ក្រុងញូវយ៉ក: កសិដ្ឋាន​ប៊្លូប៊ឺរី នៅ​រដ្ឋ​ Oregon បាន​ជួប​នូវ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ហ្វូន​បក្សី​លួច​ដំណាំ​រហូត​ដល់ ២៥ ភាគរយ​នៃ​ទិន្នផល ហើយ​ឆ្នាំ​មុន​ពួកគេ​ដោះស្រាយ​បញ្ហា​ដោយ​ការប្រើ​បច្ចេកវិទ្យា​ច្នៃ​យ៉ាង​វិសេស​។

នៅ​ដើមរដូវ​នៃ​ការដាំ​ប៊្លូប៊ឺរី​កសិដ្ឋាន​បាន​ដំឡើង 6 Agrilaser Autonomics កាំភ្លើង​ឡាស៊ែរ​ស្វ័យប្រវត្ដិ​ដែល​បំពាក់​លើ​បង្គោល​ទម្រ​។ កាំភ្លើង​ឡាស៊ែរ​ទាំង​នេះ​បាញ់​ភ្លើងពណ៌​បៃតង​កាត់​ដំណាំ​។ បក្សី​ទំនង​ជា​មាន​ការភាន់ច្រឡំ​ភ្លើង​ឡាស៊ែរ​ជាមួយ​វត្ដមាន​សត្រូវ ហើយ​នឹង​ហើរ​ចេញ​ភ្លាមៗ​។

ក្រុមហ៊ុន Bird Control Group បាន​អះអាង​ថា​បច្ចេកវិទ្យា​របស់​ខ្លួន​បាន​កាត់បន្ថយ​ចំនួន​បក្សី​លើ​កសិដ្ឋាន​រហូត​ដល់ ៩៩ ភាគរយ​។ ម្ចាស់​កសិដ្ឋាន​ជឿថា ឡាស៊ែរ​បាន​សង្គ្រោះ​ដំណាំ​របស់​ខ្លួន​ជាង ២៦ ម៉ឺន​គីឡូក្រាម​ដែល​មាន​តម្លៃ​ជិត ១០ ​ម៉ឺន​ដុល្លារ​។

ឡាស៊ែរ​នេះ​ត្រូវការ​ពេល​ផលិត ៤ ឆ្នាំ​ក្រោយ​ពី​បាន​ធ្វើ​តេស្ដ​ពណ៌​ផ្សេងៗ ប្រវែង​រលកសញ្ញា និង​ទំហំ​នៃ​ពន្លឺ​។ ពួកគេ​សម្រេច​រើស​យក​ពន្លឺ​ពណ៌​បៃតង​ធំ និង​ប្រើ​រនាំង​បាំង​ពន្លឺ​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​។

លោក Steinar Henskes ជា​អគ្គនាយក​បាន​និយាយ​ថា​៖ «​យើង​បាន​សិក្សា​ពី​អានុភាព​នូវ​អ្វី​ដែល​យើង​បាន​ហៅ​កាំរស្មីឡាស៊ែរ​ក្នុង​ការជួយ​បណ្ដេញ​ហ្វូងបក្សី​»​។

ចំណុច​អវិជ្ជមាន​គឺ​តម្លៃ ១ ម៉ឺន​ដុល្លារ​ហើយ​តាម​កន្លែង​ភាគច្រើន​ត្រូវការ​លើសពី​ ១ ​គ្រឿង​។ វា​ក៏​នៅ​មិន​ទាន់​អាច​បែងចែក​អម្បូរ​បក្សី​ផ្សេងៗ​ដែរ តែ​សព្វថ្ងៃ​កសិដ្ឋាន​ជាង ១០០ ​កន្លែង​នៅ​អាមេរិក​បាន​ប្រើ​បច្ចេកវិទ្យា​នេះ​ និង​បន្ត​កើនឡើង​ជា​ហូរហែ​៕ HR