ក្រុង​ញូវយ៉ក: ដោយបាន​ចំណាយពេល​ផលិត ២ ឆ្នាំ Radar Pace របស់​ក្រុមហ៊ុន Oakley ក្លាយជា​វ៉ែនតា​កម្ដៅ​ថ្ងៃ បំពាក់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​បង្វឹក​តាម​សំឡេង​ដ៏​ពិត​ប្រាកដ​ហាក់បី​ដូចជា​អ្នក​មាន​អ្នកគ្រូ​កីឡា​ម្នាក់​តោង​ជាប់​ភ្នែក​អ៊ីចឹង។

ជាមួយ​ជំនួយ​កម្មវិធី​ទូរស័ព្ទ លោកអ្នក​អាច​ដំឡើង​កម្មវិធី​បង្វឹក​ផ្ទាល់ខ្លួន ដោយ​តាមដាន​ពី​សមត្ថភាព និង​ទទួល​ការ​បណ្ដុះ​បណ្ដាល​ដ៏​ពិត​ប្រាកដ តាមរយៈ​កាស​របស់​វ៉ែនតា។

ក្រឡេក​មួយ​ភ្លែត Radar Pace មិន​ខុសពី​វ៉ែនតា​ខ្មៅ​របស់ Oakley ទូទៅ​នោះទេ ទាល់តែ​លោកអ្នក​ពិនិត្យ​ឲ្យ​ជិត​បន្ដិច​នៅ​ត្រង់​ដង​របស់​វា ដែល​អាច​សម្គាល់​ឃើញ​ការ​បង្កប់​ហាដវែរ Intel។

ត្រង់ចំណុច​សៀតផ្កា លោក​អ្នកនឹង​មើលឃើញ​បន្ទះ​ថាច់​មួយ បំពាក់​សេន​ស័​រ​ជាច្រើន រួមទាំង ប្ល៊ូធូស ក្បាល​មេក្រូ​តូច និង​រន្ធ​ឌុយ USB ភ្ជាប់​នឹង​កាស​ថែម​ទៀត។

សរុបមក ដង​រប​ស់វា​បំពាក់​មេក្រូ ៣ និង​សេន​ស័​រ​មិន​តិច​ជាង ៥ នោះទេ ដូចជា ឧបករណ៍​ស្ទង់​ល្បឿន រង្វាស់​រង្វិល បរិធាន​ស្ទង់​អាកាស​ធាតុ ព្រម​ទាំង​សំណើម និង​សេនស័រ​មួយ​ចំនួន​ទៀត។

ដង​វ៉ែនតា​ក៏​បំពាក់​ជាមួយ​ប្ល៊ូ​ធូ​ស និង​បច្ចេកវិទ្យា ANT+ សម្រាប់​ផ្គូផ្គង​ជាមួយ​សេនស័រ​ភាគី​ទី ៣ ដូចជា រង្វាស់​ចង្វាក់​បេះដូង វាស់​ថាមពល និង​សេនស័រ​វាស់​ចង្វាក់។

ទិន្នន័យ​ទាំងនេះ​ត្រូវបាន​បញ្ជូនទៅ​កាន់​កម្ម​វិធី Radar Pace និង​បញ្ជូន​មកវិញ​តាមរយៈ​សំឡេង​នារី​យ៉ាង​ស្រទន់​ក្នុង​កាស​វ៉ែនតា ដែល​ហាក់បី​ដូចជា​អ្នក​មាន​ជំនួយការ ឬ​អ្នកគ្រូ​បង្វឹក​ចាំ​ប្រាប់​ពី​របៀប​ហាត់ ថា​គួរ​បន្ថែម​ល្បឿន កាត់​បន្ថយ​ការ​ហាត់ ឬ​គួរ​សម្រាក​ឆ្លៀត​ដក​ដង្ហើម​ជាដើម។

ជាមួយ​ថ្ម​អាច​ប្រើ​បាន ៤ ម៉ោង និង​អាច​ចាក់​តន្ដ្រី ៦ ម៉ោង វ៉ែនតា​បង្វឹក​វៃឆ្លាត Oakley Radar Pace មាន​តម្លៃ ៤៤៩ ដុល្លារ៕HR