ភ្នំពេញ៖ តួអង្គ​តុក្កតា​គំនូរ​ជីវចល​ក្មេង​ស្រី​​ដ៏​គួរ​ឲ្យ​ស្រឡាញ់​​ម្នាក់​បាន​ផុស​ឡើង​នៅ​លើ​កណ្ដាល​​វេទិកា ហាក់​​ដូច​ជា​​វេទមន្ដ​សិល្ប៍សាស្រ្ត​ក្នុង​​ព្រេង​បុរាណ​ខ្មែរ​ នៅ​ចំពោះ​មុខ​រដ្ឋមន្ដ្រី​​ក្រសួង​អប់រំ និង​អតីត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក។

គំនូរ​ជីវចល​ក្មេង​ស្រី​រំលេច​សក់​វែង​ខ្មៅ​រលោង ភ្នែក​មូល​ក្រឡង់​ ទំនង​ជា​​អាយុ​ជាង ១០ ឆ្នាំ​​រូប​នេះ​​និយាយ​ស្វាគមន៍​ថា​ «​សួស្ដី​ខ្ញុំ​ឈ្មោះ រចនា ហើយ​ខ្ញុំ​ជា​តំណាង​និម្មិត​​ (Virtual Ambassador) ក្នុង​កម្មវិធី​ Technovation ....។ កុំភ្លេច​ចូលរួម​ជាមួយ​ខ្ញុំ​នៅ​ក្នុង season ក្រោយ»។

រូបភាព​និម្មិត​ផុស​ក្នុងលម្ហ ​ជា​បច្ចេកវិទ្យា​ហូឡូក្រាម​នេះ​ ដែល​ទំនង​ជា​ទម្រង់​ថ្មី​មួយ​នៅ​កម្ពុជា បាន​ទទួល​​ការ​ចាប់​​​អារម្មណ៍​ពី​អ្នក​ចូលរួម ក៏​ដូច​ជា​​រដ្ឋមន្ដ្រី និង​ឯកអគ្គរដ្ឋ​​ទូត​កោត​សរសើរ​​​​ចំពោះ​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​ហូឡូក្រាម​​​ណែនាំ​គម្រោង ‘I Am Rachana!’។

កញ្ញា ឃួន សុវណ្ណវត្ដី ជា​អតីត​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​របស់​ Development Innovation (DI) បាន​ឲ្យ​ដឹង​ថា​៖​ «​ពេល​នោះ ខ្ញុំ​មើល​ឃើញ​ថា វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ ដោយសារ​វា​ថ្មី​ប្លែក អត់​ទាន់​មាន​នរណា​គេ​បង្ហាញ​បច្ចេកវិទ្យា​ហូឡូក្រាម​បែប​ធំ​ក្នុង​កម្មវិធី​បែប​នេះ​ពី​មុន​មក​ដែរ។ តា វីលៀម ក៏​បាន​ប្រាប់​ខ្ញុំ​ថា ‘Your Rachana is cool!'' តែ​ពេល​នោះ អត់​មាន​អ្នក​យល់​ពី concept ហូឡូក្រាម​ទេ។ ហេតុ​អ្វី​បាន​យើង​ធ្វើ​ហូឡូក្រាម​អ៊ីចឹង? ណា​មួយ​ទៀត concept ‘I Am Rachana!’កូន​ស្រី​នេះ ពិត​ជា​ cool ស្រាប់»​។

ការ​រចនា​​បច្ចេកវិទ្យា ហូឡូក្រាម​នេះ បំណង​ណែនាំ​​អ្នក​តំណាង​និម្មិត​ឌីជីថល​ (Digital Role Model) ​និង​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​ស្ដ្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​គម្រោង​មួយ​ឈ្មោះ I Am Rachana! ក្នុង​ឆ្នាំ ​២០១៨​។

