ក្រុងហ្វ្រេងហ្វឺត៖ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​បាន​ដក​ខ្លួន​ពី​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ដ៏​ធំ IAA Car Show នៅ​ទីក្រុង​ហ្វ្រេងហ្វឺត ប្រទេស ​អាល្លឺម៉ង់​ ក្រោម​បរិយាកាស​​មាន​ក្បួន​បាតុកម្ម​​​​ជុំវិញ​បញ្ហា​បំពុល​បរិយាកាស​ ពិព័រណ៍​​ដែល​នឹង​បើក​ទ្វារ​ស្វាគមន៍​សាធារណជន​នៅ​ថ្ងៃទី ១២ ខែ ​កញ្ញា ​នេះ បាន​រំលេច​វត្តមាន ​Lamborghini ​​ម៉ូដែល​ថ្មី​ចុង​ក្រោយ​ ​​ជា​ប្រវត្ដិសាស្ដ្រ​របស់​ក្រុមហ៊ុន​ ដោយ​​រថយន្ដ​អ៊ីតាលី​និមិត្ត​រូប​នេះ​ប្រើ​បច្ចេកវិទ្យា​កូន​កាត់​ជា​លើក​ដំបូង​។

Lamborghini Sian ស៊េរី limited-edition បំពាក់​ម៉ាស៊ីន V12 ចំណុះ​ ៦,៥ លីត្រ រួម​ជាមួយ​ថាមពល​អគ្គិសនី​ ដែល​ផលិត​អានុភាព​កម្លាំង ជាង ៨០០ សេះ​។

ក្រុមហ៊ុន​បាន​អះអាង​ថា កំពូល​រថយន្ដ​នេះ​មាន​ល្បឿន​លឿន​បំផុត​ដោយ​មាន​សម្ទុះ​ពី ០ ទៅ ១០០ ប្រើ​ថិរវេលា​ទាប​ជាង ២,៨ វិនាទី​។

ល្បឿន​កំពូល​នៅ​មិន​ទាន់​ត្រូវ​បាន​លាត​ត្រដាង តែ​ក្រុមហ៊ុន​ផលិត​កំពូល​រថយន្ដ​នេះ​បាន​អះអាង​ថា វា​អាច​មាន​ល្បឿន​ ៣៥០ គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង​។ វា​មាន​ឈ្មោះ​ថា Lamborghini Sian ដែល​មាន​ន័យ​ថា ពន្លឺ​ដ៏​ចិញ្ចែង​ចិញ្ចាច​ ដោយ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា វា​ត្រូវ​បាន​ប្រើ​ជា​និមិត្តរូប​ជំហាន​ដំបូង​ក្នុង​ការ​ឈាន​ចូល​ទីផ្សារ​រថយន្ដ​អគ្គិសនី​។

លោក ​Stefano Dominicalli អគ្គនាយក​ និង​ជា​នាយក​ប្រតិបត្ដិ​ Lamborghini បាន​និយាយ​ថា៖ «ម៉ូដែល Sian តំណាង​ឲ្យ​និមិត្តរូប​ដំបូង​របស់​ក្រុមហ៊ុន​ក្នុង​ឧស្សាហកម្ម​អគ្គិសនី​ និង​តំណាង​ឲ្យ​ជំនាន់​ថ្មី​នៃ​ប្រភេទ​ម៉ាស៊ីន V12»។

រថយន្ដ​នេះ​ប្រើ​បច្ចេកវិទ្យា​អគ្គិសនី supercapacitor ដែល​ត្រូវ​បាន​អះអាង​ថា វា​មាន​ថាមពល​ខ្លាំង​ជាង​អាគុយ​ទម្ងន់​ប៉ុន​គ្នា ៣ ដង​។ អាគុយ​នេះ​នឹង​ផលិត​ថាមពល​អគ្គិសនី ៤៨ វ៉ុល ​ដើម្បី​ផ្ដល់​កម្លាំង ៣៤ សេះ ​ក្នុង​ការ​ជួយ​បង្កើន​សមត្ថភាព​ម៉ាស៊ីន​។

ចំពោះ​រូប​រាង​ខាង​ក្រៅ Sian មាន​រូប​ឆោម​ស្រស់​ស្អាត​ ដែល​យក​លំនាំ​តាម​ម៉ូដែល​ចាស់ Aventador និង​បន្ថែម​រចនា​ប័ទ្ម​​​សតវត្សរ៍ទី ២១​។

នៅ​មាន​លក្ខណ​ពិសេស​មួយ​ចំនួន​ទៀត រួម​មាន ស្លាប​ខ្យល់ និង​ឧបករណ៍​កម្ដៅ​វៃ​ឆ្លាត។

តួ​ខ្លួន​ស្រោប​ស្បែក​ក្រែប​ និង​អំពូល​ភ្លើង​រាង​ស្លីម​ក៏​រំលេច​នូវ​ភាព​ស្រស់​ស្អាត​ចំពោះ​រូបរាង​របស់​វា​ផង​ដែរ​។ ចំពោះ​បរិក្ខារ​ផ្ទៃ​ក្នុង អេក្រង់​ថាច់​ស្គ្រីន​ត្រូវ​បាន​ដំឡើង​នៅ​ចំ​កណ្ដាល​តាប្លូ ​ខណៈ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា 3D ត្រូវ​បាន​ប្រើ​លើ​ម៉ូដែល​នេះ​ជា​លើក​ដំបូង​។

ទោះបី​ជា​តម្លៃ​ខ្ពស់​ញាក់​សាច់​ដល់​ទៅ ​៣,៧ លាន​ដុល្លារ តែ​​រថយន្ដ​ទាំង ៦៣ គ្រឿង ​ត្រូវ​បាន​លក់​ដាច់​អស់​ ​មុន​ថ្ងៃ​ពិព័រណ៍​​នេះ​ទៅ​ទៀត​៕ HR