ក្រុងប៉ារីស: រាង​ដូច​ត្បូងពេជ្រ​ពណ៌​មាស​ទ្រវែង ទាប រថយន្ដ​អនាគតកាល Renault EZ-Ultimo ត្រូវ​បាន​បង្ហាញ​ដោយ​មាន​រូបរាង​ស្រដៀង​នឹង​ម៉ូដែល​អគ្គិសនី​ដែល​ក្រុមហ៊ុន​បារាំង​មួយ​នេះ​ធ្លាប់​បាន​ផលិត​កន្លងមក​។

ដោយ​រំពឹង​ពី​ការចរាចរ​រថយន្ដ​អគ្គិសនី​ក្នុង​ទីក្រុង​នាពេល​អនាគត ក្រុម​អ្នក​ឌីហ្សាញ Renault បាន​នឹកស្រមៃ​ដល់​ម៉ូដែល​ប្រណីត​បំផុត​។

សណ្ឋាគារ​ប្រណីត​ទំនើប​បំផុត​ទំនង​ជា​ប្រើប្រាស់​ម៉ូដែល​នេះ​លើ​ដងផ្លូវ​ដោយ​ការដឹក​ជញ្ជូន​មនុស្ស​ទៅ និង​មក​អាកាសយានដ្ឋាន​។ នេះ​បើ​យោង​តាម​អ្នក​ឌីហ្សាញ​ឈ្មោះ ស្ដេហ្វេន ចានីន​។ គូស្នេហ៍​ក៏​អាច​ជួល​រថយន្ដ​អនាគតកាល​នេះ​ក្នុង​ឱកាស​ពិសេស​នា​រាត្រី​ដ៏សែន​មនោរម្យ​ផង​ដែរ​។

យ៉ាងណា​មិញ EZ-Ultimo អ្នក​ដំណើរ​អង្គុយ​បាំង​បង្អួច​ក្រឡា​ក្នុង​តួ​រថយន្ដ​រាង​គ្រាប់ពេជ្រ​ពណ៌​ស្រា​សំប៉ាញ ដែល​ស្រដៀង​នឹង​ពងត្រី​។ រថយន្ដ​នេះ​មាន​តួ​ទាប និង​ស្លីម​ដែល​មាន​សម្ទុះ​ល្បឿន​ខ្លាំង​។

ចានីន បាន​និយាយ​ថា​៖ «​វា​ទំនង​ជា​លក្ខណៈ​សាមញ្ញ​បន្ដិច តែ​យើង​ចង់​បង្កើត​នូវ​រថយន្ដ​បែប​សិល្បៈ​»​។

រថយន្ត Renault EZ-Ultimo ដាក់​បង្ហាញ​ឲ្យ​ភ្ញៀវ​សាកល្បង​អង្គុយ​ក្នុង​ពិព័រណ៍​រថយន្ត​កាលពី​ថ្មីៗ​នេះ​។ AFP

អ្នកដំណើរ​អាច​មើល​ទៅ​ក្រៅ តែ​អ្នក​ខាង​ក្រៅ​មិន​អាច​មើលឃើញ​អ្នក​នៅក្នុង​រថយន្ដ​ឡើយ​។ ការឌីហ្សាញ​ផ្នែក​ខាង​ក្រៅ​ផ្ដោត​លើ​បច្ចេកវិទ្យា និង​សិល្បៈ បិទបាំង​បន្ទប់​សម្រាប់​ជក់បារី​ជាមួយ​ការ​ឌីហ្សាញ​ឈើ ស្បែក​ពណ៌​បៃតងចាស់ និង​ផ្ទៃ​លើ​ជា​ថ្ម​ម៉ាប​។

ជំនួស​ដោយ​ការឌីហ្សាញ​ដូច​រថយន្ដ​ប្រណីត​ដទៃ​សម្រាប់​បន្ទប់​អ្នក​ដំណើរ ក្រុម​អ្នកឌីហ្សាញ​ផ្ដោត​លើ​រចនាប័ទ្ម​សណ្ឋាគារ​ប៊ូទិក​ទំនើប​វិញ​។

ដោយសារ​រថយន្ដ​ជា​យាន​ស្វ័យប្រវត្ដិ ក្រុម​អ្នក​ឌីហ្សាញ​អាច​រចនា​ផ្ទៃក្នុង​បែប​បុរាណ​ដោយ​ផ្ដោត​សំខាន់​លើ​ការអង្គុយ​ទល់មុខ​គ្នា​របស់​អ្នកដំណើរ​។ អ្នកដំណើរ​អាច​ជជែក​តទល់​គ្នា​ដូច​ក្នុង​បន្ទប់​ការិយាល័យ​បំពាក់​សង្ហារិម​ប្រណីត រួមទាំង​កៅអី​ភ្នាក់ដៃ និង​កៅអី​បត់​ថែមទៀត​។

ដោយសារ​វា​ជា​រថយន្ដ​នាពេល​អនាគតកាល ក្រុម​អ្នក​ឌីហ្សាញ​បាន​រចនា​តួ​វា​ឲ្យ​ទាប​ស្ទើរ​តែ​ក្រាប​ជាប់​នឹង​ដី​។

ជាក់ស្ដែង EZ-Ultimo មិន​អាច​បើកបរ​បាន​យូរ​លើ​ដងផ្លូវ​ជាក់ស្ដែង​ឡើយ​។

ប៉ុន្ដែ​ម៉ូដែល​អនាគត​នេះ​នៅ​ត្រូវការ​ពេលវេលា​កែកុន​ថែម​ទៀត​មុនពេល​បង្ហាញ​វត្ដមាន​លើ​ដងផ្លូវ​ក្នុង​ពិភព​ដែល​រថយន្ដ​ស្វ័យប្រវត្ដិ​នឹង​ចូល​ខ្លួន​មក​ជំនួស​រថយន្ដ​បច្ចុប្បន្ន ដោយ​លែង​ត្រូវការ​មនុស្ស​បញ្ជា​វា​ទៀត​។

ទោះ​ជា​រថយន្ត​ប្រណីត​ឡូយឆាយ​ខ្លាំង​បន្ដិច EZ-Ultimo ក៏​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ជួល​យ៉ាង​ហោច​ណាស់​រយៈពេល​ខ្លី​ចំពោះ​អ្នក​ចង់​បាន​បទពិសោធ​លំដាប់​ខ្ពស់​៕ HR