ក្រុងឡុងដ៍: ក្រុម​អ្នកវិទ្យាសាស្ដ្រ​កាលពី​ថ្ងៃ​អង្គារ​បាន​លាតត្រដាង​ថា ពួកគេ​នឹកឃើញ​បង្កើត​អណ្ដាត​សិប្បនិម្មិត​ដែល​អាច​បែងចែក​រសជាតិ​ស្រាវីស្គី​យ៉ាង​ល្អិតល្អន់​។

ក្រុម​អ្នកជំនាញ​មកពី​សាកល​វិទ្យាល័យ Glasgow បាន​ផលិត​ឧបករណ៍​ភ្លក្ស​រសជាតិ​ដ៏តូច​ដែល​អាច​បែងចែក​ភាពខុស​គ្នា​រវាង​ស្រាវីស្គី​យីហោ​តែ​មួយ ដែល​អប់​ក្នុង​ធុង​ដទៃ​ដោយ​មាន​កម្រិត​ត្រឹមត្រូវ ៩៩ ​ភាគរយ​។

វា​ក៏​អាច​បែងចែក​រវាង​វីស្គី​អាយុ ១២ ​ឆ្នាំ និង ១៥ ព្រម​ទាំង ១៨ ​ឆ្នាំ​។ បច្ចេកវិទ្យា​អាច​បញ្ជាក់​ពី​ការប្រើប្រាស់​សមាសធាតុ​គីមី​ខុសៗ​គ្នា ដើម្បី​អប់​គ្រឿង​ត្រាំ​ស្រាវីស្គី​ផង​ដែរ​។

អណ្ដាត​សិប្បនិម្មិត​មិន​ត្រឹម​តែ​ត្រូវបាន​ប្រើ​សម្រាប់​គ្រប់គ្រង​គុណភាព​ស្រា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំនួញ​ផលិតផល​ស្រា​ក្លែងក្លាយ ពីព្រោះ​វា​អាច​វិភាគ​ឃើញ​ស្រាវីស្គី​ថ្លៃៗ​មួយ​ចំនួន​ជា​ផលិតផល​បន្លំ​។

Alasdair Clark មកពី​មហាវិទ្យាល័យ​វិស្វកម្ម​នៃ​សាកលវិទ្យាល័យ Glasgow បាន​ឲ្យ​ដឹងថា​៖ «​យើង​ហៅ​វា​ថា អណ្ដាត​សិប្បនិម្មិត​ពីព្រោះ​វា​ដើរ​តួនាទី​ជំនួស​អណ្ដាត​មនុស្ស​។ ខុសពី​មនុស្ស​មិន​អាច​កំណត់​ឃើញ​សារ​ធាតុគីមី​នីមួយៗ ធ្វើ​ឲ្យ​កាហ្វេ​មាន​រសជាតិ​ខុសពី​ទឹក​ប៉ោម​ឡើយ តែ​វា​អាច​ប្រាប់​ពី​ភាព​ខុសគ្នា​រវាង​ល្បាយ​គីមី​ទាំងនោះ​យ៉ាង​ងាយ​»​។

ស្រាវីស្គី​ត្រូវ​បាន​បន្ដក់​លើ​បន្ទះ​មាស​ដ៏តូច និង​អាលុយមីញ៉ូម​ដែល​ដើរតួនាទី​ជា​អ្នក​ភ្លក្ស​រសជាតិ ហើយ​ក្រុម​អ្នកស្រាវជ្រាវ​វាស់ស្ទង់​ពី​របៀប​ដែល​វា​ស្រូប​ពន្លឺ​។ បម្រែបម្រួល​ពណ៌​តិចតួច​ក្នុង​បន្ទះ​មាស និង​អាលុយមីញ៉ូម ត្រូវ​បាន​សន្មត​ថា​បាន​បង្កើត​គំរូ​រសជាតិ​នីមួយៗ​។

Clark បាន​លើកឡើង​ថា​៖ «​ក្រៅពី​អាច​បែងចែក​ស្រា​ក្លែងក្លាយ អណ្ដាត​សិប្បនិម្មិត​ត្រូវ​បាន​ប្រើ​ក្នុង​ការភ្លក្ស​អាហារ​សុវត្ថិភាព គ្រប់គ្រង​គុណភាព និង​សន្ដិសុខ​ផង​ដែរ​»៕ HR