ក្រុង​តូក្យូ: ការ​ស្នើ​សុំ​ឲ្យ​នរណា​ម្នាក់​ពាក់​ម៉ាសការពារ​សុវត្ថិភាព ​​គឺជា​សំណើ​ដ៏​លំបាក​មួយ។ ដូច្នេះ ហាង​មួយ​នៅ​ជប៉ុន​បាន​ជួល​រ៉ូបូត​មួយ​គ្រឿង ​ដើម្បី​បំពេញ​កិច្ចការ​ដោយ​ធានាថា​អតិថិជន​របស់​ខ្លួន​បាន​ពាក់​ម៉ាស​អំឡុង​ពេល​វិបត្ដិ​កូវីដ​នេះ។

គ្រឿង​ម៉ាស៊ីន​រ៉ូបូត​ដ៏​តូច​មួយ​បាន​និយាយ​​ក្រោយ​អូស​ខ្លួន​ទៅ​ជួប​អ្នក​ដើរ​ផ្សារ​អត់​ពាក់​ម៉ាស តាម​រយៈ​វីដេអូ​បទ​បង្ហាញ​ដែល​ចាក់​ផ្សាយ​ដោយ​ក្រុម​អ្នក​ផលិត​ថា​៖ «​សុំ​ទោស​ដែល​រំខាន​! តែ​សុំ​មេត្ដា​ពាក់​ម៉ាស​ផង​»។

វា​បាន​និយាយ​ពេល​អតិថិជន​គោរពតាម​ការ​ស្នើ​ ដោយ​ការ​ឱន​ក្បាល​គោរព​ដោយ​ដឹង​គុណ​ថា​៖ «​អរគុណ​ចំពោះ​ការ​យល់​យោគ​»។

រ៉ូបូត​ឈ្មោះ «​Robovie» ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ការ​​នៅតាម​ហាង​លក់​សម្ភារ​កីឡា​មួយ​ក្នុង​ទី​ក្រុង​អូសាកា​ ជា​ការ​ធ្វើ​ពិសោធ​ដោយ​ក្រុម​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ ATR ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ក្យូតុ​ ដែល​បាន​ផលិត​បុគ្គលិក​អគ្គិសនី​នេះ។

កាមេរ៉ា និង​ម៉ាស៊ីន​ហ្គេន​ឡាស៊ែរ​របស់​វា​អាច​មើល​ឃើញ​មនុស្ស​អត់​ពាក់​ម៉ាស ឬ​ឈរ​កៀក​គ្នា​ពេក​នៅតាម​ជួរ​រង់​ចាំ​ ដោយ​វា​ក៏​បាន​ស្នើ​សុំ​ឲ្យ​អតិថិជន​រក្សា​គម្លាត​សុវត្ថិភាព​ផង​ដែរ។

យោងតាម ATR បាន​បង្ហាញ​ថា នៅពេល​រ៉ូបូត​អនុវត្ដ​គោល​ការណ៍​រក្សា​គម្លាត Robovie អាច​ណែនាំ​ឲ្យ​អតិថិជន​ទៅកាន់​ហាង​ផ្សេងៗទៀត ដែល​ពួកគេ​ចង់។

ជប៉ុន​នៅមាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​តិច​ជាង​បណ្ដាល​ប្រទេស​ជា​ច្រើន​ទៀត​ ទោះ​បីជា​មាន​ការ​កើន​ឡើង​អត្រា​ឆ្លង​ខ្ពស់​រហូត​ដល់ ២ ២០១ ​ករណី​ ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​កាល​ពីថ្ងៃពុធ៕ AFP/HR