The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត​អណ្ដើក​ស​បង្ក​ការ​ចាប់​អារម្មណ៍​នៅ​ភ្នំពេញ

រថយន្ត​អណ្ដើក​ស​បង្ក​ការ​ចាប់​អារម្មណ៍​នៅ​ភ្នំពេញ

រថយន្ត​អណ្ដើក​ស​បង្ក​ការ​ចាប់​អារម្មណ៍​នៅ​ភ្នំពេញ

130725_22a
Volkswagen Beetle ស៊េរីឆ្នាំ១៩៦០ របស់សណ្ឋាគារ Le Blanc ត្រូវបានកែច្នៃ និងលាបពណ៌សក្បុស ឈឹម ស្រីនាង

ភ្នំពេញ : ថ្វី​ដ្បិត​តែ​រថយន្ត​ស៊េរី​ថ្មី​ៗ​គឺជា​ក្ដីស្រមៃ​របស់​មនុស្ស​ស្ទើរ​គ្រប់​រូប ប៉ុន្តែ​រថយន្ត​ចំណាស់​ដែល​សឹង​ក្លាយ​ជា​វត្ថុ​បុរាណ​នោះ​ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​រក្សា​ទុក​តាំង​លម្អ ឬ​ធ្វើ​ជា​យាន​សម្រាប់​ដឹក​ភ្ញៀវ​ដែល​មាន​មនោសញ្ចេតនា​ដិត​ជាប់​នឹង​សម័យកាល​មុន​ផង​ដែរ​។

ដូចជា​រថយន្ត Citroen ស៊េរី​ឆ្នាំ​១៩២៧, ១៩២៨ និង​១៩៣១ ត្រូវ​បាន​សណ្ឋាគារ​វិចតូរៀ​អង្គរ ប្រើប្រាស់​សម្រាប់​ដឹក​ភ្ញៀវ​ពី​អាកាសយានដ្ឋាន និង​នាំ​ពួកគេ​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​។

ដោយ​ឡែក នៅ​រាជធានី​ភ្នំពេញ​ម្ដុំ​សង្កាត់​បឹងកេងកង​១ ត្រង់​វិថី​៣៥២ រថយន្ត​Volkswagen Beetle ពណ៌​ស​ក្បុស​មួយ​គ្រឿង​ដែល​ចត​មុខ​សណ្ឋាគារ​Le​Blanc​នោះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​តួនាទី​ស្រដៀង​នេះ​ដែរ​។

រថយន្ត​អណ្ដើក​ស៊េរី​ឆ្នាំ​១៩៦០​មួយ​គ្រឿង​នេះ​មិន​ត្រឹម​តែ​ជា​យាន​ដឹក​ភ្ញៀវ​ប៉ុណ្ណោះ​ទេ វា​ក៏​បន្ថែម​ភាព​ទាក់ទាញ​ដល់​សណ្ឋាគារ​នោះ​ទៀត​ផង​។

កញ្ញា វណ្ណាស៊ី សូវីវីន នាយក​គ្រប់គ្រង​Le​Blanc​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​របស់​បុរាណ​។ ពេល​ដែល​ដាក់​ឡាន​នេះ​នៅ​ពី​មុខ​សណ្ឋាគារ​ម៉ូដ​ទំនើប​យើង​ទៅ​គឺ​វា​ពិត​ជា​ទាក់​ទាញ​ពី​ភ្ញៀវ​មក​ស្នាក់នៅ និង​អ្នក​ដែល​ជិះកាត់​កន្លែង​យើង​ផង​ដែរ​»។

កញ្ញា​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា រថយន្ត​អាយុ​៥​ទសវត្សរ៍​មួយ​នេះ​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​៦០០០​ដុល្លារ​។

កញ្ញា​បាន​រៀបរាប់​ទៀត​ថា​៖ «​ពេល​ដែល​ទិញ​មក​ភ្លាម​សភាព​ខាង​ក្រៅ និង​ក្នុង​ឡាន​ពិតជា​ចាស់​មែនទែន​ក៏​ប៉ុន្តែ​ម៉ាស៊ីន​វា​អាច​ប្រើប្រាស់​បាន​។ យើង​បាន​យក​ឡាន​នេះ​មក​ប៉ូលា​បាញ់​ថ្នាំ​សាជាថ្មី​រចនា​ជា​logo​របស់​សណ្ឋាគារ​ដេរ​ពូក​ថ្មី​និង​ដាក់​ម៉ាញ៉េ​ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម​នៅ​ដដែល​។​ការ​ជួសជុល​ទាំងអស់​គឺ​ចំណាយ​ជាង​១០០០​ដុល្លារ​ទៀត​។​»

រថយន្ត​មួយ​នេះ​គឺ​សម្រាប់​ដឹកភ្ញៀវ​មក​ស្នាក់នៅ​សណ្ឋាគារ និង​ជូន​ភ្ញៀវ​ទាំងនោះ​ដើរ​កម្សាន្ត​ជិត​ក្រុង​។

កញ្ញា​បាន​ថ្លែង​ទៀត​ថា​៖ «​ក្រៅពី​ការ​ដឹក​ភ្ញៀវ​យើង​ក៏​បាន​ចត​រថយន្ត​នេះ​នៅ​ពី​មុខ​សណ្ឋាគារ​សម្រាប់​ជា​គ្រឿងលម្អ​មួយ​ផង​ដែរ​ពីព្រោះ​ពេល​ភ្ញៀវ​គាត់​ចូល​មក​គឺ​គាត់​ពេញចិត្ត​នឹង​ឡាន​មួយ​នេះ​ណាស់​អ្នក​ខ្លះ​ថតរូប​ជាមួយ​ឡាន និង​ខ្លះ​ទៀត​ក៏​សាកល្បង​ជិះ​ផង​ដែរ​»។

ភ្ញៀវ​ដែល​ចង់​ថតរូប​អាពាហ៍ពិពាហ៍​អនុស្សាវរីយ៍​ជាមួយ​រថយន្ត​អណ្ដើក​សក្បុស​អាច​ជាវ​កញ្ចប់​សេវា​ពី​សណ្ឋាគារ គួបផ្សំ​នឹង​ការ​ថត​ក្នុង​បន្ទប់​ក្នុង​សណ្ឋាគារ​ក្នុង​តម្លៃ​៧០​ដុល្លារ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​លេខ ០២៣ ៩៧១ ៩៧១ និង ០២៣ ៩៧២ ៩៧២៕

អត្ថបទគួរចាប់អារម្មណ៍