ក្រុងសិង្ហបុរី: ក្រុមហ៊ុនវិស្វកម្មសិង្ហបុរីមួយបានផលិតរ៉ូបូតដែលអាចចម្អិនស៊ុបឡាកសាជាមុខម្ហូបដ៏ល្បីបំផុតមួយនៅសិង្ហបុរីតែ ៤៥ វិនាទីប៉ុណ្ណោះ។ ចុងភៅអគ្គិសនីមួយនេះដែលមានឈ្មោះថា Sophie ចេះស្រុសគុយទាវបន្ថែមសាច់បង្គា និងដាក់ទឹកខ្ទិះដូងហឹរ ត្រឹមកម្រិតសមល្មមក្នុងល្បឿនប្រមាណ ៨០ ចានរយៈពេលមួយម៉ោង។
លោក ផូល យ៉ុង ជាភ្ញៀវចូលរួមព្រឹត្ដិការណ៍បើកសម្ពោធកាលពីថ្ងៃសុក្រដែលរៀបចំឡើងដោយ Orange Clove ជាភោជនីយដ្ឋានអភិវឌ្ឍម៉ាស៊ីនជាមួយក្រុមហ៊ុនវិស្វកម្មក្នុងស្រុកថា៖ «វាពិតជាអស្ចារ្យណាស់។ ខ្ញុំអាចនិយាយបានថា វាគ្មានភាពខុសប្លែកគ្នារវាងស្នាដៃមនុស្ស និងរ៉ូបូតឡើយ»។
លោក តាន់ ធុនលីម បុគ្គលិកផ្នែកលក់នៅ Orange Clove បាននិយាយថា រ៉ូបូតនេះនឹងអនុញ្ញាតឲ្យចុងភៅកាត់បន្ថយកិច្ចការច្រំដែល និងផ្ដោតលើតម្រូវការអតិថិជនវិញ។
រ៉ូបូត Sophie នឹងជួយកាត់បន្ថយចុងភៅប្រចាំនៅតុស៊ុបឡាកសាពី ២ នាក់មកត្រឹមម្នាក់ដែលមានភារកិច្ចចម្បងបន្ថែមគ្រឿងគ្រៅ និងសម្អាតតុស៊ុបប៉ុណ្ណោះ។ លោក តាន់ បានឲ្យដឹងថាក្រុមហ៊ុនជ្រើសរើសក្នុងការផលិតរ៉ូបូតនេះដែលចម្អិនស៊ុបឡាកសា ដោយសារតែវាជាមុខម្ហូបពេញនិយមបំផុតមួយ តែពួកគេធ្វើការកែកុនធ្វើស៊ុបគុយទាវសាច់បង្គា និងមុខម្ហូបឆាសម្រាប់អ្នកស្រុក។
ក្រុមហ៊ុនក្នុងស្រុកមួយទៀតកាលពីដើមខែបានឲ្យដឹងថា ខ្លួននឹងដាក់ដំណើរការរ៉ូបូតអនាម័យចំនួន ៣០០ គ្រឿងនៅក្នុងខែមីនាឆ្នាំក្រោយ ដើម្បីជួយសម្អាតសណ្ឋាគារ ផ្សារទំនើប និងអគាររដ្ឋាភិបាលនានា ខណៈដ្រូនក៏ត្រូវបានដំឡើងដាក់ឲ្យត្រួតពិនិត្យទិដ្ឋភាពខាងក្រៅអគារដែលបច្ចុប្បន្នកិច្ចការទាំងនេះត្រូវបានបំពេញដោយមនុស្ស៕ HR