ក្រុងហុងកុង: រថយន្ដអគ្គិសនីថ្មីសន្លាង មានទម្ងន់ស្រាល ដែលផលិតឡើងពីបច្ចេកវិទ្យាព្រីន 3D ត្រូវបានតាំងបង្ហាញ និងគ្រោងដាក់លក់នៅឆ្នាំក្រោយ នៅតំបន់អាស៊ី និងអឺរ៉ុប។ កៅអី ២ ឈ្មោះ LSEV ចំណាយពេលផលិតតែ ៣ ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមក្រុមហ៊ុន។
ពេលនេះ ក្រុមហ៊ុនផលិត កំពុងដុតដៃដុតជើងផលិតរថយន្ដដែលត្រៀមបង្ហាញវត្ដមានលើទីផ្សារក្នុងខែមេសា ឆ្នាំ ២០១៩ តម្លៃ ១០៤៣៦ ដុល្លារ។
រថយន្ត LSEV មានកម្ពស់ ១,៥ ម៉ែត្រ ប្រវែង ២,៥ ម៉ែត្រ និងទំហំទទឹង ១,៣ ម៉ែត្រ ប្រហាក់ប្រហែលរថយន្ដវៃឆ្លាតដទៃទៀតដែរ។
ជាមួយទម្ងន់ត្រឹមតែ ៤៥០ គីឡូក្រាម វាមានល្បឿនកំពូលប្រមាណ ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបរបានចម្ងាយផ្លូវ ១៥០ គីឡូម៉ែត្រពេលសាកថាមពលពេញម្ដង។
រថយន្ដអគ្គិសនីនេះជាគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនថ្មី XEV Limited មកពីហុងកុង ដែលមានមជ្ឈមណ្ឌលឌីហ្សាញនៅអ៊ីតាលី និងមានមូលដ្ឋានផលិតនៅប្រទេសចិន។
លោក លូ ទិក ស្ថាបនិក XEV Limited បានប្រាប់ MailOnline ថា ភាគច្រើន រថយន្ដនេះ ត្រូវបានផលិតឡើងពីបច្ចេកវិទ្យាព្រីន 3D គួបនឹងសម្ភារ ៣ ប្រភេទទៀត សមាសធាតុនីឡុង អាស៊ីដ ប៉ូលីឡាទិក ជាវណ្ណសូត្រព្រីន 3D និងសារធាតុស្រដៀងជ័រកៅស៊ូ TPU ធ្វើឲ្យវាមានទម្ងន់ស្រាល។
លោក លូ បាននិយាយថា ចង្វាក់ផលិតផលនេះ នឹងដាក់លក់ផ្លូវការនៅឆ្នាំក្រោយ ហើយក្រុមហ៊ុនលោកមានបំណងផលិតរថយន្ដនេះ ២ ម៉ឺនគ្រឿងនៅចុងឆ្នាំ ២០១៩៕HR