ភ្នំពេញ៖ ក្រុម​វិស្វករ​កម្ពុជា​វ័យ​ក្មេង ArrowDot ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ការងារ​លើ​ស្វ័យ​ប្រវត្ដិកម្ម អេឡិចត្រូនិក​ និង​ឧស្សាហកម្ម​រ៉ូបូត បាន​ច្នៃ​បង្កើត​​ឧបករណ៍​ថ្មី​ ដែល​ផ្ដល់​អុកស៊ីហ្សែន និង​ជួយ​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ជំនួយ​ផ្លូវ​ដង្ហើម​ពី​ជំងឺ​កូវីដ ​១៩ និង​ផ្លូវ​ដង្ហើម​ផ្សេងៗ​ទៀត​។

ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម ឬ (Emergency Low Cost Ventilator Machine) អាច​បញ្ចូល​ខ្យល់​អុកស៊ីហ្ស៊ែន​ និង​ខ្យល់​បរិយាកាស​ទៅ​កាន់​ផ្លូវ​ដង្ហើម​សម្រាប់​អ្នក​ជំងឺ​ពិបាក​ដក​ដង្ហើម​។

លោក លីម សង្វា សហស្ថាបនិក​ ArrowDot បាន​ឲ្យ​ដឹង​ថា៖ «​ម៉ាស៊ីន​នេះ​មាន​មុខងារ​ជួយ​បញ្ចូល​ខ្យល់​អុកស៊ីហ្សែ៊ន ឬ​ខ្យល់​បរិយាកាស​ដល់​អ្នកជំងឺ​ដែល​មាន​អាការ​ពិបាក​ដក​ដង្ហើម​ ហើយ​វា​បំពេញ​មុខ​ងារ​មួយ​ភាគ​ធំ​នៃ​ម៉ាស៊ីន​ស្ដង់ដា​ ដែល​មាន​នៅ​តាម​មន្ទីរពេទ្យ​ធំៗ​ដោយ​វា​ផ្ដល់​លក្ខណៈ​ប្រើប្រាស់​ងាយ​ស្រួល​ និង​ចំណាយ​ថវិកា​តិច​តួច​ក្នុង​ការ​ផលិត​​ពេល​មាន​​កង្វះ​ខាត​ខ្លាំង បើ​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​»។

ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម ដែល​ផលិត​គំរូ​ដំបូង ៤ គ្រឿង ត្រូវ​បាន​​ប្រើ​ប្រព័ន្ធ​មេហ្គានិក ដែល​មាន​មុខងារ​បញ្ចូល​ខ្យល់​អុកស៊ីហ្ស៊ែន​តាមរយៈ​បំពង់​ខ្យល់​ទៅ​កាន់​សួត នៅ​ពេល​អ្នក​ជំងឺ​ដក​ដង្ហើម​ចូល និង​បន្ធូរ​វិញ​នៅ​ពេល​ដក​ដង្ហើម​ចេញ​។

លោក សង្វា ក៏​ជា​អគ្គនាយក​ ArrowDot បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​យើង​ក៏​បាន​បំពាក់​មុខងារ ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ល្បឿន បរិមាណ​ខ្យល់​ទៅ​តាម​លក្ខណៈ​របស់​អ្នក​ជំងឺ​ផ្សេងៗ​គ្នា​ដោយ​យោង​លើ​ទម្ងន់​ និង​មាឌ​ជាដើម​ ដែល​​លក្ខណៈ​នេះ​ គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​វាស់​មុន​នឹង​ដំណើរ​ការ​ម៉ាស៊ីន​នេះ​»។

ម៉ាស៊ីនជំនួយផ្លូវដង្ហើមត្រូវបានត្រួតពិនិត្យ និងដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទចំនួន​ ២។ រូបថត សហ​ការី

ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ចំនួន ២​ ក្នុង​កិច្ច​ប្រជុំ​រវាង​ ក្រុម​អ្នក​ស្រាវជ្រាវ និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ហៅ​​កាត់​ថា និបទិក (NIPTICT) ដែល​ដឹកនាំ​ដោយ​​រដ្ឋមន្ដ្រី​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត។

យោង​តាម​របាយការណ៍​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រសួង លោក​រដ្ឋមន្ដ្រី​បាន​ជំរុញ​ក្រុម​វិស្វករ​កម្ពុជា​បន្ដ​កិច្ចការ​ជាមួយ​ក្រសួង​​សុខាភិបាល ដើម្បី​បន្ត​​នីតិវិធី​​ដាក់​ឲ្យ​ដំណើរការ​​កម្មវិធី​​ខាង​លើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

លោក សង្វា បាន​និយាយ​ថា ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ ៤ គ្រឿង​​ដំបូង ដែល​នីមួយៗ​ត្រូវ​ការ​ពេល ៥ ថ្ងៃ ​ដើម្បី​អភិវឌ្ឍ​នៅ​មន្ទីរ​ពិសោធន៍​ ArrowDot ត្រូវ​បាន​ដាក់​ដំណើរការ​ពិសោធ​លើ​គុណភាព និង​មុខងារ​របស់​វា។

លោក​និយាយ​ថា​៖ «​ថ្មីៗ​នេះ យើង​បាន​យក​ម៉ាស៊ីន​គំរូ​ទៅ​ធ្វើ​តេស្ដ​បញ្ជាក់​ជាមួយ​មន្ដ្រី​ក្រសួង​​សុខាភិបាល​ ហើយ​ពួក​គេ​នឹង​យក​វា​ទៅ​សាកល្បង​ជាមួយ​សត្វ​​សិន​។ ក្រុមហ៊ុន​ដាក់​ស្នើសុំ​ការ​ឯកភាព​ពី​ក្រសួង ដែល​ត្រូវ​ការ​ពេល​វេលា​តេស្ដ​ច្រើន​ទៀត​»។

លោក​បន្ដ​ថា ចំពោះ​កិច្ច​សហការ​ជាមួយ​សាកលវិទ្យាល័យ​សុខាភិបាល ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​ប្រព័ន្ធ​ប្រតិបត្ដិការ​ឲ្យ​កាន់​តែ​មាន​គុណភាព​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស​។

បើ​មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​ ហើយ​កូវីដ ​១៩​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​សួត​​អ្នក​ជំងឺ​ លោក​អះអាង​ថា ម៉ាស៊ីន​​​ជំនួយ​ផ្លូវ​ដង្ហើម​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​អ្នក​ជំងឺ​ដក​​ដង្ហើម​ជាមួយ​នឹង​ការ​បញ្ចូល​អុកស៊ីហ្ស៊ែន​គ្រប់​គ្រាន់​។

លោក សង្វា និយាយ​ទាំង​ស្ទាក់ស្ទើរ​ថា​៖ «​ក្នុង​ករណី​នេះ ក្រុម​​វិស្វករ​របស់ ArrowDot អាច​​​ផលិត​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ ១០ គ្រឿង​ក្នុង ​១ ថ្ងៃ​។ ប៉ុន្ដែ​បើ​មាន​ការ​ផ្ទុះ​ជាយថា​ហេតុ​ ក្រុមហ៊ុន​របស់​យើង​អាច​ធ្វើ​ការ​ជាមួយ​និស្សិត​វិស្វករ​តាម​សាកលវិទ្យាល័យ​នានា ​ដើម្បី​​បង្កើន​ការ​ផលិត​ដល់​ ៥០ គ្រឿង ​ក្នុង ​១ ថ្ងៃ​»។

ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម ​បំពេញមុខងារមួយភាគធំនៃម៉ាស៊ីនស្ដង់ដាដែលមាននៅតាមមន្ទីរពេទ្យធំៗ​​។ រូប សហ​ការី

