ក្រុង​តូក្យូ: អារាម​ចំណាស់​ ៤០០ ឆ្នាំ ​មួយ​ក្នុង​ប្រទេស ​ជប៉ុន ​មាន​បំណង​ផលិត​រ៉ូបូត​ព្រះពុទ្ធ​សាសនា​ ដែល​នឹង​ផ្លាស់ប្ដូរ​មុខ​មាត់​សាសនា​ ទោះបី​ជា​ក្រុម​អ្នក​រិះគន់​ប្រៀប​ធៀប​រូប​រាង​របស់​ព្រះសង្ឃ​រ៉ូបូត​ទៅ​នឹង «​សត្វ​ចម្លែក​ យ៉ាង​ណា​ក៏​ដោយ​។

រ៉ូបូត Kannon ផ្ដោត​លើ​មេត្ដា​ករុណា​ធម៌ ផ្ដល់​ឱវាទ​ព្រះធម៌ នៅ​អារាម​កូដៃជិ ក្នុង​ទីក្រុង​តូក្យូ ​ហើយ​ព្រះសង្ឃ​មនុស្ស​បាន​សន្និដ្ឋាន​ថា​ជាមួយ​​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ថ្ងៃ​ណា​មួយ​វា​អាច​ទទួល​នូវ​ចំណេះ​ដឹង​គ្មាន​ដែន​កំណត់​។

ព្រះ​តេជគុណ ធេនស៊ុ ហ្គូតុ មាន​សង្ឃ​ដីកា​​ប្រាប់ AFP ថា​៖ «​រ៉ូបូត​នេះ​នឹង​មិន​សុគត​ ហើយ​​​បន្ដ​ធ្វើ​បច្ចុប្បន្នភាព​ និង​អភិវឌ្ឍ​រូបរាង​រហូត​។ ជាមួយ​បច្ចេកវិទ្យា​ AI យើង​​សង្ឃឹម​ថា វា​អាច​ជួយ​មនុស្ស​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​បំផុត​។ វា​ក៏​កំពុង​ផ្លាស់ប្ដូរ​ព្រះពុទ្ធ​សាសនា​ផង​ដែរ​»។

រ៉ូបូត​ប៉ុន​មនុស្ស​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​កាល​ពី​ដើម​ឆ្នាំ និង​អាច​ធ្វើ​ចលនា​ម្រាម​ដៃ​ជើង ដៃ និង​ព្រះ​កេស។ ប៉ុន្ដែ​មាន​តែ​​បរិវេណ​ដៃ​ មុខ និង​ស្មា​ប៉ុណ្ណោះ ដែល​ស្រោប​ស៊ីលីកូន​ជំនួស​ស្បែក​មនុស្ស​។

ព្រះសង្ឃ​យន្ត និង​ព្រះសង្ឃ​មនុស្ស ផ្ដល់​ឱវាទ​ដល់ពុទ្ធសាសនិក​។ រូបថត AFP

ព្រះសង្ឃ​រ៉ូបូត​ដែល​មាន​តម្លៃ​អភិវឌ្ឍន៍​ជិត ១ លាន​ដុល្លារ អាច​​​ប្រណម្យ​សំពះ​ និង​ផ្ដល់​ពុទ្ធឱវាទ​ក្នុង​សំឡេង​ស្រទន់​ បំណែក​គ្រឿង​ម៉ាស៊ីន​ដទៃ​ទៀត​ត្រូវ​បាន​មើល​ឃើញ​ច្បាស់​ក្រឡែត​។

លោក​បាន​និយាយ​ថា​៖ «​រ៉ូបូត​នេះ​បង្រៀន​យើង​ពី​វិធី​រម្ងាប់​ទុក្ខ​ ហើយ​ព្រះ​សង្ឃ​យន្ដ​អាច​ជួយ​អ្នក​ត្រូវ​ការ​ជំនួយ​ពី​ឱវាទ​ព្រះ​ផង​ដែរ​»។

ប៉ុន្តែ​ភ្ញៀវ​​​បស្ចិម​ប្រទេស​មិន​ពេញ​ចិត្ដ​ចំពោះ​រ៉ូបូត​សង្ឃ​ ដែល​អាច​ទាក់ទាញ​ទេសចរ​មក​​អារាម​​នេះ​ទេ​។

ពលរដ្ឋ​ជប៉ុន​មិន​ចេះ​តែ​វាយ​តម្លៃ​ប្រឆាំង​រ៉ូបូត​ ខណៈ​ពួក​គេ​​លើក​យក​រូបភាព​ក្នុង​សៀវភៅ​ ដែល​រ៉ូបូត​ក៏​ជា​មិត្ដ​សម្លាញ់​ជាមួយ​មនុស្ស​ផង​ដែរ​។ សាសនា​ព្រះ​ពុទ្ធ​មិន​ផ្ដោត​លើ​ជំនឿ​​បដិមា​​នោះ​ទេ។ វាជា​ការ​ស្វែង​យល់​ពី​គំរូ​របស់​ព្រះសម្មាសម្ពុទ្ធ​។

លោក​បាន​បន្ដ​ថា​៖ «​​វា​គ្មាន​បញ្ហា​ចោទ​ថា តើ​វា​ជា​គ្រឿង​ម៉ាស៊ីន​ ដុំ​ដែក ឬ​ដើម​ឈើ​នោះ​ទេ​»៕ AFP/HR