

ភ្នំពេញៈ រថយន្តប្រើថាមពលអគ្គិសនីដំបូងបំផុតដែលផលិតឡើងដោយការវិនិយោគរបស់ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ម៉ាកអង្គរស៊េរីឆ្នាំ២០១៣ បានដាក់លក់ជាផ្លូវការហើយ។ ប្រជាជនកម្ពុជានៅតែទទូចចង់ដឹងថា តើរថយន្តផលិតដោយខ្មែរជាលើកដំបូងនេះ មានលក្ខណពិសេសអ្វីខ្លះ?
អ្នកផលិតរថយន្តលោក ញាន ផល្លិត ឲ្យដឹងថា រថយន្តអង្គរកើតឡើងពីការរចនាប្លែកភ្នែកនូវរូបរាងខាងក្រៅមានទ្វារបើកស្លាបឡើងលើដោយគ្រាន់តែប្រើក្រយៅដៃដាក់ទៅលើទ្វាររថយន្ត ភ្លាមនោះគឺទ្វារនឹងបើកឡើងលើដោយអូតូម៉ាទិកតែម្តង។
លោក ញាន ផល្លិត មានប្រសាសន៏ថា៖«រថយន្តនេះផលិតឡើងសម្រាប់អតិថិជនគ្រប់គ្នាអាចប្រើប្រាស់បាននិងអ្នកដែលមានចំណង់ចំណូលចិត្តទៅលើវាម្យ៉ាងទៀតរថយន្តថ្មីនេះដូចជាសត្វចម្លែកអ៊ីចឹងគឺនៅពេលដែលខ្ញុំសាកបើកបរនៅលើផ្លូវគឺមានគេចាប់អារម្មណ៍ច្រើនហើយពេលដែលចតនៅលើផ្លូវវិញគឺមានមនុស្សជាច្រើនតាមរោមមើល»។
លោកបានបញ្ជាក់ថា៖«រថយន្តនេះមានលក្ខណពិសេសត្រង់ថាប្រើថាមពលអគ្គិសនីអាគុយរថយន្តដំណើរការដោយការប្រើក្រយៅដៃស្គេន ទាំងបើកទ្វារឡើង និងដំណើរការបញ្ឆេះម៉ាស៊ីនដែលជាលក្ខណៈងាយស្រួលក្នុងការបើកបរដោយមិនភ័យខ្លាចក្នុងការបាត់បង់សោនិងងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងគ្រួសារតែម្តង»។
ផលិតកររូបនេះបន្តថារាល់ការសាកភ្លើងអគ្គិសនីម្តងៗ គឺរត់បានចម្ងាយ៣០០គ.មហើយការសាកភ្លើងវិញគឺ៣០នាទីបាន៨០ភាគរយឯការសាកឲ្យពេញ១០០ភាគរយនោះគឺចំណាយពេល៣ម៉ោងហើយរាល់ការសាកម្តងៗគឺចំណាយភ្លើងអស់២០គីឡូវ៉ាត់ដែលគិតជាលុយស្មើនឹង២ម៉ឺនរៀល។ រីឯនៅផ្នែកខាងក្នុងវិញគឺមានកៅអីបីមានពោងការពារពីរមានកម្លាំងម៉ាស៊ីន៦.៥និងមានបច្ចេកវិទ្យាជាច្រើនទៀតដែលមានបំពាក់នៅខាងក្នុងនោះ។
ក្នុងនោះដែរលោកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុនវិយោគ ហេង អភិវឌ្ឍន៍ បានបន្ថែមថា ការលក់រថយន្តនេះមានតម្លៃក្រោម១ម៉ឺនដុល្លារ។
លោកស្រីអគ្គនាយកមានប្រសាសន៍ថា៖«ខ្ញុំមានអារម្មណ៍រំភើបរីករាយណាស់សម្រាប់ការបើកដាក់ដំណើរលក់រថយន្តអង្គរស៊េរីថ្មី២០១៣នេះ។ឆ្នាំ២០១៣នេះ យើងលក់នៅលើទីផ្សារបានខ្លះៗហើយមានចំនួនប៉ុន្មាននោះគឺមិនទាន់ដឹងច្បាស់ទេប៉ុន្តែខ្ញុំធានាដោយផ្ទាល់មាត់រថយន្តអង្គរឆ្នាំ២០១៣របស់ក្រុមហ៊ុនខ្ញុំនឹងមានបម្រើនៅលើទីផ្សារ»។
ទោះបីជារថយន្តអង្គរមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្ពស់ និងផ្តល់ទំនុកចិត្តលើបច្ចេកទេស និងស្តង់ដារសុវត្ថិភាពដូចរថយន្តរបស់ក្រុមហ៊ុនផលិតធំៗនៅក្រៅប្រទេសក៏ដោយប៉ុន្តែលោកស្រីបានឲ្យដឹងថា នេះជាការចាប់ផ្តើមដ៏ល្អដើម្បីអាចឈានឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀតនាពេលអនាគត។ ជាមួយគ្នានោះ លោកស្រីក៏សូមអំពាវនាវរកអ្នកដែលមានជំនាញឬចំណេះដឹងផ្នែកបច្ចេកវិទ្យារថយន្តនេះដើម្បីចូលរួមការផលិតរថយន្តមួយឲ្យកាន់តែមានស្តង់ដារខ្ពស់នាពេលអនាគត៕