ក្រុង​សិង្ហបុរី៖ អ្នក​សម្អាត​ថ្នល់ និង​អ្នក​ដឹក​ភ្ញៀវ​ក្នុង​បរិវេណ​​វាយ​កូន​ហ្គោល ធ្វើ​ដំណើរ​តាម​ផ្លូវ​រត់​យ៉ាង​រលូន ដោយ​អាច​​ជាន់​ហ្រ្វាំង​​ពេល​ឃើញ​ អ្នក​ដំណើរ​ដើរ​ឆ្លង​កាត់​។

ស្វាគមន៍​មជ្ឈមណ្ឌល​តេស្ដ​ការ​​បើកបរ​ស្វ័យ​ប្រវត្ដិ​របស់​ប្រទេស ​សិង្ហបុរី​ ដោយ​មាន​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ និង​អគារ​សិប្បនិម្មិត​ ដែល​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្ដិ​។

យ៉ាងណា​មិញ ខណៈ​អាជ្ញាធរ​មាន​បំណង​ទទួល​យក​នូវ​បច្ចេកវិទ្យា​បើកបរ​ស្វ័យ​ប្រវត្ដិ​របស់​ក្រុមហ៊ុន​យក្ស​ និង​ក្រុមហ៊ុន​តូច​ៗ ​ដើម្បី​អភិវឌ្ឍ​យានយន្ដ​ ឧស្សាហកម្ម​នេះ​ត្រូវ​តែ​ធានា​ថា ខ្លួន​មាន​សុវត្ថិភាព​ និង​​អាច​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​ឲ្យ​​ទទួល​យក​បច្ចេកវិទ្យា​នេះ​ផង​​ដែរ​។

បរិវេណ​ដី ២ ហិកតា មាន​ផ្លូវ​រត់​ខ្វាត់ខ្វែង ជម្រាល​ភ្នំ​ ភ្លើង​សញ្ញា​ចរាចរណ៍ និង​ចំណត​រថយន្ដ​ក្រុង​ដើម្បី​បង្កើត​ទិដ្ឋភាព​ចរាចរណ៍​ដូច​ពិតៗ​។ កុងតឺន័រ​ត្រូវ​បាន​ដាក់​តម្រៀប ​ដើម្បី​​តេស្ដ​របាំង​រលក​​សញ្ញា​​ចំពោះ​រថយន្ដ​ស្វ័យ​ប្រវត្ដិ​។

មជ្ឈមណ្ឌល​ CETRAN ដំណើរការ​ដោយ​សាកល​វិទ្យាល័យ​តិចណូឡូជី ណាន់​យ៉ាង (NTU) មាន​ទាំង​ម៉ាស៊ីន​ផលិត​​ទឹក​ភ្លៀង​ដែល​​រមែង​ទទួល​​​ទឹក​ភ្លៀង​​ត្រូពិក​​ទម្លាក់​លើ​ប្រទេស​ទីក្រុង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជាមួយ​ប្រជាជន​សរុប ៥,៧ លាន​នាក់​។

លោក Niels De Boer ប្រធាន​កម្មវិធី​នៅ​មជ្ឈមណ្ឌល​និយាយ​ថា​៖ «​មុន​ពេល​ដាក់​ដំណើរ​ការ​លើ​​ដង​វិថី​ពិត​ យើង​​ធ្វើ​តេស្ដ​យានយន្ដ​ស្វ័យប្រវត្ដិ​នៅ​​ទី​នេះ ​ដើម្បី​​ប្រាកដ​ថា វា​មាន​​លក្ខណ​សម្បត្ដិ​គ្រប់គ្រាន់​»។

ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​នាំ​យក​​យាន​របស់​ខ្លួន​មក​ធ្វើ​តេស្ដ​នៅ​ទី​នេះ និង​ទទួល​យក​វិញ្ញាបនបត្រ​មុន​ពេល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ទី​សាធារណៈ​។ រថយន្ដ​បោស​សម្អាត​ថ្នល់ កំពុង​តែ​ត្រូវ​បាន​ធ្វើ​តេស្ដ​សាកល្បង​ ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ ដែល​អាច​ដាក់​ពង្រាយ​​​ពួក​វា​បំពេញ​ភារកិច្ច​បោស​សម្អាត​បរិស្ថាន​ក្នុង​​​ទីក្រុង​។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដែល​​រថយន្ដ​តូចៗ​ និង​រថយន្ដ​ក្រុង​ក៏​ត្រូវ​បាន​ធ្វើ​តេស្ដ​ ហើយ​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​រ៉ូបូត​ក៏​នឹង​ត្រូវ​ដំណើរការ​ឆាប់ៗ​ផង​ដែរ​។

ច្បាស់​ណាស់ សិង្ហបុរី​កំពុង​តែ​ព្យាយាម​បញ្ចុះ​បញ្ចូល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្វ័យប្រវត្ដិ​ដែល​​​សម្លឹង​រក​ទីកន្លែង​ធ្វើ​តេស្ដ​សាកល្បង​​របស់​ខ្លួន​នៅ​អាស៊ី ជា​ទី​ដែល​ទីក្រុង​ធំៗ​ជា​ច្រើន​ទទួល​រង​នូវ​ការ​កក​ស្ទះ​យ៉ាង​ខ្លាំង​។

រដ្ឋាភិបាល​សិង្ហបុរី​បាន​ដឹកនាំ​គម្រោង​នេះ ខណៈ​ដែល​ខ្លួន​ព្យាយាម​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​បន្ថែម​ទៀត​ ​ក៏​​ដោយសារ​​រដ្ឋាភិបាល​មើល​ឃើញ​ថា បច្ចេកវិទ្យា​នេះ​មាន​ប្រយោជន៍​ចំពោះ​ការ​ដឹក​ជញ្ជូន​សាធារណៈ​ និង​ផ្ដល់​សេវាកម្ម​ទូទៅ​។

អាជ្ញាធរ​មាន​បំណង​ដាក់​ពង្រាយ​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​ស្វ័យ​ប្រវត្ដិ​ក្នុង ៣ តំបន់ នៅ​ឆ្នាំ ​២០២២ ហើយ​កាល​ពី​ខែ​កញ្ញា បាន​ប្រកាស​ថា ខ្លួន​បាន​និង​កំពុង​តែ​ពង្រីក​បរិវេណ​រត់ ដែល​​រថយន្ដ​ស្វ័យ​ប្រវត្ដិ​អាច​នឹង​ត្រូវ​បាន​ធ្វើ​តេស្ដ​សាកល្បង​លើ​ចម្ងាយ​ផ្លូវ​រហូត​ដល់ ១ ០០០ គីឡូម៉ែត្រ​។

យាន​ស្វ័យប្រវត្ដិ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​បណ្ដាញ​ដឹក​ជញ្ជូន​សាធារណៈ​សម្រាប់​បំពេញ​កិច្ចការ​នានា ដូចជា​យាន​ចម្លង​សម្រាប់​អ្នក​ដំណើរ​ទៅ​កាន់​ស្ថានីយ​នីមួយៗ និង​ស្ថានីយ​ពី​ផ្ទះ​ ឬ​កន្លែង​ការងារ។ នេះ​បើ​យោងតាម​ Subodh Mhaisalkar សាស្ដ្រាចារ្យ​ (NTU) ទទួល​បន្ទុក​លើ​កម្មវិធី​រថយន្ដ​ស្វ័យប្រវត្ដិ​។

សាស្ដ្រាចារ្យ​បាន​និយាយ​ថា៖ «​វា​ជា​ដំណើរ ដែល​អាច​ចំណាយ​ពេល​ពី ១០ ទៅ ២០ ឆ្នាំ​ទៀត តែ​ខ្ញុំ​គិត​ថា វា​នឹង​អាច​ទៅ​រួច​»៕ AFP/HR