ក្រុង​កាត់​ថ្មា​ន់​ឌូ: «សូម​រីករាយ​ជាមួយ​អាហារ​របស់​លោកអ្នក» នេះ​ជា​សម្ដី​របស់​អ្នក​រត់​តុ​នេ​ប៉ាល់​ដំបូង​ឈ្មោះ Ginger ខណៈ​វា​លើក​នំ​ចំហុយ​ដាក់​លើ​តុ​អាហារ​របស់​ភ្ញៀវ​ដែល​កំពុង​តែ​ស្រេក​ឃ្លាន។

ប្រទេស​នៅជាប់​ភ្នំ​ហិមពាន្ដ​ដ៏​ក្រីក្រ​នេះ​ល្បី​សម្បូរ​ភ្នំខ្ពស់ៗជាង​បច្ចេកវិទ្យា តែ​យុវជន​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​មួយ​ក្រុម ព្យាយាម​ស្វែង​យល់​ផ្លាស់​ប្ដូរ​ទស្សនៈ​នេះ។ ក្រុមហ៊ុន​ថ្មី Paaila Technology បាន​ផលិត Ginger ជា​រ៉ូបូត​កម្ពស់ ១,៥ ម៉ែត្រ ពី​កម្មវិធី scratch ដើម្បី​ឲ្យ​វា​ស្ដាប់​យល់​ភាសា​អង់គ្លេស និង​នេប៉ាល់។

រ៉ូ​បូត ២ ភាសា ដែល​ត្រូវបាន​ដាក់ឈ្មោះ Ginger តាម​គ្រឿងផ្សំ​អាហារ​ដ៏​ពេញនិយម​របស់​នេប៉ាល់ ថែម​ទាំង​និយាយ​លេង​សើច ដូចជា កម្មវិធី Siri របស់ Apple និង Alexa របស់ Amazon ផង​ដែរ។

Ginger ៣គ្រឿង​បម្រើការ​នៅ​ភោជនីយដ្ឋាន Naulo ក្នុង​ទីក្រុង​ដី​ហុយ​កាត់​ថ្មា​ន់​ឌូ ដែល​ដង​វិថី​សម្បូរ​រន្ធ​បាយ​ខុំ និង​អគារ​ចាស់ៗ​បាក់​បែក​បន្សល់​តាំង​ពី​គ្រោះ​មហន្ដរាយ​រញ្ជួយ​ដី​ជាង ៣ ឆ្នាំ​មុន។

លោក ប៊ី​ណាយ រោ​ត អគ្គនាយក​ក្រុមហ៊ុន​ឲ្យ​ដឹងថា៖ «នេះ​ជា​ផលិតផល​សាកល្បង​របស់​យើង។ យើង​ស្វាគមន៍​នូវ​ប្រតិកម្ម​នានា​ពី​ភ្ញៀវ»។

ក្រុម​វិស្វករ​យុវជន ២៥ នាក់ ដែល​លោក រោ​ត ចាស់​ជាងគេ អាយុ ២៧ ឆ្នាំ បានធ្វើ​ការងារ​រាប់​ខែ​ដើម្បី​ផលិត​រ៉ូបូត ដោយ​ប្រើ​ដៃ​សុទ្ធ​សាធ​នៅ​ក្នុង​ការិយាល័យ​មាន ៣ បន្ទប់​តូច។

រ៉ូបូត Ginger កាន់ថាសម្ហូប​អាហារ​យកទៅ​ជូន​ភ្ញៀវ​នៅតាម​តុ។ AFP

អ្វីដែល​ប្រទេស​នេ​ប៉ាល់​ខ្វះ​ក្នុង​វិស័យ​បច្ចេកវិទ្យា ក្រុម​វិស្វករ​ទាំងនេះ​ចេះ​ច្នៃប្រឌិត​ខ្លួនឯង។ រូបរាង​បា្លស្ទិក​ដ៏​ស្លីម​របស់ Ginger ត្រូវ​បាន​លាប​ថ្នាំ​ពណ៌​ក្នុង​ហ្គារ៉ាស​ឡាន​ក្បែរ​ខាង។

ភោជនីយដ្ឋាន Naulo បាន​សម្ពោធ​កាលពី ៤ ខែ​មុន ហើយ​អ្នករត់​តុ​ជា​រ៉ូ​បូត​របស់ខ្លួន គឺជា​ភាព​ទាក់​ទាញ​ចម្បង​ដោយ​បាន​អន្ទង​ចិត្ដ​អតិថិជន​ទាំង​ចាស់ ទាំង​ក្មេង​ឲ្យ​ចង់​ដឹង និង​ចង់​ឃើញ។

អតិថិជន​កុម្ម៉ង់​ម្ហូប​តាមរយៈ​តារាង​មុខម្ហូប​លើ​អេក្រង់​ថាច់​ស្គ្រី​ន​នៅលើ​តុ ហើយ Ginger ត្រូវ​បាន​ហៅ​ចូល​ផ្ទះ​បាយ ពេល​មុខ​ម្ហូប​ត្រូវ​បាន​ចុងភៅ​រៀបចំ​ដាក់​ចាន​រួច​រាល់។

សាលី​ក្រាម សា​ម៉ា អាយុ ៧៣ ឆ្នាំ ដែល​កើតមុន​វត្ដ​មាន​ទូរទស្សន៍​លក់​ក្នុងប្រទេស​នេប៉ាល់ បាន​និយាយ​ថា៖ «វា​ពិត​ជា​បទពិសោធ​ថ្មី​សន្លាង»។

មនុស្ស​យន្ត Ginger បានក្លាយ​ទៅជា​តារា​ល្បី និង​រមែង​ត្រូវបាន​រំខាន​ដោយ​ក្មេងៗ ដើម្បី​ចាប់​វា​ថត​រូប។ កំពុង​លូក​ដៃ​យក​ម្ហូប​ពី​រ៉ូបូត នីឡាម គូម៉ា ប៊ី​ម៉ាលី អតិថិជន​មក​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ បាន​និយាយ​ថា៖ «ពួកគេ​ពិត​ជា​ល្អ​មែន។ ខ្ញុំ​មិន​ជឿ​ថា រ៉ូបូត​ទាំង​នេះ​ផលិត​ក្នុង​ប្រទេស​នេប៉ាល់​យើង​សោះ»។

វេទិកា​សេដ្ឋកិច្ចពិភពលោកថ្មីៗនេះ បាន​ទស្សន៍ទាយ​ថា នៅមុន​ឆ្នាំ ២០២៥ ការងារ​ទាំង​អស់​លើស​ពី​ពាក់​កណ្ដាល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រ៉ូបូត ច្រើន​ជាង​ជិត ២ ដង​នា​ពេល​បច្ចុប្បន្ន៕