ភ្នំពេញ៖ ទំនោរដើរផ្សារនៅកម្ពុជាកំពុងតែមានការផ្លាស់ប្ដូរពីបែបផែននៃការឡើងផ្សារប្រពៃណី រហូតដល់ការទិញលក់តាមបណ្ដាញសង្គមហ្វេសប៊ុក និងថែមទាំងការបញ្ជាទិញតាមកម្មវិធីទូរស័ព្ទដៃ។ ថ្មីៗនេះ យុវវ័យកម្ពុជាកាន់តែចូលចិត្ដការទិញទំនិញដែលស្ថិតនៅលើបាតដៃទាំងស្រុង។
ដោយសារតែការទិញទំនិញអនឡាញភាគច្រើនត្រូវបានធ្វើឡើងតែលើក្រុមហ៊ុនអន្ដរជាតិ វាត្រូវចាយពេលដឹកជញ្ជូនជាច្រើនសប្ដាហ៍ ឬច្រើនខែ រួមជាមួយនឹងតម្លៃដឹកជញ្ជូនថែមទៀត។
កញ្ញា នី ស៊ីយ៉ា ជាអ្នកចូលចិត្ដទិញទំនិញតាមអនឡាញម្នាក់ ដោយកញ្ញាតែងតែទិញសម្ភារផ្ទះសំបែង គ្រឿងអេឡិចត្រូនិក រហូតដល់សៀវភៅនៅលើវេបសាយដែលភាគច្រើនជាក្រុមហ៊ុនចិន។ លើសពីនេះ ក្រុមហ៊ុនដទៃទៀត ដូចជា Amazon ជាក្រុមហ៊ុនលក់រាយយក្សរបស់អាមេរិក មិនមានសេវាកម្មដឹកជញ្ជូនផ្ទាល់នៅកម្ពុជា ដែលវាអាចត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារផ្សេងៗ។
កញ្ញា ស៊ីយ៉ា ជាបុគ្គលិកផ្នែកអភិវឌ្ឍវេបសាយនៅក្រុមហ៊ុនឯកជនមួយបាននិយាយថា៖ «បើខ្ញុំចង់ទិញអ្វីមួយពីវេបសាយ Amazon ដោយសារវាសម្បូរផលិតផលច្រើនសន្ធឹក ខ្ញុំត្រូវធ្វើវាតាមរយៈទីភ្នាក់ងារមួយទៀត ដែលគិតថ្លៃ ១០ ភាគរយ លើតម្លៃទំនិញក៏ដូចជា ថ្លៃសេវាកម្មដឹកជញ្ជូនថែមទៀត»។
ដើម្បីសម្រួល និងចំណាយពេលវេលានៃការដឹកជញ្ជូនដល់ដៃអតិថិជន សហគ្រិនវ័យក្មេង ២ នាក់ បានបង្កើតសេវាកម្មស្រដៀងនឹង Amazon ដែលផ្ដល់ភាពងាយស្រួល និងមិនស្មុគស្មាញដល់អតិថិជននៅកម្ពុជា ដោយមិនចាំបាច់រង់ចាំរហូតដល់រាប់សប្ដាហ៍ ឬរាប់ខែ។
លោក ធៀប សុវណ្ណរ៉េត ជាសហស្ថាបនិក Smile Shop បាននិយាយថា៖ «Amazon គឺជាគំរូដែល Smile Shop ព្យាយាមបោះជំហានតាម។ ដូចជា TMall របស់ Alibaba និង JD.com ក្រុមហ៊ុនអនឡាញ Smile Shop អនុញ្ញាតឲ្យអតិថិជនទិញទំនិញផលិតផលគុណភាពខ្ពស់ ធានាសេវាកម្មស្ដង់ដាជូនអតិថិជន រួមទាំងគោលការណ៍បង្វិលទំនិញក្នុងរយៈពេល ៧ ថ្ងៃ និងការផ្លាស់ប្ដូរទំនិញរយៈពេល ១៤ ថ្ងៃ»។
លោកបានឲ្យដឹងថា Smile Shop មិនត្រឹមតែផ្ដល់សេវាកម្មជូនអតិថិជនដល់មាត់ទ្វារប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយផ្សព្វផ្សាយ និងលក់ផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្ដរជាតិផងដែរ។
លោក សុវណ្ណារ៉េត បានបន្ដថា៖ «គោលដៅមួយផ្សេងទៀតរបស់ Smile Shop គឺលើកស្ទួយពាណិជ្ជកម្មអ្នកជំនួញក្នុងស្រុកដោយការដាក់លក់ផលិតផលរបស់ពួកគេលើទីផ្សារអន្ដរជាតិ ដូចជាក្រុមហ៊ុនម្រេចកំពត Sela Pepper និងក្រុមហ៊ុនផលិតអង្ករ Royal Mongkut ដែលអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់បណ្ដាប្រទេសនានា រួមទាំង ចិនតាមរយៈ Smile Shop»។