យុវតី​អាយុ ២៣ ឆ្នាំ កញ្ញា សុវណ្ណវត្ដី បាន​និយាយ​ថា​៖ «កាល​​នោះ ខ្ញុំ​អ្នក​កាន់​គម្រោង​ I Am Rachana! ហើយ​គេ​ឲ្យ​ស្រាវជ្រាវ​អំពី​គម្រោង​នេះ តែ​​មិន​ស៊ី​ជម្រៅ​អី​ប៉ុន្មាន​ទេ ដោយសារ​យើង​មាន​រយៈពេល​ខ្លី​ត្រឹម ​១​ ឬ ២ ​ខែ​។ ខ្ញុំ​ត្រូវ​បង្ហាញ​នៅ​ចំពោះ​មុខ​ឯកឧត្ដម​ ហង់ ជួន​ណារ៉ុន និង​ឯកអគ្គរដ្ឋ​ទូត​អាមេរិក លោក វីលៀម។ ខ្ញុំ​ប្រើ​ទូរទស្សន៍ ៦០ អ៊ិញ និង​កាត់​កញ្ចក់​ធំ​ដាក់​លើ​ឆាក​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ឃើញ​ ​​ក្នុង​កម្មវិធី Technovation National Pitch ដែល​មាន​អ្នក​ចូលរួម ៥០០ នាក់​»។

ដោយ​ក្ដី​ស្រឡាញ់​គម្រោង ''I Am Rachana!'' កញ្ញា វត្ដី ស្ម័គ្រ​ចិត្ដ​ដឹក​នាំ​ក្រុម និង​ចង់​បង្ហាញ​គម្រោង​របស់​ខ្លួន ​ដើម្បី​បង្កើត​ភាព​ទាក់​ទាញ​ក្នុង​នាម​ជា​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​ចំពោះ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។

កញ្ញា​បន្ដ​ថា​៖ «​គ្រាន់​តែ​ដើម្បី​យល់​ពី​ concept វា ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ដល់ ២ ទៅ ៣ សប្ដាហ៍​​ ដោយសារ​ខ្ញុំ​ត្រូវ run campaign ផង ​និង​ស្រាវជ្រាវ​អា​នេះ​ផង ហើយ​​គម្រោង I Am Rachana! នេះ ត្រូវ​ដំឡើង ​ជា​រូបរាង​ប្រភេទ 3D ដែល​ត្រូវ​រង់ចាំ​អ្នក​ជំនាញ​ផលិត​។ តែ​បើ​ឈាន​ដល់​ការ​អនុវត្ដ​ ការ​បង្កើត​ហូឡូក្រាម ពិត​ជា​ស្រួល​មែន​ទែន​។ យើង​គ្រាន់​តែ​កាត់​ប្លាស្ទិក​ថ្លា​រាង​ពីរ៉ាមីត​ ដាក់​ផ្កាប់​ពីរ៉ាមីត​ចុះ​លើ​ស្មាត​ហ្វូន រួច​យើង​បញ្ចាំង​វីដេអូ​ នោះ​ជា​ការ​ស្រេច»​។

តាម​របាយការណ៍​របស់ ​Development Innovations និង​ USAID ចុះ​ផ្សាយ​ក្នុង​ឆ្នាំ ​២០១៨ បាន​បង្ហាញ​ថា សិស្ស​ស្រី​កម្ពុជា​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​​ចាប់​យក​មុខ​វិជ្ជា និង​ជំនាញ​ព័ត៌មានវិទ្យា​តែ ៨,៥ ភាគរយ​។ ​

យុវតី​ដែល​ស្រឡាញ់​ជំនាញ​បច្ចេកវិទ្យា​ដោះ​ស្រាយ​បញ្ហា​សង្គម​រូប​នេះ បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ថា ​ការ​ចូលរួម​របស់​ក្មេង​ស្រី​នៅ​ក្នុង​បច្ចេកវិទ្យា វា​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ​ គេ​រក​ឃើញ​មូល​ហេតុ​មួយ​ ដែល​ថា ក្មេង​ស្រី​​​​មិន​មាន​អ្នក​តំណាង ​(Role Model) ក្នុង​វិស័យ​​នេះ​។

