The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហុងដា​២០១៣​ក្នុង​ពិព័រណ៍​រថយន្ត​ឯ​កោះពេជ្រ

ហុងដា​២០១៣​ក្នុង​ពិព័រណ៍​រថយន្ត​ឯ​កោះពេជ្រ

ហុងដា​២០១៣​ក្នុង​ពិព័រណ៍​រថយន្ត​ឯ​កោះពេជ្រ

130328_22a
ពីឆ្វេងទៅស្ដាំ : រថយន្តហុងដា City ហុងដា Pilot និងហុងដា CR-V ដាក់តាំងនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិ នៅកោះពេជ្រកាលពីពាក់កណ្ដាលខែមីនា សហការី

ពី​ឆ្វេង​ទៅ​ស្ដាំ : រថយន្ត​ហុង​ដា City ហុង​ដា Pilot និង​ហុង​ដា CR-V ដាក់តាំង​នៅ​ក្នុងពិព័រណ៍​រថយន្ត​អន្តរជាតិ នៅកោះពេជ្រ​កាលពីពាក់កណ្ដាល​ខែ​មីនា។ រូបថត សហ​ការី

ភ្នំពេញ : ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ​ដំបូង​បង្អស់​នៅ​កោះពេជ្រ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា​(CAIF) តាំង​ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ខែ​មីនា​កន្លង​ទៅ​នេះ រថយន្ត​ហុងដា ស៊េរី​ឆ្នាំ​២០១៣ ជា​ច្រើន​ម៉ូដែល ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ដោយ​ក្នុង​នោះ​មាន​ដូចជា ហុងដា Pilot, CR-V និង City ជាដើម។

រថយន្ត​ហុងដា Pilot ត្រូវ​បាន​ក្រុមហ៊ុន​ភ្នំពេញ​ហុងដា ដែល​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​រថយន្ត​ហុងដា​ផ្ទាល់​ពី​ក្រុមហ៊ុន​ហុងដា ម៉ូទ័រ​របស់​ប្រទេស​ជប៉ុន​នោះ នាំ​ចូល​ពី​ក្រុមហ៊ុន​ហុងដា​នៅ​សហរដ្ឋ​អាមេរិក។ ហុងដា Pilot ជា​រថយន្ត​មាន​កៅអី​៣​ជួរ​សម្រាប់​អ្នក​ដំណើរ​៨​នាក់។ កៅអី​ត្រូវ​បាន​ស្រោប​ដោយ​ពូក​ស្បែក​ពណ៌​លឿង។ តួ​រថយន្ត​មាន​ភាព​ធំ​ទូលាយ និង​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ ដែល​អាច​ឲ្យ​អ្នក​បើកបរ និង​អ្នក​នៅ​ខាង​ក្រោយ​គ្រប់​គ្រង​សីតុណ្ហភាព​បាន​ដោយ​ខ្លួន​ឯង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ហុងដា Pilot ក៏​មាន​បំពាក់​នូវ​ហ្វ្រាំង​សុវត្ថិភាព ABS, EBD ប្រព័ន្ធ​សម្រាប់​ទប់​លំនឹង​រថយន្ត​ពេល​បើក​បរ និង​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​បើក​បរ​តំបន់​ភ្នំ និង​ខ្ពង់​រាប។ យោង​តាម​គេហទំព័រ​វាស់​ការ​ប្រើ​ប្រាស់​ថាមពល​អន្តរជាតិ ក្នុង​ប្រេង​១​លីត្រ ហុងដា Pilot ដែល​បំពាក់​ដោយ​ម៉ាស៊ីន V6 អាច​បើកបរ​បាន​ចម្ងាយ​ពី​៧,៦ ទៅ​១០,៦​គីឡូម៉ែត្រ​។

ដោយ​ឡែក រថយន្ត​ហុងដា CR-V ស៊េរី​ថ្មី គឺ​ជា​ឈ្មោះ​ដែល​អតិថិជន​តែង​ឮ​ជា​រឿយៗ ដោយ​សារ​សែ​ស្រឡាយ​ឆ្នាំ​មុនៗ​របស់​វា​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ជិត ២​ទសវត្សរ៍​មក​ហើយ​នោះ។

