ក្រុងអូតាវ៉ា: បើ​ម៉ូដែល​ស្ព័រ Ford GT នៅ​មិន​ទាន់​ផ្គាប់​ចិត្ដ​របស់​អ្នក អ៊ីចឹង Ford ក៏​បាន​បន្ថែម​នូវ​សមាជិក​កំពូល​រថយន្ដ​ដោយ​ការបើក​សម្ពោធ​វត្ដមាន​កេរដំណែល​វិសេស (Heritage Edition) ថ្មី​ដោយ​ការប្រើ​ពណ៌​ខៀវ​ផ្ទៃមេឃ និង​ទឹកក្រូច​ស្រោប​លើ GT​។

វា​មិន​ត្រឹម​តែ​ជា​ការរំឭក​ដល់​ម៉ូដែល​ចាស់​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦៨ និង​ឆ្នាំ​ ១៩៦៩ លើ​ទីលាន​ប្រណាំង​រថយន្ដ Le Mans 24 Hours ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​រំលេច​នូវ​រូបរាង​កំពូល​រថយន្ដ​ដោយ​ការប្រើ​ពណ៌​ខៀវ​ផ្ទៃមេឃ និង​ទឹកក្រូច​ថែម​ទៀត​ផង​។

សម្រាប់​អ្នក​ដែល​អត់​ដឹង​រថយន្ដ​ប្រណាំង GT40 ដែល​ក្រុមហ៊ុន Ford ប្រើពេល​ល្បី​នៅ​ក្រុង Le Mans រយៈពេល ២ ​ឆ្នាំ​ក៏​មាន​ពណ៌​ទឹកក្រូច​ឆ្អិនឆ្អៅ​នេះ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ពណ៌​ជ័យជម្នះ​។

ជាមួយ​ម៉ាស៊ីន​ទែរបូភ្លោះ V6 ចំណុះ ៣,៥ ​លីត្រ​ដែល​ផលិត​ថាមពល ៦៤៧ ​សេះ និង​កម្លាំង​បង្វិល ៥៥០ ​ផោនហ្វ៊ីត កំពូល​រថយន្ដ​ស្ព័រ​មួយ​នេះ​អាច​បង្កើន​សម្ទុះ​ល្បឿន​ពី ០ ទៅ ១០០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ត្រឹម​ថិរវេលា​ប្រហែល ៣ ​វិនាទី​មុន​ពេល​វា​កើន​ល្បឿន​កំពូល​ដល់ ៣៥០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​។

តួ​ពីក្រោយ​មាន​ពណ៌​ផ្ទៃមេឃ​លាយ​ខ្មៅ និង​ទឹកក្រូច​។ រូបថត AFP

ទោះបី​ជា​ក្រុមហ៊ុន Ford មិន​បាន​ប្រាប់​ថា​ខ្លួន​ផលិត​ម៉ូដែល Ford GT Heritage Edition ប៉ុន្មាន​គ្រឿង​ក៏ដោយ ក៏​រថយន្ដ​នីមួយៗ​ដែល​ផលិត​ចេញពី​រោងចក្រ​ស្ថិត​នៅក្នុង​ទីក្រុង​អុនតារីយ៉ូ ទឹកដី​កាណាដា​នឹង​មាន​ស្លាក​លេខ​សម្គាល់​យ៉ាង​ពិសេស (​សម្រាប់​ទឹកដី​អាមេរិក​) ដែល​បង្ហាញ​ពី​ចំនួន​លេខ​រៀង​របស់​រថយន្ដ​។ ប៉ុន្ដែ​តម្លៃ​ក៏​មិន​ថោក​ដែរ​។

ព័ត៌មាន​លម្អិត​អំពី​តម្លៃ​នៅ​មិន​ទាន់​លាតត្រដាង តែ​មិន​រំពឹង​ថា​ម៉ូដែល Ford GT Heritage Edition នឹង​ត្រូវ​លក់​ក្រោម​តម្លៃ ៤៥ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​គ្រឿង​សម្រាប់​ម៉ូដែល​ស្ដង់ដា​ឡើយ ហើយ​វា​ទំនង​ជា​មាន​តម្លៃ​ជាក់លាក់​ប្រមាណ ៥០ ​ម៉ឺន​ដុល្លារ​សម្រាប់​ពណ៌​ទឹកក្រូច (Gulf Oil)​។

កំពូល​រថយន្ដ​រចនា​ម៉ូដ​បែប​ Ford GT Heritage Edition អតីតកាល​នេះ​ស្ថិត​នៅ​កំពូល​តារាង​នៃ​ការ​ដាក់លក់​ដេញ​ថ្លៃ​សប្បុរសធម៌ Scottsdale ដោយ​ក្រុមហ៊ុន Barrett-Jackson​។ Ford GT Heritage Edition ឆ្នាំ​ ២០១៩ ដំបូង​រំលេច​ពណ៌​ទឹកក្រូច​ពិសេស (Gulf Oil) នឹង​មាន​តម្លៃ ២,៥ ​លាន​ដុល្លារ​។

នាយក​ប្រតិបត្ដិ​សកល​របស់ Ford លោក ចូ ហ៊ីនរីចស៍ ដែល​បាន​បើកបរ​លើ​វេទិកា​ជាមួយ​វេជ្ជបណ្ឌិត អគ្គនាយក​សប្បុរសធម៌ Darienne Driver ឲ្យ​ដឹងថា​៖ «​ឱកាស​ក្លាយ​ជា​ម្ចាស់ Ford GT Heritage Edition ឆ្នាំ​ ២០១៩ ដំបូង​គេ ដែល​មាន​ពណ៌​ពិសេស​គឺជា​ឱកាស​ដ៏ពិសេស​ក្នុង​ឆាកជីវិត​»៕ HR