ក្រុង​ម៉ិកស៊ីកូ: រ៉ូបូត​នៅ​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ម៉ិកស៊ីកូ កំពុង​ផ្ដល់​ជំនួយ​ដល់​អ្នក​ជំងឺ​កូវីដ ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​សាច់​ញាតិ​ និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ឆ្លង​សម្រាប់​បុគ្គលិក​ពេទ្យ។

រ៉ូបូត​កម្ពស់ ១,៤ ម៉ែត្រ បាន​សាក​សួរ​អ្នក​ជំងឺ​ ពេល​វា​ត្រួត​ពិនិត្យ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​ថា​៖ «​សួស្ដី! ខ្ញុំ​ឈ្មោះ LaLuchy Robotina! តើ​អ្នក​ឈ្មោះ​អី?»។

រ៉ូបូត​បំលាស់​ទី​ដោយ​កង់​ ក៏​ដូចជា​កាមេរ៉ា និង​អេក្រង់​ដែល​អាច​ឲ្យ​សាច់​ញាតិ​ និង​វេជ្ជបណ្ឌិត​បាន​ជជែក​ជាមួយ​អ្នក​ជំងឺ​ ឬ​បុគ្គលិក​ការពារ​សុវត្ថិភាព​ក្នុង​បន្ទប់​ពោរ​ពេញ​ដោយ​វីរុស។

លូស្យា ឡេដេស្មា ពេទ្យ​សរសៃ​ប្រាសាទ​ មក​ពី​មជ្ឈមណ្ឌល​សុខាភិបាល​ជាតិ​ ២០ វិច្ឆិកា បាន​និយាយថា​៖ «​វា​ជួយ​ឲ្យ​យើង​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គ្នា តែ​មិន​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​បរិវេណ​បំភាយ​វីរុស​កូវីដ​ ១៩ ឡើយ​»។

រ៉ូបូត​ជួយ​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គ្នា តែ​មិន​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​បរិវេណ​បំភាយ​វីរុស​កូវីដ​​ ១៩។ រូបថត AFP

រ៉ូបូត​នៅ​មន្ទីរ​ពេទ្យ ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​សកល​ថ្មី​ ដែល​មាន​បំណង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ឆ្លង​អំឡុង​ពេល​វិបត្ដិ​កូវីដ ថែម​ទាំងត្រូវ​បាន​ប្រើ​ជា​ «​សហគ្រូ​ពេទ្យ​» ជួយ​អ្នក​ជំងឺ​កូវីដ​ កាលពី​ខែ​កក្កដា​ កន្លង​ទៅ​ផង​ដែរ។

តាំងពី​ពេល​នោះ រ៉ូបូត​នេះ​មាន​ភារកិច្ច​ប្រមាណ ១៦០​បេសកកម្ម​ជាមួយ​អ្នក​ជំងឺ​កូវីដ សាច់​ញាតិ​របស់​ពួកគេ និង​ក្រុម​ការងារ​សុខាភិបាល​ផ្នែក​ផ្លូវ​ចិត្ដ​​ថែម​ទៀត។

អ្នកស្រី សាន់ត្រា មូណូស ដែល​សម្រប​សម្រួល​យុទ្ធសាស្ដ្រ​ប្រឆាំង​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ ដែល​វីរុស​បាន​ឆក់​យក​ជីវិត​មក​ជាង ៦​ ម៉ឺន​នាក់​នៅ​ម៉ិកស៊ិក បាន​និយាយ​ថា​៖ «​រ៉ូបូត​ជួយ​យើង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ដ​ជូន​ដល់​អ្នក​ជំងឺ​»។

អ្នកស្រី រ៉ូសា ម៉ារីយ៉ា វេឡាឃ្វេស អាយុ ៥៥ ​ឆ្នាំ ជា​អ្នក​ជំងឺ​កូវីដ​ម្នាក់​ចំណោម​ជាង​កន្លះ​លាន​នាក់​នៅ​ម៉ិស៊ិក​ ដែល​បាន​ឆ្លង​ជំងឺ បាន​និយាយ​ពី​លើ​គ្រែ​ពេទ្យ​ថា​៖ «​ពេល​សាច់​ញាតិ​គ្រួសារ​មិន​អាច​ចូល​បន្ទប់​ពេទ្យ​បាន ពួកគេ​មើល​យើង​ ហើយ​យើង​មើល​ពួកគេ​តាម​អេក្រង់​រ៉ូបូត​នេះ​ហើយ»៕ AFP/HR