ភ្នំពេញ៖ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយបន្លែផ្លែឈើ ដែលសល់ពីការលក់ ឬការប្រមូលផល អតីតនិស្សិតមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ហុង សុត បានចំណាយពេលជាង ១ ឆ្នាំស្រាវជ្រាវ និងផលិតឧបករណ៍ក្លាស្សេបន្លែផ្លែឈើ។
ជាមួយសីតុណ្ណភាពត្រជាក់ធ្វើឲ្យកសិផលទុកបានយូរ បន្ទប់ក្លាសេ្សធំទូលាយអាចដោះស្រាយវិបត្តិរបស់អាជីវករ និងកសិករពីការបង្ខំចិត្តបោះចោលបន្លែផ្លែឈើដោយអសារបង់ ព្រមទាំងរក្សាសុវត្ថិភាព និងគុណភាពបន្លែសម្រាប់អ្នកបរិភោគថែមទៀត។
លោក ហុង សុត ជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងកសិកម្មបានឲ្យដឹងថា៖ «ខ្ញុំចង់ជួយអាជីវករ និងកសិករដើម្បីដោះស្រាយបញ្ហា បន្លែផ្លែឈើ សល់ខូចពីការលក់មិនដាច់ និងបញ្ហាបន្លែអន់គុណភាព បន្ទាប់ពីប្រមូលផល ព្រោះខ្ញុំសម្លឹងឃើញថា បញ្ហានេះនឹងបង្កឲ្យផលិតកម្មបន្លែផ្លែឈើក្នុងស្រុកមានការថយចុះព្រោះ មិនមានបច្ចេកទេសត្រឹមត្រូវក្នុងការរក្សាកសិផល»។
ដោយមានជំនួយឧបត្ថម្ភពីហាងលក់បន្លែ ១ កន្លែងនៅរាជធានីភ្នំពេញ លោកបានបញ្ចេញកម្លាំងពលកម្ម និងបច្ចេកទេសដំឡើង ក្រោយពីធ្វើការសិក្សាស្រាវជ្រាវរយៈពេលជាង ១ ឆ្នាំជាងក្រោយ ទើបការពិសោធនេះទទួលបានជោគជ័យ។
បុរសវ័យ ៣០ ឆ្នាំរូបនេះ បានប្រាប់ថា លោកចំណាយពេល ១០ ថ្ងៃ ជាមួយក្រុមការងារ ៥ នាក់ ដើម្បីដំឡើងបន្ទប់ក្លាស្សេមួយ មានទទឹង ២,៥ ម៉ែត្រ បណ្តាយ ៤ ម៉ែត្រ និងកម្ពស់ ២ ម៉ែត្រ។
ផលិតឡើងពីដែក ប្រព័ន្ធអ៊ីសូឡង់ និងប្រព័ន្ធស្នោមានគុណភាពខ្ពស់ បន្ទប់ក្លាស្សេធំទូលាយ មានបំពាក់ឧបករណ៍បញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិ។ វាមានសមត្ថភាពអាចស្តុកបន្លែបានពី ៦០០ ទៅ ១ ០០០ គីឡូក្រាម និងផ្លែឈើពី ៨ ទៅ ១២ តោន ដោយរក្សាគុណឲ្យនៅស្រស់បានរយៈពេលពី ៥ ទៅ ៧ ថ្ងៃ។
ការរក្សាបន្លែស្លឹក ត្រូវការសីតុណ្ហភាពចាប់ពី ៥ ទៅ ៨ អង្សាសេ។ សីតុណ្ហភាពនេះអាចបង្កកកំណកទឹកសន្សើម ដែលមានលើបន្លែ តែមិនអាចធ្វើឲ្យបន្លែនេះកករឹង។ រីឯការក្លាស្សេផ្លែឈើ ទាមទារសីតុណ្ហភាពចន្លោះ ៤ ទៅ ៥ អង្សាសេ។
លោកក៏បានបញ្ជាក់ផងដែរថា តាមការពិសោធបច្ចុប្បន្ន បន្ទប់ក្លាស្សេនេះ នៅមិនមានសមត្ថភាពក្លាស្សេសាច់សត្វ ដែលត្រូវការសីតុណ្ហភាព ដក ១ អង្សាសេ (-1 C) នោះទេ។
សម្រាប់ការប្រើប្រាស់ថាមពល បន្ទប់ក្លាសេ្សទំហំដូចខាងលើ មានតម្លៃ ៥ ៥០០ ដុល្លារនេះ ប្រើថាមពល ១ ២០០ វ៉ាត់ក្នុង ១ ម៉ោង។