អតីត​និស្សិត​​​វិទ្យាសាស្ដ្រ​​កុំព្យូទ័រ​រូប​នេះ ​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «ខ្ញុំ​បាន​ជួប​ក្មេង​​ស្រី​​មួយ​ចំនួន និង​បាន​សាកសួរ​ពួក​គាត់​ថា តើ​ចរិត​ក្មេង​ស្រី​នៅ​ក្នុង​វិស័យ​តិចណូឡូជី​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​រក​ឃើញ​ថា គាត់​មាន​ចរិត fun មាន​ការ​លេង​សើច​ច្រើន និង​ចូល​ចិត្ដ​សិក្សា​ស្រាវជ្រាវ​។ ដូច្នេះ team យើង​បង្កើត​ profile គាត់​មួយ​មក​ ដែល​មាន​អាយុ​ប្រហែល ១៣ ឆ្នាំ​ ចន្លោះ [១០​ ទៅ ១៨ ឆ្នាំ ​តាម​លក្ខខណ្ឌ ​Technovation ] ហើយ​យើង​បង្កើត​ចលនា​អាកប្បកិរិយា​របស់​គាត់ (Rachana)»។

តុក្កតា​គំនូរ​ជីវចល​លើក​តម្លៃ​​ស្ដ្រី​ក្នុង​វិស័យតិច​ណូឡូជី​ ''I Am Rachana!''​ តាមរយៈ​​ហូឡូក្រាម មានរយៈ​ពេល​ត្រឹម ៣០ វិនាទី ជា​ជំហាន​ដំបូង​ក្នុង ការ​ផ្សព្វផ្សាយ និង​លើក​ទឹក​ចិត្ដ​​ដល់​ក្មេង​ស្រី​កម្ពុជា​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​។

កញ្ញា ឃួន សុវណ្ណវត្ដី បាន​ឲ្យ​​ដឹង​ថា​៖ «​យើង​ព្យាយាម​រិះរក​វិធី​នានា​ដើម្បី​ empower ក្មេង​ៗ និង​មនុស្ស​ស្រី​​ក្នុង​វិស័យ​តិចណូឡូជី​ឲ្យ​កាន់​តែ​សកម្ម ហើយ​ដំបូង ពេល​ខ្ញុំ​​នៅ​ជា young innovator Development Innovation រយៈពេល ៦ ខែ ខ្ញុំ​ធ្វើ​ហូឡូក្រាម និង​បង្កើត​ផេក ​''I Am Rachana!'' ហើយ​ពេល​នេះ team បាន​បង្កើត comic book និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ដូច​គ្នា។ នៅ​ជំហាន​បន្ទាប់ យើង​ប្រហែល​ជា​តុក្កតា ឬ​ភាពយន្ដ​អី​តទៅ​មុខ​ទៀត​»។

ក្រៅ​ពី​ដើរ​តួ​សំខាន់​ក្នុង​ការ​បង្កើត​តួអង្គ​តំណាង​និម្មិត​​ក្មេង​ស្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា កញ្ញា បាន​ប្រាប់​ថា ភាគ​ច្រើន​ គេ​ប្រើ​បច្ចេកវិទ្យា​ហូឡូក្រាម​ ដោយ​វា​ផ្ដល់​​អត្ថ​ប្រយោជន៍​អាច​រំលេច​នូវ​រូបភាព ឬ​វីដេអូ​ប្រភេទ​​ 3D ក្នុង​លម្ហ ហើយ​​នៅ​កន្លែង​ខ្លះ គេ​ប្រើ​វា​ក្នុង​សារមន្ទីរ​។

កញ្ញា វត្ដី បាន​ពន្យល់​​ថា​៖ «ឧទាករណ៍​ថា Albert Einstein គាត់​ស្លាប់​បាត់​ហើយ តែ​ចង់​បាន​ទិដ្ឋភាព​គាត់​អង្គុយ​និយាយ​ពី​មេរៀន​អ្វី​មួយ​ បច្ចេកវិទ្យា​ហូឡូក្រាម អាច​ជួយ​យើង​ឲ្យ​អ្នក​មើល​មាន​អារម្មណ៍​ទំនាក់​ទំនង​ជាមួយ Einstein ​បី​ដូច​ជា​រូប​​លោក​នៅ​មាន​ជីវិត​ដែរ​​»៕