ម៉ាស៊ីន​របស់​ ArrowDot លក់​​ក្នុង​តម្លៃ ១៨០ ដុល្លារ ​១ គ្រឿង​ ដែល​លោក សង្វា បាន​​អះអាង​ថា វា​ជា​​តម្លៃ​ដើម​ប៉ុណ្ណោះ ​ដើម្បី​ជួយ​ប្រទេស​ក្នុង​គ្រា​អាសន្ន​។

អគ្គនាយក ArrowDot បាន​បន្ថែម​ថា ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​នេះ​មិន​ត្រឹម​តែ​សម្រាប់​ប្រើ​ដើម្បី​ជួយ​អ្នក​ជំងឺ​កូវីដ ​១៩ ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​។

លោក លីម សង្វា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ក្រោយ​​​កូវីដ ​១៩ បាត់​ពី​លើ​លោក​នេះ​ទៅ ម៉ាស៊ីន​នេះ​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​អ្នក​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​​បង្អែក​នានា​ដែល​ខ្វះ​ឧបករណ៍​ទាំង​នេះ​។ ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​អាច​​ជួយ​គ្រូ​ពេទ្យ​ ដែល​ធ្លាប់​តែ​ឈរ​សប់​បញ្ចូល​ខ្យល់​អុកស៊ីហ្ស៊ែន​ដល់​អ្នក​ជា​ច្រើន​ម៉ោង​​ក្នុង​ការ​ដក​ដង្ហើម​»។

លោក​បន្ដ​ថា​៖ «​ក្រោយ​ពី​តេស្ដ​លើ​មុខងារ និង​គុណភាព យើង​អាច​សន្និដ្ឋាន​ថា វា​អាច​ត្រូវ​បាន​ប្រើ​នៅ​ផ្ទះ​ផង​ដែរ​។ ប៉ុន្ដែ​អ្នក​ប្រើប្រាស់​ត្រូវ​ទទួល​ការ​បណ្ដុះ​បណ្ដាល និង​ធ្វើ​តាម​គោលការណ៍​ដោយសារ​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វេជ្ជបណ្ឌិត​»​។

ម៉ាស៊ីនជំនួយផ្លូវដង្ហើម ដែលផលិតគំរូដំបូង ៤គ្រឿង ត្រូវបានប្រើប្រព័ន្ធមេហ្គានិក​​។ រូបថត សហ​ការី

នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​សហគ្រិន​វ័យ​ក្មេង​រូប​នេះ និង​ក្រុម​ការងារ​បាន​អភិវឌ្ឍ​ឧបករណ៍​បច្ចេកវិទ្យា​ក្នុង​សម័យ​​​ឧស្សាហកម្ម​ ៤.០។ កាល​ពី​ខែ​តុលា ឆ្នាំ​មុន ArrowDot បាន​ផលិត​ឧបករណ៍​ប្រកាស​អាសន្ន​អគ្គិភ័យ​ប៉ុន​បាត​ដៃ​ភ្ជាប់​ជាមួយ​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ FireDot ត្រូវ​បាន​អភិវឌ្ឍ ​ដើម្បី​ការពារ​គ្រោះថ្នាក់​កើត​ឡើង​ជា​​យថាហេតុ​សម្រាប់​ប្រើប្រាស់​ក្នុង​អគារ និង​ផ្ទះ​សំបែង​។

ក្នុង​ឆ្នាំ ​២០១៧ ក្រុមហ៊ុន​បាន​​ឈ្នះ​ពាន​រង្វាន់​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​សម្រាប់​បច្ចេកវិទ្យា​​រ៉ូបូត​​ក្នុង​ការ​ប្រកួត​ប្រជែង​។

សម្រាប់​ព័ត៌មាន​លម្អិត សុំ​ចូល​ទៅ​កាន់​វេបសាយ www.arrowdot.io ឬ​ហ្វេសប៊ុក​ @ArrowdotTech៕