ក្រុង​ម៉ូស្គូ: វា​ត្រូវបាន​ចាត់ទុកជា​ម៉ាស៊ីន​សេសសល់​ចុង​ក្រោយ​បំផុត និង​ជា​រថយន្ដ​ដែល​នរណាៗ​ក៏​ប្រាថ្នា​ចង់​បាន​វា។

រថយន្ដ Sherp ATV បំពាក់​កង់​សប់​ប៉ោង​ដោយ​ខ្លួន​ឯង​ដ៏​ធំ​ដែល​អនុញ្ញាត​ឲ្យ អ្នក​បើកបរ​ធ្វើ​ដំណើរ​ស្ទើរ​តែ​គ្រប់​ទីកន្លែង ជាមួយ​ល្បឿន​តែ ៤០ Km/h ប៉ុណ្ណោះ។

ម៉ាស៊ីន​មិនចេះ​ខូច​នេះ​មាន​សមត្ថភាព​ជូន​អ្នកដំណើរ​ទៅ​ស្ទើរតែ​គ្រប់​ច្រកល្ហក ដែល​មនុស្ស​ពុំ​ធ្លាប់​ទៅ​ដល់។ ក្រុមហ៊ុន​រុស្ស៊ី ដែល​ផលិត​ម៉ូដែល ដ៏​ចម្លែក​នេះ​បាន​ប្រាប់​ថា វា​មាន​តម្លៃ ៦៥ ០០០ ដុល្លារ។

ទស្សនាវដ្ដី Auto Motor und Sport បាន​ផ្សាយ​ថា Sherp ATV កើតឡើង​ពី​គំនិត​ផ្ដួចផ្ដើម​របស់ Alexei Garagashyan ជា​ជាង​ម៉ាស៊ីន​នៅ Saint Petersburg ដែល​ចាប់​អារម្មណ៍​រក​ដំណោះ​ស្រាយ​លើ​ម៉ូដែល​រថយន្ដ​តួ​ខ្ពស់ SUV ធ្លាប់​ជួប​ប្រទះ​ញឹក​ញយ។

ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា៖ «វា អណ្ដែត​លើទឹក ងាយ​ឆ្លងកាត់​វាលភក់ និង​ព្រឹល​កប់ជ្រៅៗ ព្រម​ទាំង​អាច​ឡើង​គោក​ចុះ​ទឹកកក​បាន​យ៉ាង​ងាយ។ យើង​អាច​ធ្វើ​ដំណើរ​រុករក​គ្រប់​ទិសទី ដែល​មិន​ធ្លាប់​មាន​មនុស្ស​ទៅ​ដល់​ជាមួយ​រថយន្ដ​មិន​ចេះ​ខូច​ម៉ាស៊ីន​មួយ​នេះ»។

វា​មាន​ប្រវែង​តែ ៣,៣៥ ម៉ែត្រ និង​អាច​ឡើង​ចំណោត​ឧបសគ្គ​កម្ពស់ ៧ តឹក។ នៅលើ​ដីគោក កង់ធំៗ​របស់​វា​ធ្វើ​ចលនា​ដូច​ចង្វាក់​កង់​រថ​ក្រោះ និង​អាច​បំ​ផ្លាស់​ទី​ម្ដង​ម្ខាង។

កៅអី​ក្នុង​កាប៊ីន​សម្រាប់​មនុស្ស ២ នាក់ ដែល​ប្រើ​ចង្កឹះ​លេខ​សម្រាប់​កាច់ចង្កូត ព្រមទាំង​បង្កើន និង​បន្ថយ​ល្បឿន​ម៉ាស៊ីន។

ម៉ាស៊ីន​ម៉ាស៊ូត​មិន​ចេះ​ខូច​មាន​កម្លាំង ៤៤ សេះ ចំណុះ​ប្រេង ៥៨ លីត្រ​របស់ គូបូតា ក្រុមហ៊ុន​ជប៉ុន ត្រូវ​បាន​ប្រើ​លើ​រថយន្ដ​ទម្ងន់ ១៣០០ គីឡូក្រាម​នេះ ដែល​មាន​ល្បឿន​កំពូល​ត្រឹម ៤៤,៩០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​នៅ​លើ​ដីគោក និង ៥,៩៥ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​នៅ​ក្នុង​ទឹក៕HR