ភ្នំពេញ៖ ពេល​ពួក​គេ​ជួប​បទពិសោធ​រៀន​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ​នៅ​សាលា​រដ្ឋ​ ដែល​ទាក់ទង​នឹង​ការ​ពិសោធ​​ផ្នែក​គីមី​វិទ្យា​ ពួក​គេ​ដឹង​ថា វា​ហាក់​ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង​ដែល​ជា​ការ​អនុវត្ដ​ជាក់​ស្ដែង​នៅ​ក្នុង​ថ្នាក់​រៀន​។

ក្រុម Tech Girls Cambodia ​​ជាមួយ​សមាជិក ​៥ នាក់ ​ភាគ​ច្រើន​រៀន​ថ្នាក់​ទី ​១២ នា​ពេល​នោះ​បាន​ឈ្នះ​ពាន​រង្វាន់​លេខ ​១ នៃ​ព្រឹត្ដិការណ៍ Technovation Cambodia ដោយ​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ E-Lab ដើម្បី​​សិស្ស​វិទ្យាល័យ​អនុវត្ដ​ការ​ពិសោធ​វិទ្យាសាស្ដ្រ​នៅ​ផ្ទះ​។

យុវតី​ ស្រ៊ីនវ៉ាសាន ចាស្មីន ជា​សមាជិក​ក្រុម​ម្នាក់ បាន​ឲ្យ​ដឹង​ថា​៖ «​E-Lab គឺ​ជា​កម្មវិធី​ទូរស័ព្ទ​បែប​អប់រំ​ដោយ​ផ្ដោត​លើ​គីមីវិទ្យា​។ កម្មវិធី​នេះ​បាន​ដាក់​បញ្ចូល​នូវ​ការ​ពិសោធ​ដែល​ទាក់ទង​កម្មវិធី STEM ជាមួយ​ការ​ណែនាំ​ច្បាស់​ៗ​ ហើយ​យើង​ក៏​រួម​បញ្ចូល​​នូវ​ការ​បង្ហាត់​បង្ហាញ​ បញ្ជី​ឈ្មោះ​សម្ភារ​​ពិសោធ​តម្លៃ​សមរម្យ និង​គន្លឹះ​សុវត្ថិភាព​ថែម​ទៀត​។ វា​ត្រូវ​បាន​បែង​ចែក​ជា ៣ ផ្នែក គឺ​សម្រាប់​មុខវិជ្ជា​ចាប់​ពី​ថ្នាក់​ទី ៧ ដល់ ទី ៩ និង​ពី​ទី ១០ ដល់​ទី ១២ ព្រម​ទាំង​ការ​ពិសោធ​​បែប​កម្សាន្ដ​សប្បាយ​»។

កាល​ពី​មួយ​ឆ្នាំ​មុន យុវសិស្ស​ ឈី សុគន្ធទេវី កំពុង​សិក្សា​ថ្នាក់​ទី ​១២ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ និង​បាន​គិត​ថា ការ​សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​នៅ​សាលា​រៀន​ដោយ​ការ​ទន្ទេញ​ទ្រឹស្ដី និង​នឹក​ស្រមៃ​ពី​ការ​ពិសោធ​ផ្នែក​គីមីវិទ្យា​ពិត​ជា​កិច្ចការ​មិន​ងាយ​ស្រួល​ឡើយ​។

រូបភាព​ពីអេក្រង់​​​កម្មវិធី E-Lab សម្រាប់ Android។ រូបថត សហ​ការី

កញ្ញា សុគន្ធទេវី បាន​ប្រាប់ ភ្នំពេញ​ប៉ុស្ដិ៍ ​ថា​៖ «​រហូត​ដល់​សព្វ​ថ្ងៃ​ យើង​នៅ​បន្ដ​អនុវត្ដ​ការ​ទន្ទេញ​មេរៀន​នៅ​ឡើយ​។ យើង​ប្រឈម​នឹង​បញ្ហា​ខ្លះៗ​ទាក់ទង​នឹង​ការ​រៀន​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ​ និង​បច្ចេកវិទ្យា​។ យើង​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​»។

ចាប់​ពី​យុវសិស្ស​ដ៏​សាមញ្ញ​ម្នាក់​ដែល​​​អត់​ស្គាល់​អ្វី​សោះ​ជា​បច្ចេកវិទ្យា ពេល​នេះ ឈី សុគន្ធទេវី បាន​​ពាន​រង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា ឆ្នាំ ២០១៩ ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ ដើម្បី​លើក​កម្ពស់​​ស្ដ្រី​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​នៅ​យុគសម័យ​ឌីជីថល​​។

