ក្រុងសានហ្វ្រានស៊ីស្កូ: បដិវត្ដន៍រ៉ូបូតមកដល់ហើយ! យ៉ាងហោចណាស់ វាជាបច្ចេកវិទ្យាជួយបន្សាបភាពងងុយពេលព្រឹកព្រលឹមរបស់លោកអ្នក។ បច្ចេកវិទ្យា Cafe X Technologies ពិតជាថ្មីសន្លាងដែលមានសមត្ថភាពឆុងកាហ្វេស្វ័យប្រវត្ដិ រចនាឡើងដោយក្រុមម្ចាស់ជយលាភីដែលបានផលិតកាស និងបាស Beat របស់វេជ្ជបណ្ឌិត ដ្រេ Ammunition Group។
ម៉ាស៊ីនឆុងកាហ្វេស្ទីល Jetsons អាចឆុងកាហ្វេ ១២០ ពែងក្នុងមួយម៉ោង ដែលប្រតិបត្ដិការដោយដៃរ៉ូបូតម្រាម ៦ តម្លៃ ២៥ ០០០ ដុល្លារ។ អតិថិជនអាចកុម្ម៉ង់ភេសជ្ជៈលើអេក្រង់ថាច់ស្គ្រីន ឬតាមរយៈកមុ្មវិធីទូរស័ព្ទ Cafe X និងទទួលបានសារមួយពេលភេសជ្ជៈត្រូវបានឆុងរួចរាល់ ក្រោយពីរង់ចាំតែប៉ុន្មាននាទី។
មិនខុសពីហាងកាហ្វេទូទៅ អតិថិជនអាចជ្រើសរើសភេសជ្ជៈច្រើនប្រភេទ ដូចជាកាហ្វេឡាតេ អេស្ព្រេសូ ឡាតេ ម៉ាតឆា និងខូរតាដូ ជាដើម និងជាមួយជម្រើសទឹកដោះគោច្រើនប្រភេទរួមទាំងទឹកដោះគោស្រស់ស៊ុយអែតសរីរាង្គ។ សូម្បីតែកាយវិការរបស់រ៉ូបូតក៏ត្រូវបានរចនាឡើងឲ្យត្រាប់តាមអ្នកជំនាញឆុងកាហ្វេដែរ។ ពេលវាជូនកែវកាហ្វេដល់ភ្ញៀវ ម៉ាស៊ីនបានបង្ហាញកាយវិការ «នេះនែ!» ថែមទៀត។
អ្នកផលិតម៉ាស៊ីនកាហ្វេវៃឆ្លាត ហេនរី ហ៊ូ អាយុ ២៤ ឆ្នាំដែលនឹកឃើញភាពច្នៃប្រឌិតពេលសិក្សាឆ្នាំទី ២ នៅមហាវិទ្យាល័យបាបសុន ក្រោយពីធ្លាប់ឈរតម្រង់ជួរទិញកាហ្វេយ៉ាងវែងដូចកន្ទុយខ្លែងនៅអាកាសយានដ្ឋានបាននិយាយថា៖ «យើងចង់ឲ្យវាផ្ដល់ភាពកក់ក្ដៅ និងរួសរាយរាក់ទាក់ជាមួយភ្ញៀវ»។
លោក ហ៊ូ មិនយល់ថាការបដិវត្ដរ៉ូបូតជាបញ្ហាចោទនោះទេ ដោយលោកអះអាងថា៖ «ចំណុចសំខាន់គឺការផ្ដល់សេវាកម្មឆុងកាហ្វេរហ័សទាន់ចិត្ដ និងឆ្ងាញ់ពិសា»។
រ៉ូបូតឆុងកាហ្វេអាចផ្ដល់ការកុម្ម៉ង់ចន្លោះពី ៣០០ ទៅ ៤០០ ពែងក្នុង ១ ថ្ងៃ។ តម្លៃនៅតែថោក ដោយសារតែការចំណាយទាប។ កាហ្វេ Americano ធម្មតា ១ ពែងមានតម្លៃ ៣ ដុល្លារហើយមិនចាំបាច់ចំណាយប្រាក់ធីបអ្វីនោះឡើយ។
ការយល់ឃើញរបស់មហាជនអាចជាឧបសគ្គធំបំផុត។ គុណវិបត្ដិមួយគឺថា ឧបករណ៍នេះមិនអាចចេះច្នៃសិល្បៈលើកាហ្វេនៅឡើយទេ។
លោក Jason Calacanis មកពី Thiel Foundation និងជាស្ថាបនិក Uber ដំបូងបានថ្លែងថា៖ «ការប្រើបច្ចេកវិទ្យារ៉ូបូត វាតែងតែមានចំណុចល្អ និងអាក្រក់។ បើអ្នកមិនបានប្រយ័ត្នទាំងការឌីហ្សាញ និងសមត្ថភាពការងារ វាធ្វើឲ្យកើតមានភាពមិនប្រក្រតីរវាងមនុស្ស»៕ HR