មិនមានបញ្ហាការចម្លងរោគ។ ជួបជាមួយរ៉ូបូតចល័ត Beer Cart ជាអ្នកជំនាញចាក់ និងបម្រើស្រាបៀរជូនភ្ញៀវ ក្នុងទីក្រុងសេវីល។
រ៉ូបូតត្រូវបានដាក់ឲ្យដំណើរការនៅពេលទីក្រុងភាគខាងត្បូងនេះចាប់ផ្ដើមរីករាយនឹងសេរីភាពថ្មី ខណៈអេស្ប៉ាញបន្ធូរបន្ថយការរឹតបណ្ដឹងបិទប្រទេសរយៈពេល ២ ខែ ដោយបារ៍ និងហាងកាហ្វេនានានៅពាក់កណ្ដាលប្រទេសបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ។
អង្គុយនៅចំកណ្ដាលបារ៍នៅ La GitanaLoca (The Crazy Gypsy) ដៃរ៉ូបូតយក្សបំពាក់ដង្កៀប ធ្វើចលនាយ៉ាងរលូនទៅចាប់យកកែងប្លាស្ទិក រួចបង្វិលទៅកាច់ស្រាបៀរជូនភ្ញៀវ។
ចាក់បំពេញស្រាបៀរបន្ដិចម្ដងៗ រហូតដល់ជិតពេញ រ៉ូបូតដាក់វានៅលើតុជូនអតិថិជន។
បម្រើទាំងស្រាបៀរកែវតូចៗ ឬកែវធំ ទើបបានពីរសប្ដាហ៍ក្នុងទីក្រុងសេវីល គ្រឿងយន្ដលក់ស្រាបៀរ នេះបានទាក់ទាញចំណាប់អារម្មណ៍ទាំងអតិថិជន និងអ្នកចង់ដឹងចង់ឃើញ។
អេស្ប៉ាញបានបាត់បង់ជីវិតមនុស្សជាង ២៧០០០ នាក់ដោយសារកូរ៉ូណា និងចាត់ទុកវិធានការបន្ធូរបន្ថយបម្រាមយ៉ាងប្រុងប្រយ័ត្ន ដោយបារ៍ និងហាងកាហ្វេបើកដំណើរការខ្លះៗ និងក្រោមការឃ្លាំមើលពីបញ្ហាអនាម័យខ្ពស់។
លោក អាបេតូ ម៉ាទីណេស ម្ចាស់បារ៍ La GitanaLoca ជាកន្លែងលក់ស្រាបៀរចំណុះ ២០០ មិល្លីលីត្រ ក្នុងតម្លៃ ០,៧៥ ដុល្លារ បាននិយាយថាលោកបានទិញរ៉ូបូតមុនពេលផ្ទុះជំងឺរាតត្បាត ដោយរំពឹងថា កម្លាំងគ្រឿងយន្ដជួយបង្កើនការលក់។
ប៉ុន្ដែដោយសារវិបត្ដិ វាមិនត្រូវបានដាក់ឲ្យប្រើប្រាស់ឡើយ ថ្វីដ្បិតតែលោកបានដឹងថា វាពិតជាល្អឥតខ្ចោះក្នុងបរិបទថ្មី ដោយមនុស្សត្រូវការរក្សាគម្លាតសុវត្ថិភាព។
លោកបានប្រាប់ទីភ្នាក់ងារ AFP ថា៖ «យើងគិតថា វាជាជម្រើសដ៏ល្អសម្រាប់ការបើកទ្វារជាថ្មីក្នុងដំណាក់កាលទី ១។ បំណងមិនឲ្យមានការទាក់ទងគ្នាផ្ទាល់រវាងមនុស្ស និងវត្ថុផ្សេងៗ (ក្នុងបារ៍) យើងបានដឹងថា រ៉ូបូតពិតជាស័ក្ដិសមក្នុងការកាន់កែវប្លាស្ទិកលើកស្រាបៀរឲ្យភ្ញៀវ។ ដូច្នេះ វាជាប្រភេទសេវាកម្មបម្រើដោយខ្លួនឯង»។
យ៉ាងណាមិញ បារ៍នេះមិនបានរកចំណូលអ្វីឡើយ ដោយអតិថិជនតែ ១២ នាក់ត្រូវបានអនុញ្ញាតឲ្យចូលបរិវេណបារ៍ម្ដង។
លោកបាននិយាយថា៖ «ពេលនេះ វាមិនចំណេញក្នុងការបើកលក់ដោយដាក់តែប៉ុន្មានកៅអីឡើយ។ តែជាអ្វីដែលយើងត្រូវធ្វើការប្រកួតប្រជែងជាមួយបារ៍ដទៃ ដែលយើងត្រូវមានគំនិតច្នៃប្រឌិតប្លែកៗ»។
លោកបានបញ្ជាក់ថា៖ «ដូច្នេះ ជាមួយវត្ដមានរ៉ូបូត មនុស្សអាចមើលឃើញថា បារ៍នៅជ្រុងផ្លូវនេះបើកដំណើរការ ហើយយើងធ្វើអ្វីឲ្យខុសប្លែកពីអ្នកដទៃ»។
ប៉ុន្ដែមិនគ្រប់គ្នាពេញចិត្ដនឹងសេវាបម្រើស្រាបៀរដោយគ្រឿងយន្តនោះទេ។
មេធាវី ម៉ានូអែល ហ្វើណាន់ដេស អាយុ ៣៣ ឆ្នាំ បាននិយាយថា៖ «ខ្ញុំគិតថា ទំនាក់ទំនងរវាងអតិថិជន និងអ្នកលក់ស្រាបៀរ វាសំខាន់។ មនុស្សដែលបម្រើភេសជ្ជៈ តែប្រើក្រសែភ្នែកទំនាក់ទំនង ហើយពេលកាច់ស្រាបៀរ ពួកគេសម្លឹងមើលស្រាបៀរហូរចូលកែវយ៉ាងផ្ចិតផ្ចង់។ នេះជាអ្វីដែលរ៉ូបូតមិនអាចធ្វើបាន ដូចមនុស្ស»។
លោកបន្ដថា៖ «ខ្ញុំមិនសូវចូលចិត្ដម៉ាស៊ីននេះឡើយ។ ខ្ញុំជ្រើសរើស អ្នកបម្រើលក់ស្រាបៀរឲ្យខ្ញុំទៅតាមធម្មជាតិមនុស្ស មិនមែនជាគ្រឿងយន្តឥតវិញ្ញាណនោះទេ»៕ AFP/HR