កញ្ញា ឈី សុគន្ធទេវី អាយុ ១៩ ឆ្នាំ ជា​នាយក​ប្រតិបត្ដិ​ E-Lab ចាត់ចែង​លើ​ផ្នែក​បច្ចេកទេស លោក អ៊ុតងី ពិសាល អាយុ ២៤ ឆ្នាំ ជា​អ្នក​សរសេរ​កូដ កញ្ញា ពុទ្ធិរិទ្ធ អរុណ​រស្មី អាយុ ១៨ ឆ្នាំ ចែក​រំលែក​គំនិត​ជំនួញ និង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ កញ្ញា សូ វច្ជនា អាយុ ១៨ ឆ្នាំ ទទួល​ខុស​ត្រូវ​ផ្នែក​មូលនិធិ និង​កញ្ញា​កូន​កាត់​ខ្មែរ​-​ឥណ្ឌា ស្រ៊ីនវ៉ាសាន ចាស្មីន អាយុ ១៨ ឆ្នាំ ​កាន់​ផ្នែក​ទំនាក់ទំនង​។

កញ្ញា សុគន្ធទេវី បាន​និយាយ​ថា ជាមួយ​បំណង​ចង់​បង្កើត​ E-Lab ក្លាយ​​ជា​ការ​ពិត​វា​មិន​អាច​កើត​ចេញ​ជា​រូបរាង​ឡើយ បើ​គ្មាន​ការ​ចូលរួម​ពី​អ្នក​ណែនាំ និង​សិស្ស​ច្បង​ និង​កិច្ច​សហការ​ជា​ក្រុម​។

ស្រប​ពេល​នោះ​ យុវសិស្ស​រូប​នេះ​ចង់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍ Technovation Cambodia កញ្ញា​បាន​សហការ​ជាមួយ​សមាជិក​ ៤ នាក់​ទៀត ដើម្បី​អភិវឌ្ឍ​កម្មវិធី​ E-Lab ហើយ​ពួក​គេ​បាន​ឈ្នះ​ពាន​ 1st Place National Grand Prize Winner ក្នុង​ប្រភេទ​ Senior Division ពី​ព្រឹត្ដិការណ៍ National Pitch Event for Technovation 2018។

និស្សិត​អាហារូបករណ៍​ផ្នែក​គីមីវិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (KIT) កញ្ញា ​ទេវី បាន​និយាយ​ថា​៖ «​មូលហេតុ​មួយ កម្មវិធី​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយសារ​យើង​មើល​ឃើញ​ថា សាលា​រដ្ឋ​ខ្វះ​មន្ទីរ​ពិសោធន៍​ និង​សម្ភារ​។ សិស្ស​ភាគ​ច្រើន​ចាប់​អារម្មណ៍​នឹង​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ និង​ការ​ពិសោធ​ តែ​ពួក​គេ​​មិន​មាន​ធនធាន​។ ដូច្នេះ យើង​នឹក​ឃើញ​គំនិត​បង្កើត​ E-Lab ដែល​អាច​ឲ្យ​អ្នក​ប្រើ​អនុវត្ដ​ការ​ពិសោធ​ដោយ​ការ​មើល​វីដេអូ​ក្នុង​ app។ មូល​ហេតុ​មួយ​ទៀត វា​ចាប់​ផ្ដើម​អំឡុង​ពេល​ចូលរួម​ប្រកួត​ Technovation Cambodia នៅ​ឆ្នាំ ​២០១៨​»។

ជាមួយ​ការ​ចាប់​ផ្ដើម​បង្ហោះ​វីដេអូ​ប៉ុន្មាន​ឃ្លីប​លើ E-Lab ដែល​ដំណើរការ​​ក្នុង​ខែ​ឧសភា​ សិស្ស​អាច​រៀន និង​អនុវត្ដ​ខ្លួន​ឯង​នៅ​ផ្ទះ​។ យុវតី​កូន​កាត់​ខ្មែរ​-​ឥណ្ឌា ចាស្មីន បាន​បន្ដ​ថា​៖ «​សិស្ស​អាច​រៀន​ផ្នែក​វិទ្យាសាស្ដ្រ​តាមរយៈ​វីដេអូ​ ហើយ​ពួក​គេ​ក៏​អាច​ស្វែង​យល់​ស៊ី​ជម្រៅ​អំពី​ប្រតិកម្ម​គីមី​ផ្សេង​ៗ​ផង​ដែរ​។ ពួក​គេ​អាច​អនុវត្ដ​ចំណេះ​ដឹង​ ឬ​ជជែក​វែក​ញែក​ជាមួយ​មិត្ដ​រួម​ថ្នាក់​ថែម​ទៀត​»​។

