ក្រុង​សិង្ហបុរី៖ ក្រុម​អ្នក​ស្រាវជ្រាវ​សិង្ហបុរី​បាន​ច្នៃ​បង្កើត​រ៉ូបូត​បាញ់​ថ្នាំ​សម្លាប់​វីរុស​ដោយ​បំពាក់​ដៃ​ធ្វើ​ចលនា​​​ស្រដៀង​​មនុស្ស ដើម្បី​​ជួយ​បន្ទុក​កិច្ច​ការ​ក្រុម​អ្នក​អនាម័យ​អំឡុង​ពេល​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

រ៉ូបូត «​​XDBOT» ជា​រ៉ូបូត​ប្រអប់​ បំផ្លាស់​ទី​ដោយ​កង់​រំអិល​​ជាមួយ​ប្រមោយ​ដៃ​ដ៏​ប៉ិន​ប្រសប់ ដែល​អាច​លូក​ចូល​កន្លុក​កន្លៀត​ ដូចជា ក្រោម​តុ និង​ក្រោម​គ្រែ​ជាដើម​។ រ៉ូបូត​ ដែល​​ផលិត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណាន់យ៉ាង (NTU) មាន​ភារកិច្ច​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ និង​អាច​សម្អាត​បរិវេណ​ធំ​ទូលាយ​។

វា​ត្រូវ​បាន​គ្រប់គ្រង​ និង​បញ្ជា​ពី​ចម្ងាយ​ដោយ​កុំព្យូទ័រ ឬ​ថេប្ល៊ិត ដែល​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ក្រុម​អនាម័យ​ក្នុង​ការ​ឆ្លង​រោគ​ ដោយ​បាន​ឆក់​យក​​ជីវិត​មនុស្ស​​រាប់​ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភព​លោក​។

ឈិន អ៊ីមីង ជា​អ្នក​វិទ្យាសាស្ដ្រ​នៅ NTU ដែល​ដឹក​នាំ​គម្រោង​នេះ បាន​និយាយ​ថា​៖ «​ការ​ប្រើ​ប្រាស់​រ៉ូបូត​ថ្មី​របស់​យើង​ពី​ចម្ងាយ ដែល​ប្រតិបត្ដិការ​​ដោយ​មនុស្ស អាច​គ្រប់គ្រង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ដោយ​មិន​ចាំបាច់​មនុស្ស​ប៉ះពាល់​​ទីតាំង​ផ្ទាល់​»។

រ៉ូបូត​​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​វីរុស​កូរ៉ូណា ព្រោះ​វា​ធ្វើការ​រហ័ស និង​មាន​ប្រសិទ្ធភាព​។ រូបថត AFP

រ៉ូបូត​អនាម័យ​ខុស​ពី​រ៉ូបូត​ដទៃ​​ទៀត​នៅ​លើ​ទីផ្សារ ដែល​វា​ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​សម្អាត​​បរិវេណ​កម្រាល​ទីវាល​ និង​មិន​អាច​បាញ់​ថ្នាំ​លើ​វត្ថុ​រូប​រាង​ប្លែកៗ​។ រ៉ូបូត​អាច​ជួយ​សម្រួល​កិច្ចការ​ចំពោះ​ការ​សម្អាត​អនាម័យ​ និង​សេវាកម្ម​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​សិង្ហបុរី ដោយ​របាយការណ៍​នានា​បាន​លើក​ឡើង​ថា ក្រុម​អ្នក​អនាម័យ​​ត្រូវ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​អំឡុង​ពេល​រីក​រាល​ដាល​នៃ​មេរោគ​រាត​ត្បាត​។

XDBOT ត្រូវ​បាន​ធ្វើ​តេស្ដ​សាក​ល្បង​នៅ​តាម​បរិវេណ​​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណាន់យ៉ាង (NTU) ហើយ​ក្រុម​អ្នក​ផលិត​រំពឹង​ថា​នឹង​ធ្វើ​តេស្ដ​វា​នៅ​លើ​ទីលាន​បរិវេណ​ធំ​ និង​នៅ​មន្ទីរ​ពេទ្យ​នានា​។

សិង្ហបុរី​ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​នៃ​ការ​ឆ្លង​លើ​ទី ២ កំពុង​តែ​វាយ​លុក​ខ្លាំង ដោយ​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ហក់​ឡើង​ជាង ១ ​ពាន់​នាក់ ​ក្នុង ​១ ​ថ្ងៃ​ ដែល​នាំ​ឲ្យ​ករណី​សរុប​មាន​ជាង ១ ម៉ឺន​។ការ​រីក​រាលដាល​ច្រើន​ផ្ទុះ​ឡើង​ពី​អគារ​កម្មករ​​សំណង់​​ជន​បរទេស​។

ចាប់​ពី​ថៃ​រហូត​ដល់​អ៊ីស្រាអែល រ៉ូបូត​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា ដោយ​រ៉ូបូត​ត្រូវ​បាន​សម្គាល់​​ថា ធ្វើ​ការ​រហ័ស​ ប្រសិទ្ធភាព និង​នៅ​តំបន់​រីក​រាល​ដាល​ខ្លាំង៕ AFP/HR

កុំព្យូទ័រត្រូវបាន​ភ្ជាប់សម្រាប់បញ្ជា​​ការ​សម្អាត​​គ្រប់ទីតាំង​។ រូបថត AFP