Smile Shop ហៅខ្លួនឯងថា «Amazon ខ្មែរ» ដែលបង្កើតឡើងដោយលោក ជេក លី និងលោក ធៀប សុវណ្ណារ៉េត នៅខែ តុលា ឆ្នាំ ២០១៨ បានផ្ដល់សេវាកម្មដឹកជញ្ជូនផលិតផលជាច្រើន រួមមានគ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ សៀវភៅ គ្រឿងសម្អាង ផលិតផលកសិកម្ម ដូចជា កាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។
លោក សុវណ្ណារ៉េត ដែលជានាយកប្រតិបត្ដិផងនោះ បានបន្តទៀតថា៖ «Smile Shop តែងតែបន្ថែមមុខទំនិញ ហើយអតិថិជនអាចកុម្ម៉ង់ផលិតផលពិសេសផ្សេងៗ ទោះអត់មានក្នុងតារាងនៃកម្មវិធីទូរស័ព្ទក៏ដោយ។ ផលិតផលដែលដាក់លក់ទាំងទំនិញក្នុងស្រុក និងនាំចូលពីបរទេស»។
លោកបាននិយាយថា Amazon គឺជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខ តែមិនងាយចូលកម្ពុជាឡើយ ដោយសារអត់មានសាខានៅកម្ពុជា ហើយអតិថិជនចង់ទិញទំនិញពី Amazon ត្រូវរង់ចាំជាច្រើនសប្ដាហ៍ក្នុងការដឹកជញ្ជូន និងថែមទាំងបង់ថ្លៃសេវាកម្មថែមទៀត។
លោកបានបន្ដថា៖ «Smile Shop ជាក្រុមហ៊ុនក្នុងស្រុក និងមានទំនុកចិត្ដ ក៏ដូចជាផ្ដល់ការដឹកជញ្ជូនរហ័សឥតបង់ថ្លៃត្រឹមតែ ២៤ ម៉ោងក្នុងក្រុងភ្នំពេញ។ នៅតាមបណ្ដាខេត្ដនានា ការដឹកជញ្ជូននឹងមិនលើសពី ៧២ ម៉ោងឡើយ។ សម្រាប់មូលហេតុទាំងនេះ Smile Shop គឺជាជម្រើសដ៏ប្រសើរសម្រាប់អតិថិជន»។
លោក សុវណ្ណារ៉េត បានពន្យល់ថា Smile Shop ផ្ដល់បទពិសោធងាយស្រួលចំពោះការទិញទំនិញ។
អតិថិជនគ្រាន់តែចុចមើលលើកម្មវិធីទូរស័ព្ទ រួចចុចយកផលិតផលដែលខ្លួនពេញចិត្ដ (មិនខុសពីការទិញទំនិញលើវេបសាយ Amazon) និងបញ្ចូលក្នុងរទេះ (cart)។
លោកបានបន្ថែមថា៖ «ពេលចាកចេញ អតិថិជនគ្រាន់តែជ្រើសវិធីនៃការបង់ប្រាក់ ទាំងការបង់តាមអនឡាញ ឬបង់ប្រាក់ពេលដឹកជញ្ជូនដល់ផ្ទះ»។
ក្រៅពីសម្រួលការទិញទំនិញរបស់អតិថិជន Smile Shop ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជនបរទេស ដែលរស់នៅ និងស្នាក់នៅកម្ពុជាយូរផងដែរ។ ពួកគេអាចកុម្ម៉ង់ទិញផលិតផលលើ Smile Shop និងទទួលទំនិញបានឆាប់រហ័ស។
លោកនិយាយថា៖ «ពេលនេះ ជនបរទេសនៅភ្នំពេញនៅបន្ដកុម្ម៉ង់ទំនិញតាម Amazon និងត្រូវរង់ចាំជាច្រើនសប្ដាហ៍ ខណៈក្រុមហ៊ុនក្នុងស្រុកដឹកជញ្ជូនមកឲ្យ។ Smile Shop ផ្លាស់ប្ដូរទម្លាប់នេះ និងកាត់បន្ថយការរង់ចាំរបស់អតិថិជនដោយការរង់ចាំមិនដល់មួយថ្ងៃផង»។
លោកអះអាងថា នាពេលអនាគត លោកមានគម្រោងអភិវឌ្ឍន៍ Smile Shop ក្លាយជា Super App រួមទាំងសេវាកម្ម Fintech Services និង Digital Life Services។ សម្រាប់ព័ត៌មានលម្អិត សុំចូលទៅកាន់ហ្វេសប៊ុក @smileshop.cambodia ឬវេបសាយ www.smileshop.club៕