ក្រុងឡុងដ៍: យាន​កន្តុប​សំណព្វចិត្ត​របស់​កីឡាករ​ប្រ​ឡាំង​រថយន្ត F1 និង​តារា​ចម្រៀង​ក្រុម Spice Girl រថយន្ត Renault Twizy បាន​បង្ហាញ​វត្តមាន​បើកបរ​ស្រប​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ។

ជាការ​ពិតណាស់ Renault Twizy គឺជា​រថយន្ត​សម្រាប់​ពលរដ្ឋ​ទីក្រុង ជាពិសេស​គឺ​អ្នក​នៅ​លីវ​តែ​ម្ដង។ ជាមួយ​តម្លៃ ៩៤៥៣ ដុល្លារ រថយន្ត​នេះ​មាន​តែ ២ កៅអី និង​បិទ​ជិត ដោយ​មិន​មាន​បង្អួច​ឡើយ។ វា​អាច​បើកបរ​បាន​ក្នុង​កម្រិត​ល្បឿន​កំពូល ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ពោល​គឺជា​ល្បឿន​ល្មម​សម្រាប់​ផ្លូវ​ក្នុង​ទីក្រុង​ទំនើប និង​ហាយវ៉េ។

រចនា​ជា​រាង​កន្តុប​ទម្ងន់​ស្រាល​ត្រឹមតែ ៤៧៤ គីឡូក្រាម រថយន្ត​នេះ​មាន​ប្រវែង ២,៣៣ ម៉ែត្រ ទទឹង ១,៣៤ ម៉ែត្រ និង​កម្ពស់ ១,៤៥ ម៉ែត្រ។

រថយន្ត​នេះ បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនី និង​ថាមពល​ថ្ម​លីត​ទីញ៉ូម​អ៊ី​យ៉ុង 6.1kWh កម្លាំង 17bh ចលនា​រុញ​ដោយ​កង់​ក្រោយ។ ក្រុមហ៊ុន​បាន​អះអាង​ថា សម្រាប់​ការ​បញ្ចូល​ថាមពល​ពេញ វា​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ។ វា​ជា​រថយន្ត​បៃតង ដោយ​មិន​មាន​បញ្ចេញ​ឧស្ម័ន​ប៉ះពាល់​បរិស្ថាន​ឡើយ។

សរុបមក វា​គឺជា​រថយន្ត​ដែល​ផ្ដល់​ការសប្បាយ​ក្នុងការ​បើកបរ​នៅ​ទីក្រុង។ បើទោះ​ជា​វា​រាង​ចង្អៀត មិន​អំណោយ​ផល​ដល់​ការ​ផ្ទុក​អីវ៉ាន់ ប៉ុន្តែ​វា​ងាយ​ស្រួល​ជ្រក​ជ្រៀត​តាម​ផ្លូវ​តូច។

អ្នក​ប្រាថ្នា​រថយន្ត​នេះ អាច​ទាមទារ​ពេលវេលា ក្នុងការ​សម្រប​ខ្លួន​បន្តិច ដោយសារតែ​រថយន្ត​នេះ​មិន​សូវ​ជា​ស្ទុះ ហើយ​មិន​មាន​បង្អួច​សម្រាប់​ស្រូប​ខ្យល់​អាកាស​ពេល​កំពុង​បើកបរ៕