សព្វថ្ងៃមានក្រុមហ៊ុនកសិកម្ម ហាងលក់បន្លែផ្លែឈើ និងហាងលក់បន្លែសរីរាង្គ បានទាក់ទងវិស្វករកសិកម្មរូបនេះឲ្យទៅដំឡើងដល់ទីតាំង។ បន្ទប់ក្លាស្សេនេះក៏អាចត្រូវបានច្នៃខ្នាតទំហំ តម្រូវទៅតាមកន្លែងដែលត្រូវដំឡើងវាផងដែរ។
លោក ហុង សុត បានបន្តថា៖ «ជាធម្មតា បន្ទប់នេះអាចចាត់ទុកថាជាឧបករណ៍សម្រាប់ស្តុកបន្លែផ្លែឈើមួយប្រភេទ បន្ទាប់ពីឧបករណ៍ក្លាស្សេផ្សេងៗ ដែលគេនិយមប្រើនាពេលបច្ចុប្បន្ន ខុសប្លែកត្រង់ទូយើងអាចស្តុកកសិផលបានច្រើនបត់បែនតាមតម្រូវការ តែវាមិនអាចចល័តបានទេ»។
ចំពោះអត្ថប្រយោជន៍វិញ លោកបានលើកឡើងថា បន្ទប់ក្លាស្សេជួយពន្យារអាយុរបស់បន្លែ ផ្លែឈើ ធ្វើឲ្យអ្នកលក់អាចលក់បានច្រើនថ្ងៃ បន្លែផ្លែឈើដែលយកចេញពីទូក្លាស្សេនៅមានគុណភាពល្អ បរិភោគទៅមិនប៉ះពាល់សុខភាព ជួយពន្លឿនខ្សែចង្វាក់ផលិតកម្មក្នុងអាជីវកម្ម សន្សំសំចៃពេលវេលា និងថវិកា។

លោក ហុង សុត បានពន្យល់ថា៖ «ឧបមាថា ប្រសិនបើអ្នកទិញបន្លែម្តង ១ តោន អ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស តែហាងរបស់អ្នកមានលទ្ធភាពលក់អស់ ត្រឹមមួយថ្ងៃ ២០០ គីឡូ បន្លែដែលសល់អ្នកអាចយកមករក្សាទុកក្នុងបន្ទប់ក្លាស្សេបានតែម្តង ចំណេញជាងការប្រើប្រាស់ទូទឹកកក ច្រើនគ្រឿងសម្រាប់បន្លែ ៨០០ គីឡូ ដែលនៅសល់»។
ក្រៅពីជួយសម្រួលដល់អាជីវកម្មបន្ទប់ក្លាស្សេនេះអាចជួយកសិករ ដែលកំពុងប្រឈមបញ្ហា បន្លែរលួយ ក្រោយពេលប្រមូលផលផងដែរ។
លោក សុត ជាមន្ត្រីក្រសួងកសិកម្ម និងគ្រូបង្រៀនម្នាក់នៅមហាវិទ្យាល័យ ដែលខ្លួនធ្លាប់រៀន សំណូមពរក្រុមហ៊ុនវិនិយោគវិស័យកសិកម្មងាកមកជួយកសិករកម្ពុជា ដោះស្រាយបញ្ហាទៅលើការស្តុកទុក និងរក្សាគុណភាពបន្លែក្រោយពេលប្រមូលផលវិញ ដ្បិតកសិករពុំទាន់មានលទ្ធភាពទិញឧបករណ៍ប្រភេទនេះ យកទៅប្រើប្រាស់នៅឡើយ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បន្ទប់ក្លាសេ្សនេះ អាចដំឡើង និងប្រើប្រាស់បានទាំងក្នុងកសិដ្ឋាន និងសហគមន៍ដែលមានការប្រមូលផ្តុំបន្លែផ្លែឈើច្រើនពីកសិករ»។
លោកទទូចថា៖ «ក្រុមហ៊ុន ហាងលក់បន្លែផ្លែឈើ និងសហគមន៍កសិកម្ម គួរមានប្រព័ន្ធគ្រប់គ្រងបន្លែផ្លែឈើ ឲ្យបានត្រឹមត្រូវព្រោះប្រសិនបើគ្មានបច្ចេកវិទ្យា ក្នុងការស្តុកទុកបន្លែឲ្យសមស្របទេ បន្លែផ្លែឈើនឹងងាយខូច ស្អុយ រលួយ ហើយកសិករ និងអាជីវករនឹងខាតបង់ដូចគ្នា»។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុក Kasekor Chhlat៕