ភ្នំពេញ៖ «ស្លឹក​រឹត» ជា​កម្មវិធី​ទូរស័ព្ទ​មាន​មុខងារ​អភិរក្ស​អក្សរសាស្ដ្រ និង​ប្រវត្ដិសាស្ដ្រ​ដូនតា ខណៈ​ដែល​កម្មវិធី​ទូរស័ព្ទ «និទាន​» ត្រូវ​បាន​​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​​​និទាន​រឿង​បែប​ឌីជីថល​ ​ដែល​ជា​កម្មវិធី​ទូរស័ព្ទ​កើត​ចេញ​ពី​​ស្នាដៃ​កុមារី​កម្ពុជា​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​​ជយលាភី​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ Technovation Cambodia។

ពួក​គេ​បាន​រៀន​សរសេរ​កូដ និង​គំនិត​​អាជីវកម្ម ក៏​ដូចជា ខិតខំ​តស៊ូ​រិះរក​គំនិត​ច្នៃ​ប្រឌិត​ប្លែកៗ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​។

រយៈពេល ១២ សប្ដាហ៍ ក្រោយ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​កាល​ពី​ថ្ងៃទី ១០​​ ខែ ​មិថុនា​​ ឆ្នាំ ​២០២០​ កម្មវិធី​ប្រកួត​ថ្នាក់ជាតិ​ Technovation Cambodia ឆ្នាំ ​២០២០ ​បាន​រក​ឃើញ​​​ក្រុម​ឈ្នះ​ជយលាភី​ថ្នាក់​ជាតិ​ លេខ ​១ លេខ ​២​​ និង​ពាន​រង្វាន់​ប្រជាប្រិយភាព​​ ដល់​ក្រុម​កុមារី​ចំនួន​ ៤ ក្រុម​ ​ដែល​​បាន​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​បង្កើត​ App ដោះស្រាយ​បញ្ហា​តាម​បច្ចេកវិទ្យា​ជូន​ប្រជាពលរដ្ឋខ្មែរ​ចាប់​តាំង​ពី​ខែ​​មករា ​មក​។

កញ្ញា ប៉ែន​ វរនាត​ ជា​សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​នៅ ៦០៦​ ឌីជីថល​ និង​ជា​​អគ្គរាជទូត​ប្រចាំ​តំបន់​របស់​ Technovation Cambodia នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ​នេះ​ បាន​ប្រាប់​​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «ចាប់​ពី​ឆ្នាំ ​២០១៤ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​មាន​ក្រុម​កុមារី​ សរុប​ចំនួន​ ៣៣៩ ​ក្រុម​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​កម្មវិធី​របស់​យើង​»។

កញ្ញា​បាន​បន្ដ​ថា​៖ «​ដោយ​ឡែក​ក្នុង​ឆ្នាំ​នេះ​ យើង​ទទួល​បាន​ចំនួន​ក្រុម​កុមារី​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​រហូត​​ដល់​ទៅ ១៤៨​ ក្រុម​ ជា​​ចំនួន​ដ៏​​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ដែល​យើង​ធ្លាប់​បាន​​ធ្វើ​ការ​កន្លង​មក​​»។

ក្នុង​ចំណោម​ក្រុម​ទាំង​ ១៤៨ ក្រុម​​​ ​​មាន ២០ ​ក្រុម​​​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​​។ កម្មវិធី​ប្រកួត​ស្វែង​រក​ម្ចាស់​ពាន​​​ត្រូវ​បាន​ធ្វើ​​តាមរយៈ​អនឡាញ​ជា​លើក​ដំបូង​​ ដោយ​គណៈកម្មការ​ Technovation Cambodia បាន​ជ្រើសរើស​ក្រុម​ជយលាភី​ចំនួន​ ៤ ​ក្រុម​។

ក្រុម​កុមារី The Geek ម្ចាស់​ជយ​លាភី​លេខ ១ លើ​ការ​ផលិត​កម្មវិធីអភិរក្ស​អក្សរសាស្ដ្រ​ ស្លឹក​រឹត (Slek Rit)​​។ រូបថត សហ​ការី

កញ្ញា វរនាត​ ប្រាប់​ឲ្យ​ដឹង​ថា ​Technovation Challenge ជា​កម្មវិធី​ប្រកួត​ប្រជែង​ស្វែង​រក​សហគ្រិន​វ័យ​ក្មេង​​ផ្នែក​​បច្ចេកវិទ្យា​ធំ​ជាង​គេ​នៅ​លើ​ពិភព​​លោក​ ដោយ​ផ្តោត​ទៅលើ​ក្មេង​ស្រី​ចាប់​ពី​វ័យ​ ១០ ទៅ ​១៨ ឆ្នាំ​។ កម្មវិធី​នេះ​ក៏​​​ជា​កម្មវិធី​ដោះស្រាយ​វិសមភាព​យេនឌ័រ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។

ជាក់​ស្តែង​ក្រុម​កុមារី​ជយលាភី​លេខ ១​ ក្រុម​អាយុ​ចាប់​ពី​​ ១៤​ ដល់​ ១៨​ ឆ្នាំ​បាន​បង្កើត​កម្មវិធី​​ App ឈ្មោះ (Slek Rit)​ ស្លឹក​រឹត ដើម្បី​ដោះស្រាយ​ក្តី​កង្វល់​ទៅ​លើ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​មាន​​ទំនោរ​ទៅ​លើ​ការ​ប្រើប្រាស់​ភាសា​បរទេស​ និង​​មិន​សូវ​ស្វែង​យល់​ពី​អក្សរ​សាស្ត្រ​ ​ប្រវត្តិសាស្រ្ត​ និង​រឿង​ព្រេង​របស់​ខ្មែរ​។