ចំពោះ​ហុងដា CR-V ស៊េរី​ចុង​ក្រោយ​ឆ្នាំ​២០១៣​នេះ វា​ជា​ប្រភេទ​រថយន្ត​កៅអី ៥។ នៅ​តួ​ខាង​មុខ​ត្រូវ​បាន​បំពាក់​ដោយ​ប៉ាណា​ក្រូម៉េ និង​អំពូល​ចង្កៀង​ប្រភេទ HID ភ្លឺ​ច្បាស់​ល្អ។ ក្រៅ​ពី​មាន ហ្វ្រាំង​សុវត្ថិភាព ABS, EBD និង​ប្រព័ន្ធ​សម្រាប់​ទប់​លំនឹង​រថយន្ត​ពេល​បើក​បរ រថយន្ត​នេះ​ក៏​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​កាមេរ៉ា​មើល​ក្រោយ ដែល​សម្រួល​ដល់​ការ​បើក​បរ។ ដៃ​ចង្កូត​មាន​ស្បែក ប៊ូតុង​បញ្ជា​លើ​សំឡេង ប្រព័ន្ធ កំណត់​ល្បឿន និង​ប្រព័ន្ធ​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​តែ​ប៉ុណ្ណោះ មិន​ចាំ​បាច់​ប្រើ​សោ​ឡើយ។

យោង​តាម​តេស្ត​បើក​បរ​សាកល្បង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ប្រេង​១​លីត្រ ហុងដា CR-V ឆ្នាំ​២០១៣ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​៤​ស៊ីឡាំង ២,៤L អាច​រត់​បាន​ចម្ងាយ​ពី​៩,៧ ទៅ​១៣​គីឡូម៉ែត្រ អាស្រ័យ​តាម​ស្ថានភាព​ផ្លូវ។

ចំណែក​ឯ​រថយន្ត​ហុងដា City ដែល​មាន​រាង​រៅ​ត្រូវ​នឹង​ការ​និយម​របស់​យុវវ័យ​នោះ​មាន​បរិក្ខារ​ខាង​ក្នុង​ទំនើប។ កុងទ័រ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត រីឯ​ចង្កូត​មាន​ប៊ូតុង​បញ្ជា​សំឡេង និង​មាន​រន្ធ​សម្រាប់​ប្រើ USB និង AUX ព្រម​ទាំង​អាច​ភ្ជាប់ Bluetooth ទៀត​ផង។ បរិក្ខារ​ទាំង​នេះ​ហើយ​ដែល​ផ្ដល់​ភាព​ទាក់ទាញ ដល់​អតិថិជន​វ័យ​ក្មេង។ រថយន្ត​នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​៤​ស៊ីឡាំង ១,៥L ដ៏​សន្សំ​សំចៃ ហើយ​ក្នុង​ប្រេង​១​លីត្រ​វា​អាច​រត់​បាន​ចម្ងាយ​ដល់​ទៅ​១៤​ដល់​១៧​គីឡូម៉ែត្រ​ឯណោះ។

យោង​តាម ក្រុមហ៊ុន​ភ្នំពេញ​ហុងដា សម្រាប់​រថយន្ត​ទាំង​៣​ម៉ូដែល​ខាង​លើ ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​កំណត់​ល្បឿន​បើក​បរ និង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ការ​បើកបរ Eco Button និង Eco Light ដែល​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​រថយន្ត​ដឹង​ពី​ការ​សន្សំ​សំចៃ​សាំង។

ព័ត៌មាន​លម្អិត​ស្ដី​ពី​រថយន្ត​ទាំង​៣​ខាង​លើ​នេះ អាច​ទំនាក់​ទំនង​ក្រុមហ៊ុន​ភ្នំពេញ​ហុងដា ស្ថិត​នៅ​ទល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕

អត្ថបទគួរចាប់អារម្មណ៍