះអង្គ​ក៏​ក្លាយជា​សមាជិក​ក្លិប Standard Motor Car។

លោក សាន់ជីវ ហ្គាឌីន័រ បាន​រក្សា​រថយន្ដ​នោះ​ទុក​នៅ​សណ្ឋាគារ Galle Face Hotel របស់​លោក​ក្នុង​ក្រុង​កូឡុំបូ។AFP

សណ្ឋាគារ​របស់លោក ហ្គាឌីន័រ ជា​សណ្ឋាគារ​ចាស់​បំផុត​មួយ​បន្សល់​តាំងពី​សម័យ​អាណានិគម​បាន​សាងសង់​សារមន្ទីរ ១ ព័ទ្ធជុំវិញ​រថយន្ដ​ពណ៌​ប្រាក់ និង​ខ្មៅ ដែល​រក្សាទុក​សម្រាប់​ឱ្យ​ភ្ញៀវ​ទស្សនា។

ពេល​ទិញ​វា​មក ព្រះអង្គម្ចាស់​មិនអាច​ដេញថ្លៃ​ឈ្នះ​ក្នុង​ការទិញ​យក​រថយន្ដ​ជជុះ ទោះបីជា​ព្រះអង្គ​ត្រៀម​លុយ​បង់​រំលស់​ស្មើ​ប្រាក់ខែ​ទ្វេដង​យ៉ាងណា​ក៏ដោយ។

យោងតាម​កំណត់ត្រា​សារមន្ទីរ​បាន​បង្ហាញថា ព្រះអង្គ​បាន​ជិះ​រថយន្ដ​នេះ​ពី​ទីក្រុង​កូឡុំបូ​ទៅ​កាន់​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ Trincomalee ចម្ងាយ ២៦០​គីឡូម៉ែត្រ។

លោក ហ្គាឌីន័រ បាន​ប្រាប់ AFP ថា រថយន្ដ​ដែល​ធ្លាប់​ជិះ​បាន​ចម្ងាយ ៩៣០៤០ គីឡូម៉ែត្រ​ត្រូវ​បាន​ជួសជុល​ជាច្រើន​លើក​ច្រើនសា ហើយ​អាច​នៅតែ​ដំណើរការ។ ប៉ុន្តែ​ច្បាប់​ធានារ៉ាប់រង​ដែល​បាន​ហាមឃាត់​ការបើកបរ បាន​ធ្វើឱ្យ​រថយន្ដ​ចំណាស់​មួយ​នេះ​បង្ខំចិត្ដ​ចូលនិវត្ដន៍៕ HR

រថយន្ដ​អាយុកាល​ជិត ៩០ ​ឆ្នាំ​នេះ​ធ្លាប់​ជា​ព្រះរាជ​ទ្រព្យ​កម្មសិទ្ធិ​របស់​ព្រះអង្គម្ចាស់ ហ្វីលីព នៃ​ចក្រភព​អង់គ្លេស។AFP