ហេតុ​នេះ​ក្រុម​កុមារី The Geek​ ដែល​មាន​សមាជិក​ ៥ រូប​ មក​ពី​រាជធានី​ភ្នំពេញ បង្កើត​ App ស្លឹករឹត​​ នឹង​យក​សៀវភៅ​រឿង​ព្រេង រឿង​ប្រលោម​​លោក​ខ្មែរ ​ដើម្បី​តាក់តែង​ជា​សៀវភៅ​អាន​បែប​ឌីជីថល​ អម​ដោយ​រូបភាព​ដែល​អាច​ទាក់ទាញ​ចិត្ដ​ក្មេងៗ​ជំនាន់​ក្រោយ​​ចូល​អាន​ និង​ស្វែង​យល់​ពី​អក្សរសាស្ត្រ​ខ្មែរ​បាន​។

ទន្ទឹម​នឹង​នេះ​​​ ក្រុម​ជយលាភី​លេខ​ ១​ មួយ​ក្រុម​ទៀត​​ស្ថិត​ក្នុង​ក្រុម​អាយុ​ចាប់​ពី​ ១០ ​ដល់ ​១៤ ​ឆ្នាំ​ គឺ​ជា​ក្រុម​ Girls 4 Good ជា​ម្ចាស់​ App និទាន (Nitean) ​ដែល​ផ្តោត​លើ​ខ្សែ​សំឡេង​និទាន​រឿង​សម្រាប់​កុមារ។

កញ្ញា​ ថេង​ បញ្ញា ជា​អ្នក​ណែនាំ​ ក្រុម ​Girls 4 Good បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «តាម​ធម្មតា​​​មុន​នឹង​ចេះ​និយាយ​ក្មេង​ៗ​រៀន​​ស្តាប់​សិន។​​ ប៉ុន្តែ​​ រាល់​ថ្ងៃ​ ឪពុក​ម្តាយ​របស់​កុមារ​តូចៗ​ដែល​រវល់​ការងារ​​ច្រើន​ បាន​បណ្ដែត​​បណ្តោយ​ឲ្យ​កូន​នៅ​ម្នាក់​ឯង​ មើល​ទូរស័ព្ទ​ ឬ​ទុក​ឲ្យ​នៅ​ជាមួយ​អ្នក​មើល​ថែ​ ដែល​​ខ្លះ​មិន​សូវ​និយាយ​ជាមួយ​ក្មេង​ បណ្តាល​ឲ្យ​ក្មេង​តូច​អាយុ ​៦ ឆ្នាំ​ហើយ​នៅ​​តែ​មិន​ចេះ​និយាយ»​។

កញ្ញា ថេង​ បញ្ញា បាន​រៀប​រាប់​​បន្ដ​ថា​៖ «​ហេតុ​នេះ​ក្មេង​ស្រី​ទាំង ​៣ រូប​បង្កើត ​App នេះ​ឡើង​ ដើម្បី​ជួយ​ឲ្យ​ក្មេងៗ​រៀន​​ស្តាប់​ឲ្យ​បាន​ច្រើន​ជាង​ការ​មើល​ និង​​ជួយ​លើ​ការ​លូត​លាស់​ផ្នែក​និយាយ​របស់​ពួក​គេ​។​ App នេះ​មិន​មាន​​រូបភាព​ទេ​ វា​គ្រាន់​តែ​ជា​សំឡេង​មនុស្ស​និទាន​រឿង​តែ​ប៉ុណ្ណោះ​​​»។

ចំពោះ​​ជយលាភី​ថ្នាក់​ជាតិ​លេខ ២​ បាន​ទៅ​លើ​ក្រុម​បង្កើត​ App ឈ្មោះ​ ​ PUT PEN ដែល​ផ្តោត​ទៅ​លើ​ ​វប្បធម៌ អរិយធម៌​​ខ្មែរ​ និង​បេតិកភណ្ឌ​ជាតិ​របស់​ខ្មែរ​​។

ចំណែក​ឯ​ ​ពាន​រង្វាន់​ផ្នែក​ប្រជាប្រិយ​បាន​ទៅ​លើ​​ក្រុម​ Bublicious បង្កើត​ App ឈ្មោះ ​Tourisme សម្រាប់​ផ្តល់​ព័ត៌មាន​អំពី​ទេសចរណ៍​​។

គួរ​បញ្ជាក់​ថា ម្ចាស់​​ជយលាភី​ លេខ ​១​ ស្ថិត​ក្នុង​ប្រភេទ​អាយុ ​១៤ ដល់​ ១៨ ឆ្នាំ​​ ទទួល​បាន​រង្វាន់​ជា​​ថវិកា​ចំនួន ​២ លាន​​​រៀល​ ជយលាភី​លេខ ១​ អាយុ​ចន្លោះ​ ១០​ ដល់ ១៤ ​ឆ្នាំ​ ទទួល​​បាន​រង្វាន់​ជា​ថវិកា​ចំនួន​ ១,២ លាន​រៀល ​ខណៈ​ពេល​ដែល​ជយលាភី​​លេខ ​២ ទទួល​បាន​ ១ លាន​​រៀល និង​ពាន​រង្វាន់​ប្រជាប្រិយ​ទទួល​បាន ៦០ ម៉ឺន​​រៀល។​​

សម្រាប់​ព័ត៌មាន​លម្អិត​សូមចូល​ទៅ​​កាន់​ទំព័រ​​ហ្វេសប៊ុក​​​ @Technovation Cambodia៕