ក្រោយ​ពី​ដោនឡូដ និង​ចុះ​ឈ្មោះ​ប្រើ​​កម្មវិធី E-Lab ដែល​ទើប​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្ដិការ Android សិស្ស​អាច​ជ្រើសរើស​ប្រភេទ​គីមីវិទ្យា រូបវិទ្យា និង​ជីវវិទ្យា (បច្ចុប្បន្ន ដំណើរការ​តែ​គីមីវិទ្យា​) និង​ប្រភេទ​កម្រិត​ថ្នាក់​ពី ៧-៩ និង ១០-១២ ព្រម​ទាំង​ការ​ពិសោធ​កម្សាន្ដ​សប្បាយ​។

ក្រុម Tech Girls Cambodia ស្ថាបនិក​កម្មវិធី E-Lab។ រូបថត សហ​ការី

យុវសិស្ស​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​រូប​នេះ ​និយាយ​ថា៖ «​យើង​បាន​ប្រើ​ពេល​អភិវឌ្ឍ​កម្មវិធី​នេះ​មួយ​ឆ្នាំ​កន្លះ​។ វា​មាន​ដំណើរការ​ពេញ​លេញ និង​អាច​ដោនឡូដ​ប្រើប្រាស់​បាន តែ​នៅ​បន្ដ​អភិវឌ្ឍ​បន្ថែម​។ សម្រាប់​អ្នក​ប្រើប្រាស់​ប្រតិបត្ដិការ iOS សូម​រង់ចាំ​បន្ដិច​ទៀត​»។

ទោះ​សមាជិក​ម្នាក់ៗ​សុទ្ធ​តែ​រវល់​នឹង​​​ការ​សិក្សា​រៀងៗ​ខ្លួន​ ពួក​គេ​នៅ​តែ​ប្ដេជ្ញា​បន្ថែម​វីដេអូ​ពិសោធ និង​មុខងារ​សំខាន់ៗ​ថែម​ទៀត​សម្រាប់​សិស្ស​អាច​បង្កើន​សមត្ថភាព​ការ​គិត និង​គំនិត​ច្នៃ​ប្រឌិត​។

កញ្ញា ទេវី បាន​បន្ថែម​ថា​៖ «​យើង​បន្ដ​​អភិវឌ្ឍ​មុខងារ​ឲ្យ​កាន់​តែ​ទាន់​សម័យ​​។ យើង​បាន​ដឹង​ថា​ កម្មវិធី​ទូរស័ព្ទ​របស់​យើង​ត្រូវ​បន្ដ​ធ្វើ​បច្ចុប្បន្នភាព​ជាប់​ជានិច្ច​។ ដូច្នេះ យើង​ព្យាយាម​ដាក់​បញ្ចូល​វីដេអូ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​»។

កញ្ញា​បាន​និយាយ​ថា ក្រុម​ការងារ​ចង់​ប្រែ​ក្លាយ E-Lab ឲ្យ​ទៅ​ជា​វេទិកា​សង្គម​មួយ​សម្រាប់​អ្នក​សិក្សា​វ័យ​ក្មេង​បាន​ជជែក​វែក​ញែក​ពី​មុខ​វិជ្ជា​នីមួយៗ និង​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​។

ឈី សុគន្ធទេវី បាន​លើក​ទឹក​ចិត្ដ​ឲ្យ​យុវជន​ខ្មែរ​ជួយ​ស្វែងរក​ដំណោះស្រាយ​​ផ្សេងៗ​ដែល​សង្គម​ជាតិ​កំពុង​ជួប​ប្រទះ​។ កញ្ញា​បាន​បញ្ជាក់​ថា​៖ «​យើង​ពិត​ជា​ឃើញ​យុវជន​ទាំង​ប្រុស​ស្រី​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ច្រើន​។ យើង​លើក​ទឹក​ចិត្ដ​ពួក​គេ​បង្ហាញ​គំនិត​ និង​ចាប់​ផ្ដើម​គិត​អំពី​បញ្ហា​សង្គម​កំពុង​ជួប​ប្រទះ​ ព្រម​ទាំង​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ​»។

ជាមួយ​ដំណើរការ​តែ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្ដិ​ការ Android នា​ពេល​បច្ចុប្បន្ន សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក E-Lab Official៕