ក្រុង​បាងកក៖ រ៉ូបូត​ឆ្កែ​ឈ្មោះ K9 ចូល​ខ្លួន​មក​​បម្រើ​ទឹក​លាង​ដៃ​ ដល់​កុមារ​ និង​អ្នក​ដើរ​ផ្សារ។ នេះ​ជា​មធ្យោបាយ​ថ្មី​ប្លែក​​ ដែល​​​ផ្សារ​ទំនើប​នៅ​​ថៃ​បាន​អនុវត្ត ខណៈ​ដែល​ប្រទេស​​នេះ​បាន​បន្ធូរបន្ថយ​បម្រាម​​​រឹត​បន្តឹង​​ការ​ដើរ​ហើរ​ និង​ដំណើរការ​ទីប្រជុំជន​ឡើង​វិញ។

រ៉ូបូត​ឆ្កែ​​បម្រើ​ជែល​លាង​ដៃ​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រតិបត្តិការ​​​ជា​បឋម ហើយ​​វា​ត្រូវ​បាន​​បញ្ជា​ដោយ​​ប្រព័ន្ធ ​5G ល្បឿន​លឿន​បំផុត​។

ជាមួយ​កាយវិការ​ត្រាប់​តាម​កូន​ឆ្កែ​​ដ៏​រស់រវើក រ៉ូបូត​ K9 ដើរ​​ក្រវែល​ជុំវិញ​ផ្សារ​ទំនើប​ Central World ដ៏​ពេញ​និយម​នៅ​ក្រុង​បាងកក ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដំណើរ ជាពិសេស​ក្មេងៗ​ដែល​​ចូល​មក​ក្បែរ​ ​ដើម្បី​យក​ទឹក​លាង​ដៃ​លើ​ខ្នង​រ៉ូបូត​ឆ្កែ។

មន្ត្រី​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​​ប្រព័ន្ធ​ទូរស័ព្ទ AIS ភេត្រា សាក់ធីដេយហានូបាន បាន​​លើក​ពី​អត្ថប្រយោជន៍​នៃ​រ៉ូបូត​នេះ​ថា៖ «វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​មនុស្ស​ក្នុង​ការ​លាង​សម្អាត​​ដៃ​ ពេល​កំពុង​ដើរ​ផ្សារ។ វា​ជា​ផ្នែក​មួយ​នៃ​វិធានការ​រក្សា​អនាម័យ ជា​ពិសេស​ក្នុង​ស្ថានភាព​មាន​ជំងឺ​កូវដី ១៩»។

ក្រុមហ៊ុន​នេះ​ក៏​មាន​គោលដៅ​​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ 5G សម្រាប់​ស្មាតហ្វូន​ឲ្យ​បាន​នៅ​ចុង​ឆ្នាំ ២០២០ ផង​ដែរ។ ​អម​វត្តមាន​ជាមួយ​រ៉ូបូត​ឆ្កែ K9 ដែល​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ផ្សារ​ទំនើប​នោះ ​គឺ​ជា​រ៉ូបូត ROC ដើរ​តួនាទី​វាស់​កម្ដៅ​អតិថិជន និង​រ៉ូបូត LISA ផ្ដល់​សេវា​ណែនាំ​អតិថិជន។

វត្តមាន​គ្រឿង​យន្ត​ទាំង​នេះ​នៅ​ផ្សារ​ទំនើប ក៏​ធ្វើ​ឲ្យ​អតិថិជន​ខ្លះ​​មិន​​ស្វាគមន៍​ដែរ។

អ្នកនាង ឡាផាសាណាន ប៊ូរ៉ាណាផាត់ផាកន បាន​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា គ្រាន់​តែ​ឃើញ​រូបរាង​​ឆ្កែ​យន្ត​ហ្នឹង​វា​គួរ​ឲ្យ​ខ្លាច​បាត់​ទៅ​ហើយ»។

យ៉ាងណា​មិញ ស្ត្រី​វ័យ ២៩ ឆ្នាំ​រូប​នេះ​ទទួល​ស្គាល់​ថា៖ «ប៉ុន្តែ​​ការ​​ដើរ​ចល័ត​ផ្ដល់​ទឹក​លាង​ដៃ​ដល់​អតិថិជន​បែប​នេះ ក៏​ជា​រឿង​ល្អ​ដែរ»៕ AFP